18. ដល់ព្រលឹមឡើង កំពុងដែលទ្រង់យាងត្រឡប់ទៅឯទីក្រុងវិញ នោះទ្រង់ក៏ឃ្លាន
19. ទ្រង់ទតឃើញដើមល្វា១តាមផ្លូវ ក៏យាងទៅដល់ ឃើញមានតែស្លឹកទទេ នោះទ្រង់មានព្រះបន្ទូលថា កុំឲ្យឯងមានផ្លែទៀតឡើយ ស្រាប់តែដើមល្វានោះក្រៀមទៅ
20. កាលពួកសិស្សបានឃើញដូច្នោះ នោះគេមានសេចក្ដីអស្ចារ្យថា ដើមល្វានេះក្រៀមទៅជា១រំពេចយ៉ាងណាហ្ន៎
21. ព្រះយេស៊ូវទ្រង់មានព្រះបន្ទូលថា ខ្ញុំប្រាប់អ្នករាល់គ្នាជាប្រាកដថា បើមានសេចក្ដីជំនឿឥតសង្ស័យសោះ នោះអ្នករាល់គ្នានឹងអាចធ្វើបាន មិនត្រឹមតែការដែលកើតឡើងដល់ដើមល្វាប៉ុណ្ណោះទេ គឺទោះបើអ្នកនឹងនិយាយទៅភ្នំនេះថា ឲ្យឯងរើចេញពីទីនេះទៅធ្លាក់ក្នុងសមុទ្រវិញ នោះគង់តែនឹងបានកើតដូច្នោះដែរ
22. ហើយគ្រប់ទាំងសេចក្ដីអ្វី ដែលអ្នករាល់គ្នានឹងអធិស្ឋានសូម ដោយមានចិត្តជឿ នោះនឹងបានសំរេចទាំងអស់។
23. កាលទ្រង់បានយាងចូលទៅក្នុងព្រះវិហារហើយ នោះពួកសង្គ្រាជ និងពួកចាស់ទុំនៃបណ្តាជន គេមកឯទ្រង់ដែលកំពុងតែបង្រៀន ហើយទូលកាត់សួរថា អ្នកធ្វើការទាំងនេះ តើអាងអំណាចអ្វី តើអ្នកណាបានបើកអំណាចនេះឲ្យអ្នក
24. ព្រះយេស៊ូវមានព្រះបន្ទូលតបថា ខ្ញុំនឹងសួរអ្នករាល់គ្នាពីសេចក្ដី១ដែរ បើអ្នកឆ្លើយប្រាប់ខ្ញុំ នោះខ្ញុំក៏នឹងប្រាប់ឲ្យអ្នកដឹង ពីអំណាចដែលខ្ញុំអាង ដើម្បីនឹងធ្វើការទាំងនេះដែរ
25. ឯបុណ្យជ្រមុជរបស់យ៉ូហាន តើមកពីណា ពីស្ថានសួគ៌ ឬពីមនុស្ស នោះគេក៏រិះគិតគ្នាថា បើយើងថា មកពីស្ថានសួគ៌ នោះវានឹងសួរយើងថា ដូច្នេះ ហេតុអ្វីបានជាអ្នករាល់គ្នាមិនបានជឿតាមគាត់
26. តែបើយើងថា មកពីមនុស្សវិញ នោះខ្លាចហ្វូងមនុស្ស ដ្បិតគេរាប់យ៉ូហានទុកជាហោរាទាំងអស់គ្នា
27. រួចគេទូលឆ្លើយថា យើងមិនដឹងទេ ហើយទ្រង់ក៏មានព្រះបន្ទូលតបថា ដូច្នេះ ខ្ញុំក៏មិនប្រាប់ឲ្យអ្នករាល់គ្នាដឹង ពីអំណាចដែលខ្ញុំអាងនឹងធ្វើការទាំងនេះដែរ។
28. ប៉ុន្តែ អ្នករាល់គ្នាគិតដូចម្តេច មានមនុស្សម្នាក់មានកូនប្រុស២ គាត់ទៅប្រាប់កូនច្បងថា កូនអើយ ថ្ងៃនេះ ចូរឯងទៅធ្វើការក្នុងចំការអញទៅ
29. កូននោះប្រកែកថា ខ្ញុំមិនទៅទេ ដល់ក្រោយមកវាប្រែចិត្តជាទៅវិញ