17. មិនត្រូវចំអិនម្សៅនោះ ដោយលាយនឹងដំបែឡើយ អញបានឲ្យម្សៅនោះ ទុកជាចំណែករបស់គេពីដង្វាយដែលដុតថ្វាយអញ នេះហើយជារបស់បរិសុទ្ធបំផុត ដូចជាដង្វាយសំរាប់លោះបាប និងដង្វាយដែលថ្វាយដោយព្រោះការរំលងដែរ
18. អស់ទាំងប្រុសៗក្នុងពួកកូនចៅអើរ៉ុន ត្រូវបរិភោគដង្វាយម្សៅនោះទុកជាចំណែកដល់ខ្លួន ពីអស់ទាំងដង្វាយដែលដុតថ្វាយព្រះយេហូវ៉ា នៅអស់ទាំងដំណតរៀងទៅ ឯអស់អ្នកណាដែលពាល់ដង្វាយទាំងនោះក៏នឹងបានបរិសុទ្ធដែរ។
19. ព្រះយេហូវ៉ាទ្រង់មានព្រះបន្ទូលនឹងម៉ូសេថា
20. នេះជាដង្វាយដែលអើរ៉ុន និងពួកកូនលោក ត្រូវថ្វាយដល់ព្រះយេហូវ៉ា ក្នុងថ្ងៃដែលចាក់ប្រេងតាំងឲ្យ គឺត្រូវថ្វាយម្សៅយ៉ាងម៉ដ្ត១ខ្ញឹង សំរាប់ដង្វាយម្សៅ ដែលថ្វាយនៅជានិច្ច ត្រូវថ្វាយពាក់កណ្តាលក្នុងពេលព្រឹក ហើយពាក់កណ្តាលក្នុងពេលល្ងាច
21. ត្រូវធ្វើដង្វាយនោះលាយនឹងប្រេងចាក់ចុះក្នុងពុម្ព កាលណាឆ្អិនហើយ នោះត្រូវយកមកបំបែកជាដុំៗ ថ្វាយជាដង្វាយម្សៅ ទុកជាក្លិនឈ្ងុយដល់ព្រះយេហូវ៉ា
22. ឯសង្ឃណាដែលរើសពីក្នុងពួកកូនចៅអើរ៉ុន ហើយចាក់ប្រេងតាំងឡើងជំនួសលោក គឺសង្ឃនោះឯង ដែលត្រូវថ្វាយដង្វាយនោះ នេះជាច្បាប់សំរាប់អស់កល្បជានិច្ចនៅចំពោះព្រះយេហូវ៉ា ឯដង្វាយនោះ ត្រូវដុតទៅទាំងអស់វិញ
23. គ្រប់ទាំងដង្វាយម្សៅដែលពួកសង្ឃថ្វាយ នោះត្រូវតែដុតទាំងអស់ មិនត្រូវឲ្យបរិភោគឡើយ។
24. ព្រះយេហូវ៉ាទ្រង់មានព្រះបន្ទូលនឹងម៉ូសេថា
25. ចូរប្រាប់អើរ៉ុន និងពួកកូនលោកថា នេះជារបៀបដង្វាយដែលសំរាប់លោះបាប គឺត្រូវតែសំឡាប់ដង្វាយនោះ នៅចំពោះព្រះយេហូវ៉ា ត្រង់កន្លែងដែលសំឡាប់ដង្វាយដុតដែរ ដង្វាយនោះជាបរិសុទ្ធបំផុត
26. ឯសង្ឃណាដែលជាអ្នកថ្វាយដោយព្រោះបាប នោះត្រូវបរិភោគដង្វាយនោះ នៅត្រង់កន្លែងបរិសុទ្ធ គឺនៅទីលានផងត្រសាលជំនុំ
27. អ្វីៗដែលប៉ះពាល់នឹងសាច់នោះ ក៏ត្រូវបរិសុទ្ធដែរ ហើយបើកាលណាឈាមដង្វាយនោះខ្ទាតទៅលើអាវណា ត្រូវលាងអាវដែលប្រឡាក់នោះ នៅត្រង់កន្លែងបរិសុទ្ធ