20. គឺគាត់ប្រាប់តាមត្រង់ ឥតមានលាក់អ្វីឡើយ ថា ខ្ញុំមិនមែនជាព្រះគ្រីស្ទទេ
21. នោះគេសួរថា ចុះលោកជាអ្នកណា ជាលោកអេលីយ៉ាឬអី នោះគាត់ឆ្លើយថា ទេ
22. ដូច្នេះ គេសួរគាត់ទៀតថា តើលោកជាអ្នកណាទៅវិញ លោកនឹងមានប្រសាសន៍ពីខ្លួនលោកដូចម្តេច ដើម្បីឲ្យយើងរាល់គ្នាបាននាំពាក្យទៅ ជំរាបដល់លោក ដែលចាត់ឲ្យយើងខ្ញុំមកផង
23. នោះគាត់ក៏ប្រាប់ថា ខ្ញុំជាសំឡេង ដែលបន្លឺឡើងនៅទីរហោស្ថានថា «ចូរដំរង់ផ្លូវថ្វាយព្រះអម្ចាស់» ដូចជាហោរាអេសាយបានទាយទុក
24. ឯពួកអ្នកដែលបានចាត់មកនោះ គេជាពួកផារិស៊ី
25. គេក៏សួរគាត់ថា បើលោកមិនមែនជាព្រះគ្រីស្ទ ឬលោកអេលីយ៉ា ឬហោរានោះទេ ចុះហេតុអ្វីបានជាលោកធ្វើបុណ្យជ្រមុជទឹកដូច្នេះ
26. យ៉ូហានឆ្លើយថា ឯខ្ញុំៗ ធ្វើបុណ្យជ្រមុជដោយទឹក ប៉ុន្តែ នៅកណ្តាលពួកអ្នករាល់គ្នា នោះមានព្រះ១អង្គ ដែលអ្នករាល់គ្នាមិនស្គាល់
27. គឺព្រះអង្គនោះហើយ ដែលមកក្រោយខ្ញុំ តែបានគង់នៅមុនខ្ញុំ ខ្ញុំមិនគួរនឹងស្រាយខ្សែសុព័ណ៌បាទទ្រង់ទេ
28. រីឯការទាំងនេះ បានកើតមកនៅភូមិបេថានី ខាងនាយទន្លេយ័រដាន់ ជាកន្លែងដែលយ៉ូហានកំពុងតែធ្វើបុណ្យជ្រមុជទឹក។
29. លុះស្អែកឡើង យ៉ូហានឃើញព្រះយេស៊ូវ ដែលទ្រង់កំពុងតែយាងមកឯគាត់ នោះក៏ពោលថា នុ៎ះន៍ កូនចៀមនៃព្រះ ដែលដោះបាបមនុស្សលោក
30. គឺពីព្រះអង្គនេះហើយ ដែលខ្ញុំប្រាប់ថា ក្រោយខ្ញុំមានព្រះ១អង្គយាងមក ដែលបានត្រឡប់ជាមុនខ្ញុំ ដ្បិតទ្រង់គង់នៅមុនខ្ញុំ
31. ខ្ញុំមិនបានស្គាល់ទ្រង់ទេ តែខ្ញុំមកធ្វើបុណ្យជ្រមុជនេះ គឺដើម្បីនឹងសំដែង ឲ្យសាសន៍អ៊ីស្រាអែលបានស្គាល់ទ្រង់ប៉ុណ្ណោះ។