1. រួចមក សេដេគាទ្រង់បះបោរនឹងស្តេចស្រុកបាប៊ីឡូន នោះនេប៊ូក្នេសា ជាស្តេចស្រុកបាប៊ីឡូនក៏មក នាំទាំងពួកពលទ័ពរបស់ទ្រង់ទាំងប៉ុន្មាន មកបោះទ័ពច្បាំងនឹងក្រុងយេរូសាឡិម ក៏លើកបន្ទាយនៅព័ទ្ធជុំវិញ
2. ដូច្នេះ ទីក្រុងក៏មានគេឡោមព័ទ្ធច្បាំង រហូតដល់ឆ្នាំទី១១ ក្នុងរាជ្យស្តេចសេដេគា
3. ហើយដល់ថ្ងៃ៩ ខែអាសាធ នោះអំណត់អត់បានខ្លាំងណាស់ នៅក្នុងទីក្រុង ដល់ម៉្លេះបានជាគ្មាននំបុ័ងសំរាប់ពួកជនបរិភោគឡើយ
4. វេលានោះពួកខ្មាំង ក៏បំបាក់ទំលាយកំផែងក្រុង១ដុំ រួចពួកទាហានទាំងអស់រត់ចេញទាំងយប់ តាមផ្លូវទ្វារដែលនៅកណ្តាលកំផែងទាំង២ ជិតច្បារស្តេច ទៅតាមផ្លូវស្រុកវាល ឯពួកខាល់ដេគេឡោមព័ទ្ធទីក្រុង
5. ហើយពួកទ័ពខាល់ដេដេញតាមស្តេចទាន់ នៅត្រង់វាលក្រុងយេរីខូរ ហើយពួកពលរបស់ទ្រង់ទាំងប៉ុន្មាន ក៏បែកខ្ចាត់ខ្ចាយពីទ្រង់អស់រលីង
6. គេចាប់ស្តេចនាំឡើងទៅឯស្តេចបាប៊ីឡូន នៅត្រង់រីបឡា រួចគេកាត់ទោសទ្រង់
7. ក៏សំឡាប់ពួកបុត្រារបស់សេដេគានៅចំពោះទ្រង់ រួចចាក់បង្ខូចព្រះនេត្រទ្រង់ ហើយដាក់ច្រវាក់លង្ហិន ដឹកនាំទ្រង់ទៅឯក្រុងបាប៊ីឡូនទៅ។
8. ដល់ថ្ងៃ៧ ខែស្រាពណ៍ គឺនៅឆ្នាំទី១៩ ក្នុងរាជ្យស្តេចនេប៊ូក្នេសា ជាស្តេចបាប៊ីឡូន នោះនេប៊ូសារ៉ាដាន ជាមេទ័ពធំរបស់ស្តេចបាប៊ីឡូន បានទៅឯក្រុងយេរូសាឡិម
9. ក៏ដុតព្រះវិហារនៃព្រះយេហូវ៉ា និងព្រះរាជវាំង ហើយផ្ទះទាំងអស់នៅក្រុងយេរូសាឡិមទៅ លោកដុតចោលអស់ទាំងផ្ទះធំៗ
10. រួចពួកទ័ពខាល់ដេទាំងអស់ ដែលនៅជាមួយនឹងមេទ័ពធំ ក៏រំលំកំផែងក្រុងយេរូសាឡិមគ្រប់ជុំវិញ
11. ហើយសំណល់ជនដែលនៅសល់ក្នុងទីក្រុង និងពួកអ្នកដែលបានរត់ទៅពឹងស្តេចបាប៊ីឡូន និងមនុស្សឯទៀតដែលនៅៗឡើយ នោះនេប៊ូសារ៉ាដាន ក៏ដឹកនាំទៅជាឈ្លើយទាំងអស់
12. តែបានទុកពួកទាល់ក្រនៅក្នុងស្រុកឲ្យគេរក្សាចំការទំពាំងបាយជូរ ហើយធ្វើស្រែចំការវិញ។
13. រីឯសសរលង្ហិន និងជើងកំណល់ ហើយសមុទ្រលង្ហិន ដែលនៅក្នុងព្រះវិហារនៃព្រះយេហូវ៉ា នោះពួកខាល់ដេក៏បំបែកជាដុំៗ ដឹកយកលង្ហិនទាំងនោះទៅដល់ស្រុកបាប៊ីឡូន
14. ហើយឆ្នាំង ចបចូក ដង្កៀប កូនចាន និងគ្រឿងប្រដាប់លង្ហិន ទាំងប៉ុន្មាន ដែលសំរាប់ការងារនោះគេក៏យកទៅដែរ
15. ឯជើងក្រាន និងចានក្លាំ គឺរបស់ដែលធ្វើពីមាស និងរបស់ដែលធ្វើពីប្រាក់ផង នោះមេទ័ពធំ លោកក៏យកទាំងអស់ទៅ
16. ចំណែកសសរទាំង២ និងសមុទ្រសិទ្ធ ហើយជើងកំណល់ទាំងប៉ុន្មានដែលសាឡូម៉ូនធ្វើសំរាប់ព្រះវិហារនៃព្រះយេហូវ៉ា នោះបានធ្វើពីលង្ហិន មានទំងន់ថ្លឹងមិនបានឡើយ
17. សសរ១កំពស់១៨ហត្ថ ហើយក្បាលសសរលង្ហិន នៅពីលើនោះក៏កំពស់៣ហត្ថទៀត មានទាំងក្បាច់ក្រឡាអួន និងផ្លែទទឹមនៅជុំវិញ ធ្វើសុទ្ធតែពីលង្ហិនផង ឯសសរទី២ក៏ដូចគ្នា មានទាំងក្បាច់ក្រឡាអួនដែរ។