11. ព្រះអម្ចាស់មានព្រះបន្ទូលថា “យើងនឹងធ្វើឲ្យមានរឿងអពមង្គលកើតចេញពីក្នុងគ្រួសាររបស់អ្នក។ យើងនឹងយកស្ត្រីស្នំទាំងប៉ុន្មានរបស់អ្នក ប្រគល់ឲ្យមនុស្សម្នាក់ ដែលជាសាច់ឈាមរបស់អ្នក។ គេនឹងរួមដំណេកជាមួយស្ត្រីៗនោះ នៅកណ្ដាលវាល ចំពោះមុខអ្នកផង។
12. អ្នកបានប្រព្រឹត្តអំពើអាក្រក់ដោយស្ងាត់កំបាំង រីឯយើង យើងនឹងប្រព្រឹត្តការនេះចំពោះអ្នកវិញនៅកណ្ដាលវាល ឲ្យប្រជាជនអ៊ីស្រាអែលទាំងមូលឃើញ”»។
13. ព្រះបាទដាវីឌមានរាជឱង្ការទៅកាន់លោកណាថានថា៖ «យើងបានប្រព្រឹត្តអំពើបាបទាស់នឹងព្រះហឫទ័យព្រះអម្ចាស់ហើយ!»។
14. ព្យាការីណាថានទូលថា៖ «ព្រះអម្ចាស់លើកលែងទោសឲ្យព្រះករុណា ព្រះករុណានឹងមិនសោយទិវង្គតទេ។ ប៉ុន្តែ ដោយព្រះករុណាប្រព្រឹត្តអំពើបាបដ៏ធ្ងន់នេះ ជាឱកាសឲ្យខ្មាំងសត្រូវប្រមាថមើលងាយព្រះអម្ចាស់ បុត្ររបស់ព្រះករុណាដែលទើបប្រសូតមកនោះ នឹងត្រូវសុគតជាមិនខាន»។