ជំពូក

  1. 1
  2. 2
  3. 3
  4. 4
  5. 5

គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

១ យ៉ូហាន 4 Khmer Standard Version (KHSV)

គ្រូ​ក្លែង‌ក្លាយ

1. កូន​ចៅ​ជា​ទី​ស្រឡាញ់​អើយ សូម​កុំ​ជឿ​អស់​អ្នក​ដែល​ថា ខ្លួន​មាន​ព្រះ‌វិញ្ញាណ​គង់​នៅ​ជា​មួយ​នោះ​ឡើយ ត្រូវ​ល្បង‌ល​គេ​មើល ដើម្បី​ឲ្យ​ដឹង​ថា វិញ្ញាណ​នេះ​មក​ពី​ព្រះ‌ជា‌ម្ចាស់​មែន ឬ​យ៉ាង​ណា ដ្បិត​មាន​ព្យាការី*​ក្លែង‌ក្លាយ​ជា​ច្រើន​បាន​មក​ក្នុង​លោក​នេះ។

2. បង‌ប្អូន​អាច​ស្គាល់​ព្រះ‌វិញ្ញាណ​របស់​ព្រះ‌ជា‌ម្ចាស់​បាន​នៅ​ត្រង់​នេះ គឺ​អ្នក​ណា​ប្រកាស​ជំនឿ​ថា ព្រះ‌យេស៊ូ‌គ្រិស្ដ*​បាន​យាង​មក​កើត​ជា​មនុស្ស អ្នក​នោះ​មាន​ព្រះ‌វិញ្ញាណ​មក​ពី​ព្រះ‌ជា‌ម្ចាស់​មែន

3. តែ​អ្នក​ណា​មិន​ទទួល​ស្គាល់​ថា​ព្រះ‌យេស៊ូ​កើត​មក​ជា​មនុស្ស​ទេ អ្នក​នោះ​មិន​កើត​មក​ពី​ព្រះ‌ជា‌ម្ចាស់​ឡើយ គឺ​មក​ពី​មេ​ប្រឆាំង​ព្រះ‌គ្រិស្ដ​វិញ ដូច​អ្នក​រាល់​គ្នា​បាន​ទទួល​ដំណឹង​ថា មាន​មេ​ប្រឆាំង​នឹង​ព្រះ‌គ្រិស្ដ​កំពុង​តែ​មក ឥឡូវ​នេះ គេ​ក៏​នៅ​ក្នុង​ពិភព​លោក​ស្រាប់។

4. កូន​ចៅ​អើយ អ្នក​រាល់​គ្នា​កើត​មក​ពី​ព្រះ‌ជា‌ម្ចាស់ ហើយ​អ្នក​រាល់​គ្នា​បាន​ឈ្នះ​ព្យាការី*​ក្លែង‌ក្លាយ​ទាំង​នោះ ដ្បិត​ព្រះ‌អង្គ​ដែល​គង់​នៅ​ក្នុង​អ្នក​រាល់​គ្នា ទ្រង់​មាន​អំណាច​ធំ​ជាង​ម្ចាស់​លោកីយ៍​នេះ​ទៅ​ទៀត។

5. អ្នក​ទាំង​នោះ​កើត​មក​ពី​លោកីយ៍ ហេតុ​នេះ​ហើយ​បាន​ជា​ពាក្យ​សម្ដី​របស់​គេ​ចេញ​ពី​លោកីយ៍ ហើយ​មនុស្ស​លោក​ស្ដាប់​គេ។

6. រីឯ​យើង​វិញ យើង​កើត​មក​ពី​ព្រះ‌ជា‌ម្ចាស់ អ្នក​ណា​ស្គាល់​ព្រះ‌ជា‌ម្ចាស់ អ្នក​នោះ​ក៏​ស្ដាប់​យើង​ដែរ អ្នក​ណា​មិន​កើត​មក​ពី​ព្រះ‌ជា‌ម្ចាស់​ទេ អ្នក​នោះ​មិន​ស្ដាប់​យើង​ឡើយ គឺ​ត្រង់​ហ្នឹង​ហើយ​ដែល​យើង​អាច​ដឹង​ថា ព្រះ‌វិញ្ញាណ​សម្តែង​សេចក្ដី​ពិត ខុស​ពី​វិញ្ញាណ​ដែល​នាំ​ឲ្យ​វង្វេង​នោះ​យ៉ាង​ណា។

ព្រះ‌ជា‌ម្ចាស់​ជា​សេចក្ដី​ស្រឡាញ់

7. កូន​ចៅ​ជា​ទី​ស្រឡាញ់​អើយ យើង​ត្រូវ​ស្រឡាញ់​គ្នា​ទៅ​វិញ​ទៅ​មក ព្រោះ​សេចក្ដី​ស្រឡាញ់​កើត​មក​ពី​ព្រះ‌ជា‌ម្ចាស់។ អ្នក​ណា​មាន​ចិត្ត​ស្រឡាញ់ អ្នក​នោះ​កើត​មក​ពី​ព្រះ‌ជា‌ម្ចាស់ ហើយ​ក៏​ស្គាល់​ព្រះ‌ជា‌ម្ចាស់​ដែរ។

8. រីឯ​អ្នក​ដែល​មិន​ចេះ​ស្រឡាញ់ មិន​បាន​ស្គាល់​ព្រះ‌ជា‌ម្ចាស់​ទេ ដ្បិត​ព្រះ‌ជា‌ម្ចាស់​ជា​សេចក្ដី​ស្រឡាញ់។

9. ព្រះ‌ជា‌ម្ចាស់​បាន​សម្តែង​ព្រះ‌ហឫទ័យ​ស្រឡាញ់​របស់​ព្រះ‌អង្គ​ក្នុង​ចំណោម​យើង គឺ​ព្រះ‌អង្គ​បាន​ចាត់​ព្រះ‌បុត្រា​តែ​មួយ​គត់​របស់​ព្រះ‌អង្គ​ឲ្យ​យាង​មក​ក្នុង​លោក​នេះ ដើម្បី​ឲ្យ​យើង​មាន​ជីវិត​ដោយ‌សារ​ព្រះ‌បុត្រា។

10. សេចក្ដី​ស្រឡាញ់​របស់​ព្រះ‌ជា‌ម្ចាស់​មាន​ដូច​ត​ទៅ​នេះ មិន​មែន​យើង​ទេ​ដែល​បាន​ស្រឡាញ់​ព្រះ‌អង្គ គឺ​ព្រះ‌អង្គ​ទេ​តើ​ដែល​បាន​ស្រឡាញ់​យើង និង​បាន​ចាត់​ព្រះ‌បុត្រា​របស់​ព្រះ‌អង្គ​ឲ្យ​យាង​មក​បូជា​ព្រះ‌ជន្ម លោះ​យើង​ឲ្យ​រួច​ពី​បាប​ផង។

11. កូន​ចៅ​ជា​ទី​ស្រឡាញ់​អើយ ប្រសិន​បើ​ព្រះ‌ជា‌ម្ចាស់​បាន​ស្រឡាញ់​យើង​ដល់​កម្រិត​នេះ​ទៅ​ហើយ យើង​ក៏​ត្រូវ​ស្រឡាញ់​គ្នា​ទៅ​វិញ​ទៅ​មក​ដែរ។

12. ពុំ​ដែល​មាន​នរណា​បាន​ឃើញ​ព្រះ‌ជា‌ម្ចាស់​ឡើយ។ ប្រសិន​បើ​យើង​ស្រឡាញ់​គ្នា​ទៅ​វិញ​ទៅ​មក ព្រះ‌ជា‌ម្ចាស់​ស្ថិត​នៅ​ជាប់​នឹង​យើង ហើយ​ព្រះ‌ហឫទ័យ​ស្រឡាញ់​របស់​ព្រះ‌អង្គ នឹង​បាន​គ្រប់​លក្ខណៈ​នៅ​ក្នុង​យើង​ដែរ។

13. យើង​ដឹង​ថា យើង​ស្ថិត​នៅ​ជាប់​នឹង​ព្រះ‌អង្គ ហើយ​ព្រះ‌អង្គ​ស្ថិត​នៅ​ជាប់​នឹង​យើង ដោយ​ទ្រង់​បាន​ចែក​ព្រះ‌វិញ្ញាណ​របស់​ព្រះ‌អង្គ​មក​យើង។

14. រីឯ​យើង​វិញ យើង​បាន​ឃើញ ហើយ​យើង​ផ្ដល់​សក្ខីភាព​ថា ព្រះ‌បិតា​បាន​ចាត់​ព្រះ‌បុត្រា​ឲ្យ​យាង​មក​សង្គ្រោះ​មនុស្ស​លោក។

15. អ្នក​ណា​ប្រកាស​ជំនឿ​ថា​ព្រះ‌យេស៊ូ​ពិត​ជា​ព្រះ‌បុត្រា​របស់​ព្រះ‌ជា‌ម្ចាស់ ព្រះ‌ជា‌ម្ចាស់​ស្ថិត​នៅ​ជាប់​នឹង​អ្នក​នោះ ហើយ​អ្នក​នោះ​ក៏​ស្ថិត​នៅ​ជាប់​នឹង​ព្រះ‌អង្គ​ដែរ។

16. រីឯ​យើង​វិញ យើង​បាន​ស្គាល់​ព្រះ‌ហឫទ័យ​ស្រឡាញ់​របស់​ព្រះ‌ជា‌ម្ចាស់ ក្នុង​ចំណោម​យើង ហើយ​យើង​ក៏​បាន​ជឿ។ ព្រះ‌ជា‌ម្ចាស់​ជា​សេចក្ដី​ស្រឡាញ់ អ្នក​ណា​ស្ថិត​នៅ​ជាប់​នឹង​សេចក្ដី​ស្រឡាញ់ អ្នក​នោះ​ស្ថិត​នៅ​ជាប់​នឹង​ព្រះ‌ជា‌ម្ចាស់ ហើយ​ព្រះ‌ជា‌ម្ចាស់​ក៏​ស្ថិត​នៅ​ជាប់​នឹង​អ្នក​នោះ​ដែរ។

17. បើ​សេចក្ដី​ស្រឡាញ់​ពិត​ជា​បាន​គ្រប់​លក្ខណៈ​នៅ​ក្នុង​យើង​មែន នោះ​យើង​នឹង​មាន​ចិត្ត​រឹង‌ប៉ឹង នៅ​ថ្ងៃ​ព្រះ‌ជា‌ម្ចាស់​វិនិច្ឆ័យ​ទោស​មនុស្ស​លោក ដ្បិត​ក្នុង​លោក​នេះ​យើង​មាន​របៀប​រស់​នៅ​ដូច​ព្រះ‌យេស៊ូ​ដែរ។

18. បើ​យើង​មាន​សេចក្ដី​ស្រឡាញ់​ក្នុង​ខ្លួន យើង​ឥត​មាន​ភ័យ​ខ្លាច​ទេ តែ​សេចក្ដី​ស្រឡាញ់​ដ៏​គ្រប់​លក្ខណៈ បណ្ដេញ​ការ​ភ័យ​ខ្លាច​ឲ្យ​ចេញ​ផុត​ទៅ​បាន​ថែម​ទៀត​ផង។ អ្នក​ណា​នៅ​ភ័យ​ខ្លាច អ្នក​នោះ​តែងតែ​ខ្លាច​ទទួល​ទណ្ឌ‌កម្ម ដូច្នេះ សេចក្ដី​ស្រឡាញ់​ពុំ​ទាន់​បាន​គ្រប់​លក្ខណៈ​នៅ​ក្នុង​ខ្លួន​គេ​ឡើយ។

19. រីឯ​យើង​វិញ យើង​មាន​ចិត្ត​ស្រឡាញ់ ព្រោះ​ព្រះ‌អង្គ​បាន​ស្រឡាញ់​យើង​ជា​មុន។

20. បើ​នរណា​ម្នាក់​ពោល​ថា “ខ្ញុំ​ស្រឡាញ់​ព្រះ‌ជា‌ម្ចាស់” តែ​ស្អប់​បង‌ប្អូន​របស់​ខ្លួន អ្នក​នោះ​និយាយ​កុហក​ហើយ។ អ្នក​ណា​មិន​ស្រឡាញ់​បង‌ប្អូន​ដែល​ខ្លួន​មើល​ឃើញ ក៏​ពុំ​អាច​ស្រឡាញ់​ព្រះ‌ជា‌ម្ចាស់​ដែល​ខ្លួន​មើល​ពុំ​ឃើញ​នោះ​បាន​ដែរ។

21. យើង​បាន​ទទួល​បទ​បញ្ជា​នេះ​ពី​ព្រះ‌អង្គ​ថា «អ្នក​ណា​ស្រឡាញ់​ព្រះ‌ជា‌ម្ចាស់ អ្នក​នោះ​ក៏​ត្រូវ​ស្រឡាញ់​បង‌ប្អូន​ដែរ»។