23. មានផ្លែទទឹម៩៦នៅគ្រប់ជុំវិញ ហើយនឹងផ្លែទទឹមទាំងអស់ ដែលនៅជាប់នឹងក្បាច់ក្រឡាអួននោះមានចំនួន១០០។
24. មេទ័ពធំក៏យកសេរ៉ាយ៉ា ជាសង្ឃធំ និងសេផានា ជាសង្ឃទី២ ហើយពួកឆ្មាំទ្វារទាំង៣នាក់
25. ក៏យកមេម្នាក់ ដែលបានត្រួតលើពលទ័ព ពីក្នុងទីក្រុង និងមនុស្ស៧នាក់ ដែលធ្លាប់ឃើញព្រះភក្ត្រស្តេច ដែលឃើញមាននៅក្នុងទីក្រុង ហើយស្មៀនរបស់មេទ័ពធំ ដែលកេណ្ឌពួកអ្នកស្រុក ព្រមទាំងពួកអ្នកស្រុក៦០នាក់ ដែលឃើញមាននៅក្នុងទីក្រុងផង
26. នោះនេប៊ូសារ៉ាដាន ជាមេទ័ពធំ លោកនាំអ្នកទាំងនោះ ទៅឯស្តេចបាប៊ីឡូនត្រង់រីបឡា
27. ស្តេចបាប៊ីឡូនក៏ប្រហារជីវិតគេ នៅត្រង់រីបឡា ក្នុងស្រុកហាម៉ាតទៅ គឺយ៉ាងនោះដែលពួកយូដាត្រូវដឹកនាំចេញពីស្រុករបស់ខ្លួនទៅជាឈ្លើយ។
28. នេះជាពួកបណ្តាជន ដែលនេប៊ូក្នេសាបានដឹកនាំទៅជាឈ្លើយ នៅឆ្នាំទី៧ គឺមានពួកយូដា អស់ចំនួន៣០២៣នាក់
29. នៅឆ្នាំទី១៨នៃនេប៊ូក្នេសា នោះទ្រង់នាំយកមនុស្សចំនួន៨៣២នាក់ ចេញពីក្រុងយេរូសាឡិមទៅជាឈ្លើយ
30. រួចនៅឆ្នាំទី២៣នៃនេប៊ូក្នេសា នោះនេប៊ូសារ៉ាដាន ជាមេទ័ពធំ ក៏នាំយកពួកសាសន៍យូដាចំនួន៧៤៥នាក់ទៅជាឈ្លើយទៀត បូករួមមនុស្សទាំងអស់មានចំនួន៤៦០០នាក់។
31. លុះដល់ឆ្នាំទី៣៧ ដែលយ៉ូយ៉ាគីន ជាស្តេចយូដានៅជាឈ្លើយ គឺនៅថ្ងៃ២៥ខែផល្គុណ នោះអេវីល-មេរ៉ូដាក ស្តេចបាប៊ីឡូនក៏លើកមុខយ៉ូយ៉ាគីន ជាស្តេចយូដាឡើង នៅក្នុងឆ្នាំទី១នៃរាជ្យទ្រង់ ហើយដោះទ្រង់ឲ្យរួចចេញពីគុក
32. ក៏មានព្រះបន្ទូលនឹងទ្រង់ដោយផ្អែមពីរោះ ហើយតាំងបល្ល័ង្កទ្រង់ឲ្យខ្ពស់ជាងបល្ល័ង្កនៃពួកស្តេច ដែលនៅជាមួយក្នុងក្រុងបាប៊ីឡូន
33. ក៏ផ្លាស់សំលៀកបំពាក់គុកពីទ្រង់ចេញ រួចយ៉ូយ៉ាគីនក៏សោយព្រះស្ងោយ នៅចំពោះស្តេចបាប៊ីឡូនជានិច្ច ដរាបដល់អស់ព្រះជន្មទ្រង់