9. ឯពួកអ្នកដែលនៅជាមួយនឹងខ្ញុំ គេក៏ឃើញពន្លឺនោះដែរ ហើយមានសេចក្ដីភ័យខ្លាច តែមិនឮសំឡេងព្រះអង្គដែលមានព្រះបន្ទូលមកខ្ញុំនោះទេ
10. ខ្ញុំក៏ទូលសួរថា ព្រះអម្ចាស់អើយ តើត្រូវឲ្យទូលបង្គំធ្វើដូចម្តេច រួចព្រះអម្ចាស់មានព្រះបន្ទូលមកខ្ញុំថា ចូរក្រោកឡើងចូលទៅក្នុងក្រុងដាម៉ាស នៅទីនោះនឹងមានគេប្រាប់អ្នក ពីអស់ទាំងការ ដែលបានដំរូវឲ្យអ្នកត្រូវធ្វើ
11. នោះពួកអ្នកដែលនៅជាមួយនឹងខ្ញុំ បានដឹកដៃនាំខ្ញុំចូលទៅក្នុងក្រុងដាម៉ាស ពីព្រោះខ្ញុំមើលអ្វីមិនឃើញសោះ ដោយព្រោះរស្មីដ៏ឧត្តមនៃពន្លឺនោះ
12. រួចមានមនុស្សម្នាក់ឈ្មោះអាន៉្នានាស គឺជាអ្នកកោតខ្លាចដល់ព្រះ តាមក្រឹត្យវិន័យ ដែលមានកេរ្តិ៍ឈ្មោះល្អក្នុងពួកសាសន៍យូដាទាំងអស់ដែលនៅទីនោះ
13. អ្នកនោះក៏មកឈរជិតខ្ញុំនិយាយថា អ្នកសុលអើយ សូមឲ្យភ្នែកអ្នកបានភ្លឺឡើង នៅវេលានោះឯង ខ្ញុំក៏ងើបភ្នែកឡើងឃើញគាត់
14. រួចគាត់និយាយមកខ្ញុំថា ព្រះនៃពួកឰយុកោយើងបានដំរូវឲ្យអ្នកស្គាល់ចំណង់នៃព្រះហឫទ័យទ្រង់ ហើយឲ្យឃើញព្រះដ៏សុចរិត ព្រមទាំងឮសំឡេងពីព្រះឱស្ឋទ្រង់
15. ដ្បិតអ្នកត្រូវធ្វើជាស្មរបន្ទាល់ពីទ្រង់ ដល់មនុស្សទាំងអស់ ពីគ្រប់ការដែលអ្នកបានឃើញបានឮ
16. ឥឡូវនេះ តើអ្នកបង្អង់ចាំអ្វីទៀត ចូរក្រោកឡើង ទទួលបុណ្យជ្រមុជទឹក ហើយលាងបាបអ្នកចេញចុះ ដោយការអំពាវនាវដល់ព្រះនាមព្រះអម្ចាស់
17. កាលខ្ញុំបានត្រឡប់ទៅឯក្រុងយេរូសាឡិមវិញ កំពុងដែលខ្ញុំអធិស្ឋាននៅក្នុងព្រះវិហារ នោះខ្ញុំលង់ស្មារតីទៅ
18. ហើយក៏ឃើញទ្រង់មានព្រះបន្ទូលមកខ្ញុំថា ចូរប្រញាប់ចេញពីក្រុងយេរូសាឡិមទៅជាឆាប់ ពីព្រោះគេមិនទទួលពាក្យដែលអ្នកធ្វើបន្ទាល់ពីខ្ញុំទេ
19. ខ្ញុំក៏ទូលថា ព្រះអម្ចាស់អើយ អ្នកទាំងនោះដឹងថា ទូលបង្គំបានចាប់ពួកអ្នកដែលជឿដល់ទ្រង់ដាក់គុកហើយ ព្រមទាំងវាយគេនៅក្នុងគ្រប់ទាំងសាលាប្រជុំផង