1. គ្រានោះ អេលីយ៉ា ជាអ្នកស្រុកធេសប៊ី ដែលនៅជាមួយនឹងពួកស្រុកកាឡាត លោកទូលនឹងអ័ហាប់ថា ទូលបង្គំស្បថ ដោយនូវព្រះយេហូវ៉ា ជាព្រះនៃសាសន៍អ៊ីស្រាអែលដ៏មានព្រះជន្មរស់ ដែលទូលបង្គំឈរនៅចំពោះទ្រង់នេះថា ក្នុងប៉ុន្មានឆ្នាំទៅមុខនេះនឹងគ្មានភ្លៀង គ្មានសន្សើមឡើយ វៀរតែដោយសារពាក្យទូលបង្គំប៉ុណ្ណោះ
2. រួចព្រះបន្ទូលនៃព្រះយេហូវ៉ាក៏មកបង្គាប់លោកថា
3. ចូរចេញពីទីនេះ បែរទៅខាងកើត ហើយពួនខ្លួននៅឯជ្រោះកេរីត ដែលនៅប្រទល់មុខនឹងទន្លេយ័រដាន់ទៅ
4. ឯងនឹងផឹកទឹកជ្រោះនោះ ហើយអញបានបង្គាប់ឲ្យក្អែកចិញ្ចឹមឯងនៅទីនោះដែរ
5. ដូច្នេះ លោកក៏ធ្វើតាមព្រះបន្ទូលនៃព្រះយេហូវ៉ា គឺទៅអាស្រ័យនៅក្បែរជ្រោះកេរីត ដែលនៅប្រទល់មុខទន្លេយ័រដាន់
6. ហើយរាល់ព្រឹករាល់ល្ងាច ក្អែកតែងពាំនំបុ័ង និងសាច់មកជូនលោក លោកក៏ផឹកទឹកពីជ្រោះនោះ។
7. លុះកន្លងយូរបន្តិចមក ទឹកជ្រោះក៏រីងទៅ ពីព្រោះមិនមានភ្លៀងធ្លាក់នៅស្រុកនោះសោះ។
8. នោះព្រះបន្ទូលនៃព្រះយេហូវ៉ា ក៏មកបង្គាប់លោកថា
9. ចូរក្រោកឡើង ទៅឯសារិបតា ជាទីក្រុងរបស់ពួកស៊ីដូនអាស្រ័យនៅទីនោះវិញចុះ អញបានបង្គាប់ស្រីមេម៉ាយម្នាក់នៅទីនោះ ឲ្យចិញ្ចឹមឯង
10. ដូច្នេះ លោកក៏ក្រោកឡើងទៅឯក្រុងសារិបតា កាលបានទៅដល់មាត់ទ្វារក្រុងហើយ នោះឃើញមានស្រីមេម៉ាយម្នាក់ កំពុងតែរើសរំកាច់ឈើ លោកក៏ហៅនាងថា សូមយកទឹកក្នុងផ្តិលមកឲ្យខ្ញុំផឹកបន្តិច
11. កាលនាងកំពុងតែទៅយកទឹក នោះលោកស្រែកផ្តាំថា សូមយកនំបុ័ងបន្តិចមកឲ្យខ្ញុំផង
12. តែនាងឆ្លើយថា ខ្ញុំស្បថដោយនូវព្រះយេហូវ៉ា ជាព្រះនៃអ្នកដ៏មានព្រះជន្មរស់នៅថា ខ្ញុំគ្មាន១ដុំឡើយ មានតែម្សៅ១ក្តាប់នៅក្នុងខាប់ និងប្រេងបន្តិចបន្តួចនៅដបប៉ុណ្ណោះ មើលនែ ខ្ញុំកំពុងតែរើសរំកាច់ឈើ២នេះ ដើម្បីចូលទៅចំអិនសំរាប់ខ្ញុំ និងកូន យើងនឹងបរិភោគតែប៉ុណ្ណោះ រួចស្លាប់ទៅ