26. លោកយ៉ូហានឆ្លើយទៅគេថា៖ «ខ្ញុំធ្វើពិធីជ្រមុជក្នុងទឹកមែន ប៉ុន្តែ ក្នុងចំណោមអ្នករាល់គ្នា មានម្នាក់ដែលអ្នករាល់គ្នាពុំស្គាល់
27. លោកមកក្រោយខ្ញុំ លោកមានឋានៈខ្ពង់ខ្ពស់ណាស់ សូម្បីតែឲ្យខ្ញុំស្រាយខ្សែស្បែកជើងជូនលោក ក៏មិនសមនឹងឋានៈរបស់លោកផង»។
28. ហេតុការណ៍នេះកើតមាននៅភូមិបេតថានី ខាងនាយទន្លេយ័រដាន់ ត្រង់កន្លែងលោកយ៉ូហានធ្វើពិធីជ្រមុជទឹក*។
29. នៅថ្ងៃបន្ទាប់ លោកយ៉ូហានឃើញព្រះយេស៊ូយាងតម្រង់មករកលោក រួចលោកក៏មានប្រសាសន៍ថា៖ «មើលហ្ន៎! លោកនេះហើយជាកូនចៀមរបស់ព្រះជាម្ចាស់ ដែលដកបាបចេញពីមនុស្សលោក
30. គឺលោកនេះហើយ ដែលខ្ញុំបានប្រាប់អ្នករាល់គ្នាថា “អ្នកដែលមកក្រោយខ្ញុំ ប្រសើរជាងខ្ញុំ ដ្បិតលោកមានជីវិតមុនខ្ញុំ”។
31. កាលពីដើម ខ្ញុំពុំស្គាល់ឋានៈរបស់លោកទេ ប៉ុន្តែ ខ្ញុំមកធ្វើពិធីជ្រមុជក្នុងទឹក* ដើម្បីឲ្យលោកបង្ហាញខ្លួនឲ្យប្រជារាស្ត្រអ៊ីស្រាអែលស្គាល់»។
32. លោកយ៉ូហានបានផ្ដល់សក្ខីភាពថា៖ «ខ្ញុំបានឃើញព្រះវិញ្ញាណយាងចុះពីស្ថានបរមសុខ* ដូចសត្វព្រាបមកសណ្ឋិតលើលោក។
33. ពីមុន ខ្ញុំពុំស្គាល់ឋានៈលោកទេ ប៉ុន្តែ ព្រះជាម្ចាស់ដែលបានចាត់ខ្ញុំឲ្យមកធ្វើពិធីជ្រមុជក្នុងទឹក ទ្រង់មានព្រះបន្ទូលមកខ្ញុំថា “អ្នកឃើញព្រះវិញ្ញាណយាងចុះមកសណ្ឋិតលើអ្នកណា គឺអ្នកនោះហើយ ដែលធ្វើពិធីជ្រមុជក្នុងព្រះវិញ្ញាណដ៏វិសុទ្ធ*”។
34. ខ្ញុំបានឃើញដូច្នោះមែន ហើយខ្ញុំសូមបញ្ជាក់ថា លោកនេះពិតជាព្រះបុត្រារបស់ព្រះជាម្ចាស់មែន»។
35. ថ្ងៃបន្ទាប់មកទៀត លោកយ៉ូហាននៅទីនោះដដែល ហើយមានសិស្សរបស់លោកពីរនាក់នៅជាមួយផង។
36. លោកសម្លឹងមើលព្រះយេស៊ូយាងកាត់តាមនោះ ក៏មានប្រសាសន៍ថា៖ «មើលហ្ន៎! លោកនេះហើយជាកូនចៀមរបស់ព្រះជាម្ចាស់»។
37. កាលសិស្សទាំងពីរបានឮពាក្យនេះ គេនាំគ្នាដើរតាមព្រះយេស៊ូទៅ។
38. ព្រះយេស៊ូងាកមកក្រោយ ទតឃើញអ្នកទាំងពីរដើរតាម ព្រះអង្គក៏មានព្រះបន្ទូលសួរថា៖ «អ្នកទាំងពីរមករកអ្វី?»។ គេទូលព្រះអង្គថា៖ «រ៉ាប៊ី! (ពាក្យ“រ៉ាប៊ី” នេះប្រែថា“លោកគ្រូ”) តើលោកនៅកន្លែងណា?»។
39. ព្រះអង្គមានព្រះបន្ទូលទៅគេវិញថា៖ «សុំអញ្ជើញមក អ្នកនឹងបានឃើញ!»។ គេក៏ទៅឃើញកន្លែងដែលព្រះអង្គគង់នៅ ហើយគេក៏នៅជាមួយព្រះអង្គនៅថ្ងៃនោះ (ពេលនោះ ប្រហែលជាម៉ោងបួនរសៀល)។
40. ក្នុងចំណោមសិស្សទាំងពីរដែលបានឮពាក្យរបស់លោកយ៉ូហាន ហើយតាមព្រះយេស៊ូទៅនោះ មានម្នាក់ឈ្មោះអនទ្រេ ជាប្អូនរបស់លោកស៊ីម៉ូនពេត្រុស*។
41. គាត់ទៅជួបលោកស៊ីម៉ូនជាបងមុនគេ ប្រាប់ថា៖ «យើងបានរកព្រះមេស្ស៊ីឃើញហើយ!» (ពាក្យ“មេស្ស៊ី”នេះ ប្រែថា“ព្រះគ្រិស្ដ”)។