1. ស្តេចបេលសាសារ ទ្រង់ជប់លៀងយ៉ាងធំ ដល់ពួកសេនាបតីរបស់ទ្រង់១ពាន់នាក់ ហើយក៏សោយស្រាទំពាំងបាយជូរ នៅចំពោះអ្នកទាំង១ពាន់នាក់នោះ
2. កាលបេលសាសារកំពុងតែភ្លក់ស្រាទំពាំងបាយជូរ នោះទ្រង់ក៏បង្គាប់ឲ្យគេយកពែងមាស ពែងប្រាក់ ដែលនេប៊ូក្នេសា ជាបិតាទ្រង់ បានប្រមូលយកពីព្រះវិហារ ដែលនៅក្រុងយេរូសាឡិមមក សំរាប់ឲ្យស្តេច និងពួកសេនាបតីរបស់ទ្រង់ព្រមទាំងពួកភរិយា ហើយពួកស្រីអ្នកម្នាងរបស់គេទាំងអស់គ្នាបានផឹក
3. ដូច្នេះ គេក៏យកពែងមាស ដែលបានប្រមូលយកពីទីបរិសុទ្ធក្នុងព្រះវិហារនៃព្រះ ដែលនៅក្រុងយេរូសាឡិមមកថ្វាយ រួចស្តេច និងពួកសេនាបតីរបស់ទ្រង់ ព្រមទាំងពួកភរិយា និងពួកស្រីអ្នកម្នាងទាំងប៉ុន្មានក៏ផឹកពីពែងទាំងនោះ
4. គេបានផឹកស្រាបណ្តើរ ហើយសរសើរដល់អស់ទាំងព្រះបណ្តើរ ជាព្រះធ្វើពីមាស ប្រាក់ លង្ហិន ដែក ឈើ និងថ្ម។
5. នៅវេលានោះឯង មានម្រាមដៃនៃមនុស្ស លេចចេញមក សរសេរនៅជញ្ជាំងនៃព្រះរាជដំណាក់ ប្រទល់មុខនឹងជើងចង្កៀង ស្តេចទ្រង់ក៏ឃើញចំណែកដៃដែលសរសេរនោះ
6. ដូច្នេះ ព្រះភក្ត្របំព្រងនៃស្តេចក៏ផ្លាស់ប្រែទៅ ហើយគំនិតទ្រង់ក៏នាំឲ្យបារម្ភព្រួយវិញ កំឡាំងទ្រង់ក៏ល្វើយទៅ ហើយព្រះជង្ឃទ្រង់ប្រដំគ្នា
7. ស្តេចទ្រង់ស្រែកយ៉ាងខ្លាំង បង្គាប់ឲ្យនាំពួកអាបធ្មប់ និងពួកខាល់ដេ ហើយពួកគ្រូទាយមក រួចស្តេចទ្រង់មានព្រះបន្ទូលនឹងពួកអ្នកប្រាជ្ញ ដែលនៅក្រុងបាប៊ីឡូនថា អ្នកណាដែលអានមើលអក្សរនេះ ហើយស្រាយន័យឲ្យយើងផង អ្នកនោះនឹងបានស្លៀកពាក់សំពត់ពណ៌ស្វាយ ហើយនឹងមានខ្សែមាសពាក់នៅក ក៏នឹងបានតាំងឡើងជាអ្នកគ្រប់គ្រងទី៣ក្នុងនគរ
8. ខណៈនោះ អស់ទាំងពួកអ្នកប្រាជ្ញរបស់ស្តេចក៏ចូលមក តែគេមើលអក្សរនោះមិនបានឡើយ ក៏មិនអាចនឹងស្រាយន័យថ្វាយស្តេចបានដែរ
9. ដូច្នេះ បេលសាសារទ្រង់មានព្រះទ័យវិតក្កជាខ្លាំង ហើយព្រះភក្ត្រទ្រង់ក៏ស្លុតទៅ ឯពួកសេនាបតីរបស់ទ្រង់គេក៏ទាល់គំនិតដែរ។
10. រីឯអគ្គមហេសី ព្រះនាងក៏យាងចូលទៅក្នុងរោងលៀង ដោយឮព្រះបន្ទូលនៃស្តេច និងពួកសេនាបតីរបស់ទ្រង់ ព្រះនាងទូលដល់ស្តេចថា បពិត្រព្រះករុណាសូមទ្រង់មានព្រះជន្មចំរើននៅជាយឺនយូរ សូមកុំឲ្យគំនិតទ្រង់នាំឲ្យមានព្រះទ័យវិតក្កឡើយ ក៏កុំឲ្យព្រះភក្ត្រទ្រង់ផ្លាស់ប្រែទៅដូច្នេះដែរ