1. យ៉ូសែបក៏ចូលទៅគាល់ផារ៉ោនទូលថា ឪពុក និងបងប្អូនទូលបង្គំបានចេញពីស្រុកកាណានមកហើយ ព្រមទាំងនាំយកហ្វូងចៀម ហ្វូងគោ និងរបស់ទ្រព្យទាំងអស់មកផង មើល គេនៅឯស្រុកកូសែនឯណោះ
2. គាត់ក៏យកបងប្អូន៥នាក់ទៅថ្វាយផារ៉ោនឲ្យទ្រង់ស្គាល់
3. នោះផារ៉ោនទ្រង់មានព្រះបន្ទូលសួរបងប្អូនគាត់ថា ឯងរាល់គ្នាមានរបររកស៊ីធ្វើការអ្វី គេក៏ទូលថា យើងខ្ញុំជាបាវបំរើទ្រង់មានរបរជាអ្នកគង្វាលសត្វ ទាំងយើងខ្ញុំ និងឪពុកយើងខ្ញុំតៗមក
4. គេទូលទ្រង់ថា យើងខ្ញុំសូមចូលមកជ្រកកោននៅក្នុងស្រុកនេះផង ពីព្រោះនៅឯស្រុកកាណាន នោះគ្មានស្មៅឲ្យហ្វូងសត្វរបស់យើងខ្ញុំជាបាវទ្រង់ទេ ដ្បិតនៅស្រុកនោះកើតមានអំណត់ជាខ្លាំងណាស់ ដូច្នេះសូមឲ្យយើងខ្ញុំ ជាបាវទ្រង់ បានជ្រកកោននៅស្រុកកូសែនផង
5. នោះផារ៉ោនមានព្រះបន្ទូលទៅយ៉ូសែបថា ឪពុក និងបងប្អូនអ្នកបានមកឯអ្នកហើយ
6. ដូច្នេះស្រុកអេស៊ីព្ទនៅមុខអ្នកស្រាប់ហើយ ចូរឲ្យឪពុក និងបងប្អូនអាស្រ័យនៅត្រង់កន្លែងដ៏ល្អបំផុតចុះ ចូរឲ្យគេនៅក្នុងស្រុកកូសែនទៅ បើអ្នកស្គាល់អ្នកណាក្នុងពួកគេដែលប្រសប់វាងវៃ នោះចូរតាំងគេឡើងឲ្យធ្វើជាមេគង្វាលលើហ្វូងសត្វរបស់យើងផង
7. យ៉ូសែបក៏នាំយ៉ាកុប ជាឪពុកខ្លួន ចូលទៅគាល់ផារ៉ោនដែរ ហើយយ៉ាកុបក៏សូមពរថ្វាយដល់ផារ៉ោន