5. ដូច្នេះ ពួកមេលើសាសន៍ភីលីស្ទីនក៏ឡើងទៅបបួលនាងថា ចូរលួងលោមវាមើល ដែលវាមានកំឡាំងខ្លាំងម៉្លេះពីណាមក ហើយធ្វើដូចម្តេចឲ្យយើងឈ្នះវា ដើម្បីនឹងចាប់ចងបង្ក្រាបវាទៅបាន នោះយើងគ្រប់គ្នានឹងឲ្យប្រាក់១១០០ម្នាក់ដល់នាង
6. រួចដេលីឡាក៏ល្បួងសាំសុនថា សូមប្រាប់ខ្ញុំដែលអ្នកមានកំឡាំងជាខ្លាំងម៉្លេះពីណាមក តើយកអ្វីនឹងចងបង្ក្រាបអ្នកបាន
7. នោះសាំសុនឆ្លើយតបថា បើគេយកវល្លិស្រស់៧ដើម ដែលមិនបានហាលឲ្យស្ងួត មកចងអញ នោះអញនឹងទៅជាខ្សោយ ដូចជាមនុស្សឯទៀតវិញ
8. ដូច្នេះ ពួកមេលើសាសន៍ភីលីស្ទីន ក៏យកវល្លិស្រស់៧ដើម ដែលមិនបានហាលឲ្យស្ងួតមកឲ្យនាង ហើយនាងយកទៅចងគាត់
9. រីឯនៅក្នុងបន្ទប់ខាងក្នុង នោះមានមនុស្សបង្កប់ខ្លួនចាំ ខណៈនោះនាងស្រែកថា សាំសុនអើយ ន៏ ពួកភីលីស្ទីនមកចាប់អ្នកហើយ តែគាត់បណ្តាច់វល្លិទាំងនោះចេញ ដូចជាសរសៃចចូត ដែលត្រូវដាច់ដោយប៉ះនឹងភ្លើង ដូច្នេះ គ្មានអ្នកណាដឹង ជាគាត់មានកំឡាំងប៉ុណ្ណាទេ។
10. នោះដេលីឡានិយាយនឹងសាំសុនថា មើល បងបានបញ្ឆោតខ្ញុំ ដោយពោលសុទ្ធតែពាក្យភរភូតវិញ ម្តងនេះសូមប្រាប់ដល់ខ្ញុំ តើនឹងយកអ្វីមកចងបងឲ្យជាប់បាន
11. គាត់ឆ្លើយថា បើគ្រាន់តែចងអញ ដោយពួរថ្មីដែលមិនទាន់ប្រើការសោះ នោះអញនឹងទៅជាខ្សោយ ដូចជាមនុស្សឯទៀតវិញ
12. ដូច្នេះ ដេលីឡាក៏យកពួរថ្មីទៅចងរួចស្រែកថា សាំសុនអើយ ន៏ ពួកភីលីស្ទីនមកចាប់បងហើយ ឯពួកអ្នកដែលបង្កប់ខ្លួន ក៏នៅចាំឰដ៏បន្ទប់ខាងក្នុង គាត់បណ្តាច់ពួរនោះចេញពីដៃទៅ គណនាដូចជាអំបោះ១សរសៃសុទ្ធ។