7. ម៉ូសេបង្គាប់ដល់អើរ៉ុនថា ចូរទៅឯអាសនា ហើយថ្វាយដង្វាយលោះបាប និងដង្វាយដុតរបស់បង សំរាប់ឲ្យធួននឹងខ្លួន ហើយនឹងពួកជនផង រួចថ្វាយដង្វាយរបស់ពួកជនឲ្យធួននឹងគេ ដូចជាព្រះយេហូវ៉ាបានបង្គាប់មក
8. អើរ៉ុនក៏ចូលទៅឯអាសនា សំឡាប់កូនគោទុកជាដង្វាយលោះបាបដែលសំរាប់ខ្លួន
9. ហើយពួកកូនលោកក៏យកឈាមមកជូន នោះលោកជ្រលក់ម្រាមដៃទៅក្នុងឈាម យកទៅប្រឡាក់នៅស្នែងអាសនា រួចចាក់ឈាមទាំងប៉ុន្មាននៅត្រង់ជើងអាសនា
10. ឯខ្លាញ់ និងអង្គញ់ទាំង២ ហើយនឹងស្រទាប់ដែលយកពីថ្លើមរបស់សត្វ ដែលសំរាប់ជាដង្វាយលោះបាបនោះ លោកក៏ដុតនៅលើអាសនា ដូចជាព្រះយេហូវ៉ាបានបង្គាប់មកម៉ូសេ
11. តែឯសាច់ និងស្បែក នោះបានដុតនឹងភ្លើង នៅខាងក្រៅទីដំឡើងត្រសាលវិញ
12. លោកក៏សំឡាប់ដង្វាយដុត ហើយពួកកូនលោកក៏យកឈាមមកជូន រួចលោកប្រោះឈាមនោះនៅជុំវិញលើអាសនា
13. ពួកកូនក៏យកដង្វាយដុតមកជូនលោកទាំងដុំៗ ព្រមទាំងក្បាលផង ហើយលោកដុតទាំងអស់នៅលើអាសនា
14. ឯអាការៈខាងក្នុង និងជើងទាំងប៉ុន្មាន នោះលោកលាងនឹងទឹក រួចដុតនៅលើដង្វាយដែលនៅលើអាសនាផង។
15. បន្ទាប់មក លោកថ្វាយដង្វាយរបស់ពួកជន លោកយកពពែជាដង្វាយលោះបាប ដែលសំរាប់ពួកជនមកសំឡាប់ថ្វាយដោយព្រោះបាប ដូចជារបៀបនៃសត្វមុនដែរ
16. រួចក៏យកដង្វាយដុត មកថ្វាយតាមរបៀប
17. ហើយលោកក៏ថ្វាយដង្វាយម្សៅដែរ លោកយក១ក្តាប់ទៅដុតលើអាសនា ជាក្តាប់ផ្សេងពីដង្វាយដុតពេលព្រឹក
18. រួចមកលោកសំឡាប់គោឈ្មោល និងចៀមឈ្មោលទុកជាយញ្ញបូជានៃដង្វាយមេត្រីដែលសំរាប់ពួកជន ឯពួកកូនលោកក៏យកឈាមមកជូន នោះលោកប្រោះនៅជុំវិញលើអាសនា