11. ព្រះបាទអម៉ាស៊ីយ៉ាតាំងចិត្តក្លាហាន នាំមុខកងទ័ព ឆ្ពោះទៅជ្រលងភ្នំអំបិល ហើយប្រហារទាហានអេដុម អស់មួយម៉ឺននាក់។
12. ទាហានយូដាចាប់បានខ្មាំងមួយម៉ឺននាក់ទៀត ហើយនាំឡើងទៅលើចំណោតថ្មមួយ រួចច្រានទម្លាក់ចុះមក ធ្វើឲ្យពួកគេស្លាប់ទាំងអស់គ្នា។
13. រីឯទាហានអ៊ីស្រាអែលដែលព្រះបាទអម៉ាស៊ីយ៉ាបណ្ដេញឲ្យវិលទៅផ្ទះវិញ ដើម្បីកុំឲ្យទៅច្បាំងជាមួយនោះ បាននាំគ្នារាតត្បាតក្រុងនានាក្នុងស្រុកយូដា ដែលនៅចន្លោះក្រុងសាម៉ារី និងក្រុងបេតហូរ៉ូន ហើយសម្លាប់ប្រជាជនអស់បីពាន់នាក់ ព្រមទាំងរឹបអូសយកជយភ័ណ្ឌជាច្រើនទៀតផង។
14. ក្រោយពេលវាយឈ្នះជនជាតិអេដុមហើយ ព្រះបាទអម៉ាស៊ីយ៉ាវិលត្រឡប់មកវិញ ទាំងនាំយកព្រះរបស់ជនជាតិអេដុមមកជាមួយ។ ស្ដេចយកព្រះទាំងនោះធ្វើជាព្រះរបស់ខ្លួន ដោយក្រាបថ្វាយបង្គំ និងដុតគ្រឿងក្រអូបថ្វាយព្រះទាំងនោះទៀតផង។
15. ពេលនោះ ព្រះអម្ចាស់ទ្រង់ព្រះពិរោធនឹងព្រះបាទអម៉ាស៊ីយ៉ាយ៉ាងខ្លាំង ព្រះអង្គចាត់ព្យាការីឲ្យទៅគាល់ស្ដេច ទូលថា៖ «ព្រះទាំងនេះមិនបានរំដោះប្រជាជនរបស់ខ្លួនឲ្យរួចពីកណ្ដាប់ដៃរបស់ព្រះករុណាទេ ចុះហេតុដូចម្ដេចបានជាព្រះករុណាបែរទៅគោរពព្រះរបស់សាសន៍នោះដូច្នេះ!»។
16. លោកមានប្រសាសន៍មិនទាន់ផុតផង ព្រះបាទអម៉ាស៊ីយ៉ាមានរាជឱង្ការទៅលោកថា៖ «តើយើងបានតែងតាំងអ្នកឲ្យធ្វើជាទីប្រឹក្សារបស់ស្ដេចពីអង្កាល់? ប្រសិនបើអ្នកមិនចង់ឲ្យគេវាយអ្នកទេនោះ ចូរនៅស្ងៀមទៅ!»។ ប៉ុន្តែ មុននឹងបញ្ចប់ព្យាការីថ្លែងថា៖ «ទូលបង្គំដឹងហើយថា ព្រះជាម្ចាស់បានសម្រេចនឹងបំផ្លាញព្រះករុណា ដ្បិតព្រះករុណាប្រព្រឹត្តបែបនេះ ហើយព្រះករុណាក៏បដិសេធមិនព្រមស្ដាប់យោបល់របស់ទូលបង្គំដែរ»។