2. គេនឹងបណ្ដេញអ្នករាល់គ្នាចេញពីសាលាប្រជុំ* ហើយនៅថ្ងៃក្រោយ អស់អ្នកដែលសម្លាប់អ្នករាល់គ្នា នឹកស្មានថាខ្លួនគោរពបម្រើព្រះជាម្ចាស់។
3. គេធ្វើដូច្នេះ មកពីគេមិនបានស្គាល់ព្រះបិតា ហើយក៏មិនស្គាល់ខ្ញុំផង។
4. ខ្ញុំនិយាយសេចក្ដីនេះប្រាប់អ្នករាល់គ្នា លុះដល់ពេលកំណត់ អ្នករាល់គ្នានឹងនឹកឃើញថា ខ្ញុំបានប្រាប់អ្នករាល់គ្នារួចស្រេចហើយ។ កាលពីមុន ខ្ញុំមិនបាននិយាយប្រាប់អ្នករាល់គ្នាទេ ពីព្រោះកាលណោះ ខ្ញុំនៅជាមួយអ្នករាល់គ្នានៅឡើយ»។
5. «ឥឡូវនេះ ខ្ញុំទៅឯព្រះអង្គដែលបានចាត់ខ្ញុំឲ្យមក ហើយក្នុងចំណោមអ្នករាល់គ្នា គ្មាននរណាសួរខ្ញុំថា“តើលោកអញ្ជើញទៅណា”ឡើយ។
6. ពេលឮខ្ញុំនិយាយដូច្នេះ អ្នករាល់គ្នាព្រួយចិត្តខ្លាំងណាស់។
7. ប៉ុន្តែ ខ្ញុំសូមប្រាប់អ្នករាល់គ្នាតាមត្រង់ថា បើខ្ញុំទៅ ទើបមានប្រយោជន៍ដល់អ្នករាល់គ្នា។ បើខ្ញុំមិនទៅទេ ព្រះដ៏ជួយការពារមិនយាងមករកអ្នករាល់គ្នាឡើយ។ ផ្ទុយទៅវិញ បើខ្ញុំទៅ ខ្ញុំនឹងចាត់ព្រះអង្គឲ្យមករកអ្នករាល់គ្នា។
8. កាលណាព្រះអង្គយាងមកដល់ ព្រះអង្គនឹងបញ្ជាក់ឲ្យមនុស្សលោកដឹងថា គេយល់ខុសអំពីបាប* អំពីសេចក្ដីសុចរិត* និងអំពីការកាត់ទោស។
9. គេយល់ខុសអំពីបាប ព្រោះគេមិនជឿលើខ្ញុំ
10. អំពីសេចក្ដីសុចរិត ព្រោះខ្ញុំទៅឯព្រះបិតា ហើយអ្នករាល់គ្នានឹងមិនឃើញខ្ញុំទៀតទេ