2. ចូររៀបចំជាស្រេចឲ្យទាន់ពេលព្រលឹម រួចឡើងមកឯលើភ្នំស៊ីណាយនៅពេលព្រឹក ហើយឈរចំពោះអញនៅលើកំពូលភ្នំ
3. កុំឲ្យអ្នកណាឡើងមកជាមួយនឹងឯងឡើយ ក៏កុំឲ្យឃើញមានអ្នកណានៅទីណាលើភ្នំឲ្យសោះ ក៏មិនត្រូវឲ្យហ្វូងចៀមឬហ្វូងគោមករកស៊ីនៅមុខភ្នំនេះដែរ
4. នោះលោកក៏ដាប់បន្ទះថ្ម២ផ្ទាំង ឲ្យដូចជាថ្មទាំង២ពីមុននោះ រួចលោកក្រោកពីព្រលឹម ឡើងទៅលើភ្នំស៊ីណាយ តាមដែលព្រះយេហូវ៉ាបានបង្គាប់មក ព្រមទាំងយកបន្ទះថ្មទាំង២ផ្ទាំងកាន់នៅដៃទៅជាមួយផង។
5. ព្រះយេហូវ៉ាទ្រង់ក៏យាងចុះមកក្នុងពពកស្ថិតនៅជិតលោក ព្រមទាំងប្រកាសពីព្រះនាម «យេហូវ៉ា» ផង
6. ទ្រង់យាងកាត់នៅមុខលោកទាំងប្រកាសថា យេហូវ៉ា គឺយេហូវ៉ាដ៏ជាព្រះទ្រង់មានព្រះហឫទ័យមេត្តាករុណា ហើយទន់សន្តោស ទ្រង់យឺតនឹងខ្ញាល់ ហើយមានសេចក្ដីសប្បុរស និងសេចក្ដីទៀងត្រង់ ជាបរិបូរ
7. ទ្រង់មានសេចក្ដីមេត្តាករុណាដល់មនុស្សទាំងពាន់ ក៏អត់ទោសចំពោះសេចក្ដីទុច្ចរិត សេចក្ដីរំលង និងអំពើបាប ប៉ុន្តែទ្រង់មិនរាប់មនុស្សមានទោសទុកជាឥតទោសឡើយ ទ្រង់ធ្វើទោសចំពោះសេចក្ដីទុច្ចរិតរបស់ឪពុក ទៅដល់កូនចៅដល់៣ហើយ៤ដំណផង។
8. នោះម៉ូសេក៏ប្រញាប់ប្រញាល់នឹងឱនខ្លួន ក្រាបចុះដល់ដីថ្វាយបង្គំ
9. រួចទូលថា ឱព្រះអម្ចាស់អើយ បើសិនជាទូលបង្គំប្រកបដោយព្រះគុណទ្រង់ពិត នោះសូមព្រះអម្ចាស់យាងទៅកណ្តាលយើងខ្ញុំរាល់គ្នា ដ្បិតមនុស្សទាំងនេះមានក្បាលរឹងណាស់ ហើយសូមអត់ទោសចំពោះសេចក្ដីទុច្ចរិត និងអំពើបាបរបស់យើងខ្ញុំផង សូមទទួលយើងរាល់គ្នាទុកជាមរដករបស់ទ្រង់។
10. នោះទ្រង់មានព្រះបន្ទូលថា មើល អញតាំងសេចក្ដីសញ្ញាថា នៅមុខជនជាតិឯងទាំងអស់គ្នា នោះអញនឹងធ្វើការអស្ចារ្យ ជាការដែលមិនដែលកើតមានយ៉ាងដូច្នោះនៅអស់ទាំងនគរគ្រប់លើផែនដី ហើយអស់ទាំងសាសន៍ដែលឯងនៅកណ្តាលនោះ គេនឹងឃើញការរបស់ព្រះយេហូវ៉ា ដ្បិតការដែលអញនឹងប្រោសដល់ឯង នោះជាការគួរស្ញែងខ្លាច
11. ចូរប្រយ័ត្ន និងធ្វើតាមអស់ទាំងសេចក្ដីដែលអញបង្គាប់ដល់ឯងនៅថ្ងៃនេះចុះ មើល អញនឹងបណ្តេញសាសន៍អាម៉ូរី សាសន៍កាណាន សាសន៍ហេត សាសន៍ពេរិស៊ីត សាសន៍ហេវី និងសាសន៍យេប៊ូសចេញពីមុខឯងទៅ
12. ចូរប្រយ័ត្នកុំឲ្យតាំងសេចក្ដីសញ្ញានឹងអ្នកស្រុកដែលឯងចូលទៅនោះឡើយ ក្រែងលោត្រឡប់ជាអន្ទាក់ដល់ឯងវិញ