13. នោះគេក៏ទូលដល់ស្តេចថា ឈ្មោះដានីយ៉ែលនោះ ដែលជាពួកឈ្លើយសាសន៍យូដា មិនអើពើចំពោះទ្រង់ទេ ឱព្រះករុណាអើយ ក៏មិនយកចិត្តទុកដាក់នឹងច្បាប់បំរាម ដែលទ្រង់បានចុះហត្ថលេខាហើយ នោះដែរ គឺចេះតែអធិស្ឋានសូម១ថ្ងៃ៣ដងវិញ
14. កាលស្តេចបានឮពាក្យទាំងនោះ ទ្រង់ក៏ទោមនស្សជាខ្លាំង ហើយតាំងព្រះទ័យនឹងរកដោះដានីយ៉ែលឲ្យរួច ទ្រង់ខំរកផ្លូវជួយឲ្យលោករួច ដរាបដល់ថ្ងៃលិច
15. ខណៈនោះ ពួកអ្នកទាំងនោះក៏មូលគ្នាមកឯស្តេចទូលថា បពិត្រព្រះរាជា សូមទ្រង់ជ្រាបថា តាមច្បាប់នៃសាសន៍មេឌី និងសាសន៍ពើស៊ី ច្បាប់ណាឬបំរាមណា ដែលស្តេចបានតាំងទុកហើយ នោះនឹងផ្លាស់ប្តូរមិនបានឡើយ។
16. ដូច្នេះ ស្តេចទ្រង់ក៏ចេញបង្គាប់ ហើយគេនាំយកដានីយ៉ែលទៅបោះចុះក្នុងរូងសត្វសិង្ហទៅ ស្តេចទ្រង់មានព្រះបន្ទូលដល់ដានីយ៉ែលថា ព្រះនៃអ្នកដែលអ្នកគោរពជានិច្ចទ្រង់នឹងជួយសង្គ្រោះអ្នកជាពិត
17. គេក៏យកថ្ម១មកបិទសន្ធប់មាត់រូង ស្តេចទ្រង់ក៏ប្រថាប់ត្រាព្រះទំរង់ ហើយនឹងចិញ្ចៀនត្រារបស់សេនាបតីទ្រង់ផង ដើម្បីមិនឲ្យមានអ្វីផ្លាស់ប្តូរពីដំណើរដានីយ៉ែលឡើយ
18. រួចទ្រង់វិលទៅឯព្រះរាជវាំងវិញ ក៏អត់ព្រះស្ងោយអស់១យប់នោះ ពួកមហោរីមិនបានប្រគំថ្វាយទ្រង់ទេ ឯទ្រង់ក៏ផ្ទំមិនលក់ដែរ។
19. ស្តេចទ្រង់តើនឡើងពីព្រលឹមស្រាង យាងទៅឯរូងសិង្ហជាប្រញាប់
20. កាលជិតដល់រូងហើយ នោះទ្រង់ស្រែកហៅដានីយ៉ែល ដោយសំឡេងយ៉ាងកណ្តុក សួរថា ឱដានីយ៉ែល ជាអ្នកបំរើនៃព្រះដ៏មានព្រះជន្មរស់អើយ តើព្រះនៃអ្នក ដែលអ្នកគោរពជានិច្ចនោះ ទ្រង់អាចនឹងជួយឲ្យអ្នករួចពីសិង្ហបានឬទេ
21. នោះដានីយ៉ែល លោកទូលតបថា បពិត្រព្រះករុណា សូមទ្រង់បានប្រកបដោយព្រះជន្មចំរើនជាយឺនយូរចុះ
22. ព្រះនៃទូលបង្គំទ្រង់បានចាត់ទេវតារបស់ទ្រង់ ឲ្យមកបិទមាត់សិង្ហទាំងអស់ វាមិនបានប្រទូស្តដល់ទូលបង្គំទេ ពីព្រោះនៅចំពោះព្រះ នោះមិនឃើញជាទូលបង្គំមានទោសអ្វីឡើយ ហើយបពិត្រព្រះករុណា នៅចំពោះទ្រង់ ទូលបង្គំក៏មិនបានធ្វើខុសអ្វីដែរ
23. ដូច្នេះ ស្តេចទ្រង់មានព្រះទ័យរីករាយក្រៃលែង ក៏ចេញបង្គាប់ឲ្យយោងយកដានីយ៉ែលចេញពីរូងមក គេក៏យោងយកដានីយ៉ែលចេញមក ហើយឥតឃើញមានរបួសណានៅខ្លួនលោកឡើយ ពីព្រោះលោកបានទុកចិត្តនឹងព្រះនៃលោក។
24. រួចស្តេចទ្រង់ចេញបង្គាប់ ហើយគេក៏នាំពួកអ្នកដែលប្តឹងចោទដានីយ៉ែល មកបោះគេទៅក្នុងរូងសិង្ហវិញ គឺទាំងខ្លួនគេ និងប្រពន្ធកូនគេផង ហើយសិង្ហទាំងឡាយក៏មានអំណាចលើគេ បានទាំងបំបាក់ឆ្អឹងគេឲ្យខ្ទេចខ្ទីទៅមុនដែលគេធ្លាក់ទៅដល់បាតរូងផង។
25. រួចមក ស្តេចដារីយុស ទ្រង់ចេញព្រះរាជសាសន៍ផ្ញើដល់បណ្តាជនទាំងឡាយ ព្រមទាំងសាសន៍ដទៃ និងមនុស្សគ្រប់ភាសាដែលនៅលើផែនដីទាំងមូលថា សូមឲ្យសេចក្ដីសុខបានចំរើនដល់អ្នករាល់គ្នាចុះ