19. ហើយស្រុកដែលគេនៅនោះ តើល្អ ឬអាក្រក់ និងទីលំនៅទាំងប៉ុន្មានរបស់គេ តើជាយ៉ាងណា សុទ្ធតែជារោងត្រសាល ឬជាទីក្រុងដ៏មាំមួន
20. ហើយនឹងដីនៅស្រុកនោះ តើកើតផលជាបរិបូរ ឬគ្មាន មានព្រៃដែរឬទេ ចូរឲ្យឯងរាល់គ្នាមានចិត្តក្លាហាន ហើយនាំយកផលរបស់ស្រុកនោះមកវិញផង រីឯរដូវនោះ ជារដូវផ្លែទំពាំងបាយជូរជាដំបូង។
21. ដូច្នេះគេក៏ឡើងទៅសង្កេតមើលក្នុងស្រុកនោះ ចាប់តាំងពីទីរហោស្ថានស៊ីន រហូតដល់ស្រុករេហុប ដែលនៅតាមផ្លូវទៅឯស្រុកហាម៉ាត
22. គេឡើងពីខាងត្បូងទៅដល់ហេប្រុន នៅស្រុកនោះមានអ័ហ៊ីម៉ាន សេសាយ និងតាលម៉ាយ ជាកូនអ័ណាក់ (ឯក្រុងហេប្រុននេះ បានសង់៧ឆ្នាំមុនក្រុងសូអាន ដែលនៅស្រុកអេស៊ីព្ទ)
23. រួចគេមកដល់ជ្រោះអែសកុល ហើយកាត់ផ្លែទំពាំងបាយជូរ១ចង្កោមសែងគ្នា២នាក់ ព្រមទាំងផ្លែទទឹម និងផ្លែល្វាផង
24. គេហៅទីនោះថា ជ្រោះអែសកុល ដោយព្រោះចង្កោមទំពាំងបាយជូរ ដែលពួកកូនចៅអ៊ីស្រាអែលបានកាត់នៅទីនោះ