10. ម៉ូសេក៏យកផេះ ពីគុកភ្លើង ទៅឈរនៅមុខផារ៉ោន ហើយលោកបាចទៅលើមេឃ រួចផេះនោះបង្កើតជាបូសក្លាយធ្លាយចេញជាដំបៅ ក៏កើតឡើងនៅសព្វខ្លួនរបស់មនុស្ស ហើយនឹងពួកសត្វផង
11. ឯពួកគ្រូគេឈរនៅមុខម៉ូសេមិនបានទេ ដោយព្រោះបូសនោះ ពីព្រោះបូសក៏កើតឡើងនៅខ្លួនគេដែរ ដូចជានៅខ្លួននៃសាសន៍អេស៊ីព្ទទាំងអស់គ្នាផង
12. តែព្រះយេហូវ៉ាទ្រង់បណ្តាលឲ្យព្រះទ័យផារ៉ោនបានរឹងទទឹង ទ្រង់មិនព្រមស្តាប់តាមលោកសោះ ដូចជាព្រះយេហូវ៉ាបានមានព្រះបន្ទូលនឹងម៉ូសេស្រាប់។
13. រួចព្រះយេហូវ៉ាទ្រង់មានព្រះបន្ទូលនឹងម៉ូសេថា ចូរក្រោកពីព្រលឹមទៅឈរនៅមុខផារ៉ោនទូលថា ព្រះយេហូវ៉ាជាព្រះនៃសាសន៍ហេព្រើរទ្រង់មានព្រះបន្ទូលដូច្នេះ ចូរបើកឲ្យរាស្ត្រអញចេញទៅថ្វាយបង្គំដល់អញ
14. ដ្បិតម្តងនេះ អញនឹងដាក់សេចក្ដីវេទនាទាំងអស់ មកទាស់នឹងចិត្តឯង និងពួកមហាតលិក ហើយនឹងរាស្ត្រឯងផង ដើម្បីឲ្យឯងបានដឹងថា នៅគ្រប់លើផែនដីគ្មានអ្នកឯណាដូចអញឡើយ
15. ដ្បិតបើអញបានលើកដៃអញធ្វើឲ្យឯង ហើយនឹងរាស្ត្រឯង កើតមានជំងឺអាសន្នរោគ ក្នុងពេលឥឡូវ នោះឯងរាល់គ្នានឹងបានវិនាសបាត់ពីលើផែនដីទៅអស់រលីងហើយ
16. ប៉ុន្តែអញបានទុកឲ្យឯងរស់នៅវិញ ដើម្បីឲ្យឯងបានឃើញឫទ្ធិបារមីរបស់អញ ហើយឲ្យគេបានប្រកាសប្រាប់ពីឈ្មោះអញទួទៅគ្រប់លើផែនដី
17. តើឯងនៅតែដំកើងខ្លួនទាស់នឹងរាស្ត្រអញ ព្រមទាំងឃាត់មិនឲ្យគេទៅទៀតឬ
18. មើល ដល់ថ្ងៃស្អែកវេលាថ្មើរណេះ នោះអញនឹងបង្អុរឲ្យធ្លាក់ព្រិលជាយ៉ាងវេទនាមកដល់ម៉្លេះបានជាតាំងពីកំណើតស្រុក ដរាបដល់ឥឡូវនេះ នោះមិនដែលមានឲ្យដូចក្នុងស្រុកអេស៊ីព្ទឡើយ
19. ដូច្នេះ ចូរចាត់គេឲ្យទៅនាំអស់ទាំងហ្វូងសត្វ និងរបស់ឯងទាំងប៉ុន្មានដែលនៅឯវាលចូលមកជាប្រញាប់ ដ្បិតអស់ទាំងមនុស្ស និងសត្វទាំងប៉ុន្មាននៅវាល ដែលមិនបានប្រមូលមកក្នុងផ្ទះ នោះនឹងត្រូវព្រិលធ្លាក់មកលើ ស្លាប់ទាំងអស់
20. នោះពួកមហាតលិកណាមួយរបស់ផារ៉ោន ដែលកោតខ្លាចដល់ព្រះបន្ទូលព្រះយេហូវ៉ា គេក៏ឲ្យពួកបាវ និងហ្វូងសត្វទាំងប៉ុន្មានរត់ចូលមកជ្រកក្នុងផ្ទះទាំងអស់
21. ប៉ុន្តែពួកអ្នកដែលមិនយកចិត្តទុកដាក់នឹងព្រះបន្ទូលព្រះយេហូវ៉ាសោះ គេក៏ទុកឲ្យពួកបាវនឹងហ្វូងសត្វនៅឯវាលវិញ។
22. នោះព្រះយេហូវ៉ា ទ្រង់មានព្រះបន្ទូលប្រាប់ម៉ូសេថា ចូរលើកដៃឡើងទៅលើមេឃ ដើម្បីឲ្យមានព្រិលធ្លាក់មកពេញក្នុងស្រុកអេស៊ីព្ទ គឺធ្លាក់មកលើទាំងមនុស្ស និងសត្វ ហើយលើគ្រប់ទាំងដំណាំនៅទីវាលក្នុងស្រុកផង
23. ម៉ូសេក៏លើកដំបងទៅលើមេឃ នោះព្រះយេហូវ៉ាទ្រង់ចាត់ឲ្យមានផ្គរហើយនឹងព្រិលមក ក៏មានរន្ទះបាញ់ផ្សាយជាភ្លើងនៅលើដី ហើយព្រះយេហូវ៉ាទ្រង់បង្អុរព្រិលមកលើស្រុកអេស៊ីព្ទ
24. ក៏មានព្រិល និងភ្លើងលាយគ្នាជាយ៉ាងវេទនាដល់ម៉្លេះ បានជាតាំងពីស្រុកអេស៊ីព្ទកើតឡើងជានគរ នោះមិនដែលមាននៅក្នុងស្រុកដូច្នោះឡើយ
25. នៅគ្រប់ក្នុងស្រុកអេស៊ីព្ទ ព្រិលនោះបានធ្លាក់មកត្រូវរបស់ទាំងអស់នៅទីវាល តាំងពីមនុស្សរហូតដល់សត្វ ក៏ធ្លាក់មកបំផ្លាញអស់ទាំងដំណាំនៅវាលដែរ ហើយបំបាក់អស់ទាំងដើមឈើនៅចំការផង
26. ឯទីដែលគ្មានព្រិល នោះមានតែនៅស្រុកកូសែន ដែលជាទីលំនៅរបស់ពួកកូនចៅអ៊ីស្រាអែលប៉ុណ្ណោះ។