3. ខណៈនោះ សិរីល្អរបស់ព្រះនៃសាសន៍អ៊ីស្រាអែលបានឡើងផុតពីចេរូប៊ីន ជាកន្លែងដែលធ្លាប់សណ្ឋិតនៅ ទៅដល់មាត់ទ្វារព្រះវិហារ ទ្រង់ក៏មានព្រះបន្ទូលហៅអ្នកម្នាក់ដែលស្លៀកពាក់សំពត់ទេសឯក ហើយស្ពាយដបទឹកខ្មៅនោះ
4. ព្រះយេហូវ៉ាទ្រង់មានព្រះបន្ទូលទៅអ្នកនោះថា ចូរដើរបង្ហូតទីក្រុង គឺបង្ហូតកណ្តាលក្រុងយេរូសាឡិមទៅ ហើយធ្វើទីសំគាល់នៅថ្ងាសរបស់ពួកមនុស្ស ដែលដកដង្ហើមធំ ហើយថ្ងូរ ដោយព្រោះការគួរស្អប់ខ្ពើមដែលមនុស្សប្រព្រឹត្តនៅក្នុងទីក្រុង
5. ហើយទ្រង់មានព្រះបន្ទូលដល់៥នាក់ឯទៀតនៅត្រចៀកខ្ញុំថា ចូរឯងរាល់គ្នាដើរបង្ហូតទីក្រុងតាមអ្នក១នោះ ហើយប្រហារទៅ កុំឲ្យភ្នែកឯងប្រណី ឬអាណិតអាសូរឡើយ
6. ត្រូវឲ្យសំឡាប់ទាំងពួកចាស់ ពួកកំឡោះ ពួកក្រមុំ ពួកក្មេង និងពួកស្រីៗឲ្យអស់រលីងទៅ ប៉ុន្តែកុំឲ្យចូលទៅជិតមនុស្សណា ដែលមានទីសំគាល់ នៅខ្លួនឡើយ ហើយត្រូវឲ្យចាប់ផ្តើមការ តាំងពីទីបរិសុទ្ធរបស់អញផង ដូច្នេះ អ្នកទាំងនោះក៏ផ្តើមការ ចាប់តាំងពីពួកចាស់ទុំដែលនៅមុខព្រះវិហារ
7. ទ្រង់ក៏បង្គាប់ថា ចូរបង្អាប់វិហារចុះ ត្រូវសំឡាប់គេឲ្យទីលានបានពេញដោយសាកសពទៅចូរចេញទៅចុះ ដូច្នេះ គេក៏ចេញទៅប្រហារនៅក្នុងទីក្រុង
8. កាលគេកំពុងតែសំឡាប់ ហើយមានតែខ្ញុំសល់នៅ នោះខ្ញុំក៏ទំលាក់ខ្លួនផ្កាប់មុខអំពាវនាវថា ឱព្រះអម្ចាស់យេហូវ៉ាអើយ តើទ្រង់នឹងបំផ្លាញសំណល់សាសន៍អ៊ីស្រាអែលទាំងអស់ ដោយចាក់សេចក្ដីក្រោធរបស់ទ្រង់មកលើក្រុងយេរូសាឡិមឬអី។
9. ទ្រង់មានព្រះបន្ទូលតបមកខ្ញុំថា សេចក្ដីទុច្ចរិតរបស់ពូជពង្សអ៊ីស្រាអែល និងយូដា នោះធំក្រៃលែងណាស់ ស្រុកនេះក៏ពេញដោយឈាម ហើយទីក្រុងមានពេញដោយសេចក្ដីវៀចកោងដែរ ដ្បិតគេថា ព្រះយេហូវ៉ាបានបោះបង់ចោលស្រុកនេះហើយ ព្រះយេហូវ៉ាទ្រង់មើលមិនឃើញទេ
10. រីឯអញវិញ ភ្នែកអញនឹងមិនប្រណីទេ អញមិនអាណិតមេត្តាឡើយ គឺអញនឹងទំលាក់អំពើរបស់គេមកលើក្បាលគេវិញ
11. នោះមើល មនុស្សដែលស្លៀកពាក់សំពត់ទេសឯក ហើយស្ពាយដបទឹកខ្មៅក៏មកចែងថា ទូលបង្គំបានធ្វើសំរេចតាមបង្គាប់ទ្រង់ហើយ។