11. ហើយមានចែងទៀតថា: «ជាតិសាសន៍ទាំងឡាយអើយ ចូរកោតសរសើរព្រះអម្ចាស់ ត្រូវឲ្យប្រជារាស្ត្រផងទាំងពួង ច្រៀងសរសើរព្រះអង្គ»។
12. ព្យាការីអេសាយក៏មានប្រសាសន៍ថា: «ពូជរបស់លោកអ៊ីសាយនឹងមកដល់ ព្រះអង្គនឹងក្រោកឡើង ដើម្បីដឹកនាំជាតិសាសន៍នានា ហើយជាតិសាសន៍ទាំងនោះ នឹងសង្ឃឹមលើព្រះអង្គ»។
13. សូមព្រះជាម្ចាស់ ជាប្រភពនៃសេចក្ដីសង្ឃឹម ប្រោសបងប្អូនដែលមានជំនឿ ឲ្យបានពោរពេញដោយអំណរ និងសេចក្ដីសុខសាន្តគ្រប់ប្រការ ដើម្បីឲ្យបងប្អូនមានសង្ឃឹមយ៉ាងបរិបូណ៌ហូរហៀរ ដោយឫទ្ធានុភាពរបស់ព្រះវិញ្ញាណដ៏វិសុទ្ធ។
14. បងប្អូនអើយ ខ្ញុំជឿជាក់ថា បងប្អូនមានចិត្តសប្បុរសណាស់ ហើយក៏មានចំណេះជ្រៅជ្រះ និងមានសមត្ថភាពអាចទូន្មានគ្នាទៅវិញទៅមកបានថែមទៀតផង។
15. ក៏ប៉ុន្តែ នៅត្រង់ចំណុចខ្លះ ខ្ញុំសរសេរមករំឭកដាស់តឿនបងប្អូនយ៉ាងធ្ងន់ៗបន្ដិច ដោយសំអាងលើមុខងារ ដែលព្រះជាម្ចាស់ប្រោសប្រទានមកខ្ញុំ
16. ឲ្យបម្រើព្រះគ្រិស្ដយេស៊ូសម្រាប់សាសន៍ដទៃ។ ខ្ញុំប្រកាសដំណឹងល្អរបស់ព្រះជាម្ចាស់ជាមុខងារមួយដ៏ពិសិដ្ឋ ដើម្បីនាំសាសន៍ដទៃមកថ្វាយខ្លួនទុកជាតង្វាយដែលគាប់ព្រះហឫទ័យព្រះអង្គ និងជាតង្វាយដែលព្រះវិញ្ញាណដ៏វិសុទ្ធប្រោសឲ្យបានវិសុទ្ធ។
17. ដោយហេតុនេះ ខ្ញុំបានខ្ពស់មុខដោយរួមជាមួយព្រះគ្រិស្ដយេស៊ូ ចំពោះកិច្ចការដែលខ្ញុំធ្វើថ្វាយព្រះជាម្ចាស់
18. ដ្បិតខ្ញុំមិនហ៊ានលើកយកអ្វីផ្សេងមកនិយាយ ក្រៅពីការដែលព្រះគ្រិស្ដធ្វើតាមរយៈខ្ញុំ ទោះបីតាមពាក្យសម្ដីក្តី ឬតាមកិច្ចការក្តី ដើម្បីនាំសាសន៍ដទៃឲ្យមកស្ដាប់បង្គាប់ព្រះជាម្ចាស់នោះឡើយ។