11. ឯទូលបង្គំ សូមថ្វាយសេចក្តីដូច្នេះថា គួរឲ្យប្រមូលពួកសាសន៍អ៊ីស្រាអែលទាំងអស់មកឯទ្រង់ ចាប់តាំងពីក្រុងដាន់ រហូតទៅដល់បៀរ-សេបា ដូចជាខ្សាច់នៅមាត់សមុទ្រ រួចយាងទៅច្បាំងដោយព្រះអង្គទ្រង់វិញ
12. យ៉ាងនោះ យើងខ្ញុំរាល់គ្នានឹងទៅទាន់ព្រះបិតាទ្រង់ នៅកន្លែងណាដែលរកឃើញ ហើយនឹងស្ទុះទៅលើ ដូចជាទឹកសន្សើមធ្លាក់មកលើដីតែម្តង ឥតទុកឲ្យអ្នកណាមួយនៅសល់ឡើយ ទោះទាំងព្រះបិតា និងពួកដែលនៅជាមួយផង
13. ឬបើបានចូលទៅជ្រកក្នុងទីក្រុងណា នោះពួកអ៊ីស្រាអែលទាំងអស់ និងយកពួរ ទៅទាញអូសទីក្រុងនោះទំលាក់ចុះក្នុងទន្លេ ដរាបដល់រកថ្ម១យ៉ាងតូច នៅទីនោះមិនឃើញផង
14. នោះអាប់សាឡំម និងពួកអ៊ីស្រាអែលក៏ឆ្លើយឡើងថា គំនិតរបស់ហ៊ូសាយ ជាពួកអើគីនេះ ល្អជាងគំនិតរបស់អ័ហ៊ីថូផែល (ព្រះយេហូវ៉ាទ្រង់បានដំរូវឲ្យបំបាត់គំនិតរបស់អ័ហ៊ីថូផែលចេញ ដើម្បីនឹងនាំសេចក្តីអាក្រក់មកលើអាប់សាឡំមវិញ)។
15. គ្រានោះ ហ៊ូសាយរ៉ាយរឿងប្រាប់សាដុក ហើយនឹងអ័បៀថើរដ៏ជាសង្ឃថា អ័ហ៊ីថូផែលបានទូលប្រាប់ដល់អាប់សាឡំម និងពួកចាស់ទុំនៃសាសន៍អ៊ីស្រាអែលថា គួរធ្វើដូច្នេះ១ៗ តែខ្ញុំបានទូលយ៉ាងនេះវិញ
16. ដូច្នេះ សូមចាត់គេជាប្រញាប់ ឲ្យទៅទូលដល់ព្រះករុណាថា នៅយប់នេះ សូមទ្រង់កុំផ្ទំនៅទីរហោស្ថានឡើយ សូមយាងឆ្លងទៅខាងមុខទៀតទៅ ក្រែងព្រះករុណា និងពួកអ្នកដែលនៅជាមួយ ត្រូវវិនាសបាត់។
17. រីឯយ៉ូណាថាន និងអ័ហ៊ីម៉ាស គេនៅត្រង់អេន-រ៉ូកេល ដ្បិតគេមិនហ៊ានចូល ក្នុងទីក្រុងឲ្យអ្នកណាឃើញទេ ហើយមានបាវស្រីម្នាក់ទៅប្រាប់ រួចគេក៏ទៅក្រាបទូលដល់ស្តេចដាវីឌ
18. ប៉ុន្តែ មានក្មេងម្នាក់បានឃើញ ក៏ទៅក្រាបទូលដល់អាប់សាឡំម តែអ្នកទាំង២នាំគ្នាចេញទៅជាប្រញាប់ បានទៅដល់ផ្ទះរបស់មនុស្សម្នាក់ នៅត្រង់បាហ៊ូរីមដែលមានអណ្តូងនៅទីធ្លាផ្ទះ អ្នកទាំង២ក៏ចុះទៅពួនក្នុងអណ្តូងនោះ