ជំពូក

  1. 1
  2. 2
  3. 3
  4. 4
  5. 5
  6. 6
  7. 7
  8. 8
  9. 9
  10. 10
  11. 11
  12. 12
  13. 13
  14. 14
  15. 15
  16. 16
  17. 17
  18. 18
  19. 19
  20. 20
  21. 21
  22. 22
  23. 23
  24. 24
  25. 25
  26. 26
  27. 27
  28. 28
  29. 29
  30. 30
  31. 31
  32. 32
  33. 33
  34. 34

គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

ចោទិយ‌កថា 24 ព្រះគម្ពីរបរិសុទ្ធ (KHOV)

ច្បាប់​អំពី​ការ​លែង‌លះ​គ្នា

1. បើ​បុរស​ណា​យក​ប្រពន្ធ រៀប‌ការ​ពេញ​ច្បាប់​ហើយ រួច​មក​បែរ​ជា​មិន​ចូល​ចិត្ត​វិញ ដោយ​បាន​ឃើញ​សេចក្ដី​ណា ដែល​មិន​គប្បី​នៅ​នឹង​នាង នោះ​ត្រូវ​ធ្វើ​សំបុត្រ​លះ‌លែង ប្រគល់​នៅ​ដៃ​នាង ហើយ​ឲ្យ​ចេញ​ពី​ផ្ទះ​ទៅ​ចុះ

2. កាល​ណា​នាង​បាន​ចេញ​ពី​ផ្ទះ​អ្នក​នោះ​ផុត​ហើយ នោះ​នាង​នឹង​ទៅ​ធ្វើ​ជា​ប្រពន្ធ​របស់​ម្នាក់​ទៀត​បាន

3. រួច​បើ‌សិន​ជា​ប្ដី​ក្រោយ​នោះ​ស្អប់​នាង ហើយ​ធ្វើ​សំបុត្រ​លះ‌លែង​ប្រគល់​នៅ​ដៃ​នាង ឲ្យ​ចេញ​ពី​ផ្ទះ​ខ្លួន​ទៅ​ដែរ ឬ​បើ​ប្ដី​ក្រោយ​ដែល​បាន​យក​នាង​ធ្វើ​ជា​ប្រពន្ធ នោះ​ស្លាប់​ទៅ

4. នោះ​ប្ដី​ដើម ដែល​បាន​បណ្តេញ​នាង​ហើយ គ្មាន​ច្បាប់​នឹង​យក​នាង​ធ្វើ​ជា​ប្រពន្ធ​វិញ ក្រោយ​ដែល​នាង​បាន​សៅ‌ហ្មង​ហើយ​នោះ​ទេ ដ្បិត​នោះ​ជា​សេចក្ដី​ស្អប់​ខ្ពើម នៅ​ចំពោះ​ព្រះ‌យេហូវ៉ា មិន​ត្រូវ​ឲ្យ​ឯង​នាំ​ឲ្យ​ស្រុក ដែល​ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​ឯង ទ្រង់​ប្រទាន​មក​ជា​មរដក មាន​បាន​សោះ​ឡើយ។

ច្បាប់​ផ្សេងៗ

5. បើ​អ្នក​ណា​ទើប​នឹង​យក​ប្រពន្ធ​ថ្មី មិន​ត្រូវ​ឲ្យ​អ្នក​នោះ​ចេញ​ទៅ​ច្បាំង​ឡើយ ក៏​មិន​ត្រូវ​ដាក់​បន្ទុក​អ្វី​ឲ្យ​គេ​ត្រូវ​រវល់​ដែរ ត្រូវ​ឲ្យ​នៅ​ទំនេរ​នៅ​ឯ​ផ្ទះ​អស់​១​ឆ្នាំ ដើម្បី​នឹង​បណ្តាល​ឲ្យ​នាង ដែល​ទើប​នឹសង​យក​ជា​ប្រពន្ធ​នោះ មាន​សេចក្ដី​រីក‌រាយ​ឡើង។

6. មិន​ត្រូវ​ឲ្យ​អ្នក​ណា​ទទួល​បញ្ចាំ​ថ្ម​ត្បាល់‌កិន ទោះ​គ្រប ឬ​តួ​ក្តី ដ្បិត​យ៉ាង​នោះ​ឈ្មោះ​ថា​ទទួល​បញ្ចាំ​ទាំង​ជីវិត​គេ​ផង។

7. បើ​ឃើញ​អ្នក​ណា​កំពុង​តែ​ចាប់​អ្នក​ណា​មួយ ក្នុង​ពួក​បង​ប្អូន ជា​ពួក​កូន​ចៅ​អ៊ីស្រា‌អែល យក​ទៅ​ប្រើ​ទុក​ដូច​ជា​ខ្ញុំ​បំរើ ឬ​លក់​ឲ្យ​ដល់​គេ​ក្តី នោះ​អ្នក​ដែល​ចាប់​លួច​យក​នឹង​ត្រូវ​ទោស​ដល់​ស្លាប់ យ៉ាង​នោះ​ឯង​នឹង​បំបាត់​ការ​អាក្រក់​ពី​ពួក​ឯង​ចេញ។

8. ចូរ​ប្រយ័ត្ន​ខាង​ឯ​រោគ​ឃ្លង់ ដើម្បី​ឲ្យ​បាន​ខំ​ប្រឹង​កាន់​ហើយ​ធ្វើ​តាម​គ្រប់​សេចក្ដី ដែល​ពួក​លេវី​ដ៏​ជា​សង្ឃ និង​បង្រៀន​ដល់​ឯង ត្រូវ​ឲ្យ​ប្រយ័ត្ន​នឹង​ធ្វើ​តាម ដូច​ជា​អញ​បាន​បង្គាប់​ដល់​គេ​គ្រប់​ជំពូក

9. ចូរ​នឹក​ចាំ​ពី​សេចក្ដី​ដែល​ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​ឯង បាន​ប្រព្រឹត្ត​នឹង​ម៉ារាម​តាម​ផ្លូវ ក្នុង​គ្រា​ដែល​ឯង​ចេញ​ពី​ស្រុក​អេស៊ីព្ទ​មក​ចុះ។

10. កាល​ណា​ឯង​ឲ្យ​អ្នក​ជិត​ខាង​ខ្ចី​អ្វីៗ នោះ​មិន​ត្រូវ​ចូល​តាម​គេ​ទៅ​ក្នុង​ផ្ទះ ដើម្បី​នឹង​យក​របស់​បញ្ចាំ​ពី​គេ​នោះ​ឡើយ

11. ត្រូវ​ឈរ​ឲ្យ​នៅ​ខាង​ក្រៅ ចាំ​អ្នក​ដែល​ឯង​បាន​ឲ្យ​ខ្ចី​នោះ យក​របស់​បញ្ចាំ​ចេញ​មក​ឲ្យ​ឯង​ឯ​ខាង​ក្រៅ​វិញ

12. ហើយ​បើ​អ្នក​នោះ​ជា​អ្នក​ទ័ល‌ក្រ នោះ​មិន​ត្រូវ​ឲ្យ​ឯង​ខាំង​ទុក​របស់​បញ្ចាំ​នោះ​ទៅ​ដេក​ឡើយ

13. លុះ​ដល់​ថ្ងៃ​លិច ត្រូវ​ឲ្យ​ឯង​ប្រគល់​ទៅ​គេ​វិញ​ជា​កុំ​ខាន ដើម្បី​ឲ្យ​គេ​បាន​ប្រដាប់​ដេក​ដណ្តប់​ខ្លួន​ដែរ យ៉ាង​នោះ​គេ​នឹង​ឲ្យ​ពរ​ដល់​ឯង ហើយ​ការ​នោះ​នឹង​បាន​រាប់​ជា​សេចក្ដី​សុចរិត​ដល់​ឯង នៅ​ចំពោះ​ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​ឯង។

14. មិន​ត្រូវ​ឲ្យ​ឯង​សង្កត់‌សង្កិន​កូន​ឈ្នួល​ឯង ដែល​ទ័ល‌ក្រ ហើយ​កំសត់​ទុរគត​ឡើយ ទោះ​ជា​ពួក​បង​ប្អូន ឬ​ជា​ពួក​អ្នក​ប្រទេស​ក្រៅ ដែល​នៅ​ក្នុង​ក្រុង ក្នុង​ស្រុក​របស់​ឯង​ក្តី

15. គឺ​ត្រូវ​បើក​ប្រាក់​ឈ្នួល​ឲ្យ​គេ ក្នុង​ពេល​កំណត់​កុំ​ខាន កុំ​ឲ្យ​ប្រាក់​នោះ​នៅ​នឹង​ឯង​ដរាប​ដល់​ថ្ងៃ​លិច​ឡើយ ដ្បិត​គេ​ទ័ល‌ក្រ ហើយ​មាន​ចិត្ត​សង្ឃឹម​ចង់​បាន​ប្រាក់​នោះ ក្រែង​គេ​អំពាវ‌នាវ​ដល់​ព្រះ‌យេហូវ៉ា​ទាស់​នឹង​ឯង នោះ​នឹង​រាប់​ជា​មាន​បាប​ដល់​ឯង​ហើយ។

16. មិន​ត្រូវ​សំឡាប់​ឪពុក​ដោយ​ព្រោះ​កូន ឬ​សំឡាប់​កូន​ដោយ​ព្រោះ​ឪពុក​ឡើយ ដែល​ត្រូវ​ស្លាប់​នោះ គឺ​ដោយ​ព្រោះ​តែ​បាប​របស់​ខ្លួន​ទេ។

17. មិន​ត្រូវ​ឲ្យ​ឯង​បង្វែរ​សេចក្ដី​យុត្តិ‌ធម៌ ពី​អ្នក​ប្រទេស​ក្រៅ ឬ​ពី​កូន​កំព្រា​ឡើយ ក៏​មិន​ត្រូវ​ទទួល​បញ្ចាំ​អាវ​របស់​ស្រី​មេម៉ាយ​ដែរ

18. ត្រូវ​ឲ្យ​នឹក​ចាំ​ថា ពី​ដើម​ឯង​ជា​បាវ​បំរើ​នៅ​ស្រុក​អេស៊ីព្ទ​ដែរ តែ​ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​ឯង ទ្រង់​បាន​លោះ​ចេញ​មក ហេតុ​នោះ​បាន​ជា​អញ​បង្គាប់​ឲ្យ​ឯង​ប្រព្រឹត្ត​ដូច្នេះ។

19. កាល​ណា​ច្រូត​ចំរូត​នៅ​ស្រែ​របស់​ឯង បើ​ភ្លេច​ស្រូវ​១​កណ្តាប់​នៅ​ឯ​ស្រែ នោះ​មិន​ត្រូវ​ត្រឡប់​ទៅ​យក​វិញ​ទេ ត្រូវ​ទុក​សំរាប់​អ្នក​ដទៃ និង​ពួក​កូន​កំព្រា ហើយ​នឹង​ស្រី​មេម៉ាយ​វិញ ដើម្បី​ឲ្យ​ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​ឯង​បាន​ប្រទាន​ពរ​ដល់​ឯង ក្នុង​គ្រប់​ការ​ទាំង​អស់ ដែល​ដៃ​ឯង​ធ្វើ

20. កាល​ណា​ឯង​វាយ​ជំរុះ​ផល ពី​ដើម​អូលីវ​របស់​ឯង​រួច​ម្តង​ហើយ នោះ​មិន​ត្រូវ​ឡើង​ទៅ​ធ្វើ​ម្តង​ទៀត​ទេ ត្រូវ​ទុក​សំរាប់​អ្នក​ដទៃ និង​ពួក​កូន​កំព្រា ហើយ​នឹង​ស្រី​មេម៉ាយ​វិញ

21. កាល​ណា​បេះ​ផ្លែ​ទំពាំង‌បាយ‌ជូរ​របស់​ឯង​ហើយ​នោះ មិន​ត្រូវ​ទៅ​១​សា​ទៀត ដើម្បី​នឹង​បេះ​ចង្កោម​ដែល​នៅ​សល់​ទេ ត្រូវ​ទុក​សំរាប់​ពួក​អ្នក​ដទៃ និង​ពួក​កូន​កំព្រា ហើយ​នឹង​ស្រី​មេម៉ាយ​វិញ

22. ត្រូវ​ឲ្យ​នឹក​ចាំ​ថា ពី​ដើម​ឯង​ជា​បាវ​បំរើ នៅ​ស្រុក​អេស៊ីព្ទ​ដែរ ហេតុ​នោះ​បាន​ជា​អញ​បង្គាប់ ឲ្យ​ឯង​ប្រព្រឹត្ត​ដូច្នេះ។