1. ក្រោយការទាំងនោះមកមានគេជំរាបយ៉ូសែបថា ឪពុកលោកមានជំងឺឈឺហើយ នោះយ៉ូសែបក៏នាំយកម៉ាន៉ាសេ និងអេប្រាអិម ជាកូនខ្លួនទាំង២ ទៅជាមួយ
2. មានគេជំរាបយ៉ាកុបថា មើល យ៉ូសែបកូនលោកមកដល់ហើយ នោះអ៊ីស្រាអែលគាត់ខំប្រឹងក្រោកអង្គុយឡើងនៅលើគ្រែ។
3. ហើយនិយាយទៅយ៉ូសែបថា ព្រះដ៏មានគ្រប់ទាំងព្រះចេស្តាទ្រង់បានលេចមកឯអញ ត្រង់លូសក្នុងស្រុកកាណាន ហើយក៏ប្រទានពរឲ្យអញ
4. ដោយព្រះបន្ទូលថា មើល អញនឹងធ្វើឲ្យឯងបង្កើតបានកូនចំរើនជាច្រើនឡើង ឲ្យឯងបានទៅជាពួកច្រើនរួមគ្នាតែ១ អញនឹងឲ្យស្រុកនេះដល់ពូជឯងតទៅ ទុកជាកេរអាករដល់គេនៅអស់កល្បជានិច្ច
5. រីឯកូនប្រុសឯងទាំង២ដែលឯងបានបង្កើតនៅស្រុកអេស៊ីព្ទ គ្រាមុនដែលអញមកឯឯងនៅស្រុកនេះ គឺអេប្រាអិម និងម៉ាន៉ាសេ នោះជារបស់ផងអញដូចជារូបេន និងស៊ីម្មានជារបស់ផងអញដែរ
6. តែពូជដែលឯងនឹងបង្កើតក្រោយទៀត នោះនឹងបានជារបស់ផងឯងវិញ វានឹងត្រូវហៅតាមឈ្មោះបងប្អូនវា ក្នុងចំណែកមរដករបស់គេ