10. ព្រះអម្ចាស់មានព្រះបន្ទូលមកកាន់ព្រះបាទម៉ាណាសេ និងប្រជាជន តែពួកគេមិនយកចិត្តទុកដាក់ស្ដាប់ឡើយ។
11. ពេលនោះ ព្រះអម្ចាស់នាំកងទ័ពរបស់ស្ដេចស្រុកអាស្ស៊ីរី ឲ្យមកវាយប្រហារជនជាតិយូដា ហើយចាប់បានព្រះបាទម៉ាណាសេដាក់កន្លុះ និងដាក់ខ្នោះលង្ហិនយ៉ាងជាប់នាំទៅក្រុងបាប៊ីឡូន។
12. នៅពេលមានទុក្ខទោសដូច្នេះ ស្ដេចបានអង្វរករព្រះអម្ចាស់ ជាព្រះរបស់ស្ដេច ហើយសារភាពកំហុសយ៉ាងអស់ពីចិត្ត នៅចំពោះព្រះនៃអយ្យកោរបស់ស្ដេច។
13. ស្ដេចទូលអង្វរព្រះជាម្ចាស់ ហើយព្រះអង្គទ្រង់ព្រះសណ្ដាប់ និងឆ្លើយតបចំពោះពាក្យដែលស្ដេចទូលអង្វរ ដោយប្រោសប្រទានឲ្យស្ដេចវិលត្រឡប់មកគ្រងរាជ្យ នៅក្រុងយេរូសាឡឹមវិញ។ ចាប់ពីពេលនោះមក ព្រះបាទម៉ាណាសេទទួលស្គាល់ថា ព្រះអម្ចាស់ពិតជាព្រះជាម្ចាស់មែន។
14. បន្ទាប់មក ស្ដេចបានសង់កំពែងពីក្រៅបុរីព្រះបាទដាវីឌ គឺនៅខាងលិចប្រភពទឹកគីហូន ក្នុងជ្រលងភ្នំ រហូតដល់ច្រកចូលទ្វារមច្ឆា។ កំពែងនេះព័ទ្ធខាងក្រៅអូផែល ហើយស្ដេចបានសង់យ៉ាងខ្ពស់។ ស្ដេចក៏បានតែងតាំងមេបញ្ជាការកងទ័ពនៅតាមក្រុងនានា ដែលមានកំពែងរឹងមាំក្នុងស្រុកយូដា។
15. ស្ដេចបានយកព្រះដទៃ ព្រមទាំងរូបចម្លាក់ចេញពីព្រះដំណាក់របស់ព្រះអម្ចាស់ ហើយស្ដេចក៏យកអាសនៈទាំងប៉ុន្មានដែលស្ដេចបានសង់នៅលើភ្នំនៃព្រះដំណាក់របស់ព្រះអម្ចាស់ ទៅបោះចោលខាងក្រៅទីក្រុងដែរ។
16. ស្ដេចបានសង់អាសនៈរបស់ព្រះអម្ចាស់ឡើងវិញ រួចថ្វាយយញ្ញបូជាមេត្រីភាព* និងយញ្ញបូជាអរព្រះគុណ។ ស្ដេចបង្គាប់ឲ្យអ្នកស្រុកយូដាគោរពបម្រើព្រះអម្ចាស់ ជាព្រះនៃជនជាតិអ៊ីស្រាអែល។