1. លុះដល់ឆ្នាំទីប្រាំពីរ លោកបូជាចារ្យយេហូយ៉ាដាបានតាំងចិត្តក្លាហាន ហើយចុះសន្ធិសញ្ញាជាមួយពួកមេបញ្ជាការ គឺមានអសារា ជាកូនរបស់លោកយេរ៉ូហាំ លោកអ៊ីស្មាអែល ជាកូនរបស់លោកយ៉ូហាណាន លោកអសារា ជាកូនរបស់លោកអូបេដ លោកម៉ាសេយ៉ា ជាកូនរបស់លោកអដាយ៉ា និងលោកអេលីសាផាត ជាកូនរបស់លោកស៊ីកគ្រី។
2. មេបញ្ជាការទាំងនោះធ្វើដំណើរពាសពេញស្រុកយូដា ហើយប្រមូលពួកលេវីនៅតាមក្រុងទាំងប៉ុន្មានក្នុងស្រុកយូដា ព្រមទាំងប្រមូលមេក្រុមគ្រួសារនៃជនជាតិអ៊ីស្រាអែលឲ្យមកជួបជុំគ្នា នៅក្រុងយេរូសាឡឹម។
3. អង្គប្រជុំទាំងមូលបានចុះសន្ធិសញ្ញាជាមួយព្រះរាជា នៅក្នុងព្រះដំណាក់របស់ព្រះជាម្ចាស់។ លោកយេហូយ៉ាដាមានប្រសាសន៍ទៅពួកគេថា៖ «នេះនែ៎ បុត្ររបស់ព្រះមហាក្សត្រ! ទ្រង់នឹងគ្រងរាជ្យ ស្របតាមព្រះបន្ទូលដែលព្រះអម្ចាស់បានថ្លែងទុក ស្ដីអំពីរាជវង្សរបស់ព្រះបាទដាវីឌ។
4. អ្នករាល់គ្នាត្រូវធ្វើដូចតទៅ: ក្នុងចំណោមអ្នករាល់គ្នាដែលត្រូវវេនយាមនៅថ្ងៃសប្ប័ទ* គឺទាំងក្រុមបូជាចារ្យទាំងក្រុមលេវី មួយភាគបីត្រូវយាមនៅខ្លោងទ្វារ
5. មួយភាគបីយាមក្នុងដំណាក់ស្ដេច ហើយមួយភាគបីទៀត យាមនៅត្រង់មាត់ទ្វារយេសូដ។ រីឯប្រជាជនទាំងមូល ស្ថិតនៅក្នុងទីធ្លានៃព្រះដំណាក់របស់ព្រះអម្ចាស់។
6. មិនត្រូវឲ្យនរណាម្នាក់ចូលក្នុងព្រះដំណាក់របស់ព្រះអម្ចាស់ឡើយ គឺមានក្រុមបូជាចារ្យ និងក្រុមលេវីដែលចំវេនបំពេញមុខងារប៉ុណ្ណោះដែលអាចចូលបាន ព្រោះពួកគេជាមនុស្សវិសុទ្ធ*។ ប្រជាជនទាំងមូលត្រូវគោរពតាមបំរាមរបស់ព្រះអម្ចាស់។
7. ក្រុមលេវីត្រូវប្រដាប់អាវុធនៅការពារជុំវិញព្រះមហាក្សត្រ។ នរណាម្នាក់ហ៊ានចូលមកជិតព្រះដំណាក់ ត្រូវសម្លាប់គេចោល។ ចូរនៅជាប់ជាមួយព្រះមហាក្សត្រជានិច្ច ទោះបីស្ដេចយាងចេញ ឬចូលក៏ដោយ»។
8. ក្រុមលេវី និងប្រជាជនយូដាទាំងមូល នាំគ្នាធ្វើតាមបញ្ជាទាំងប៉ុន្មានរបស់លោកបូជាចារ្យយេហូយ៉ាដា ម្នាក់ៗនាំកូនទាហានរបស់ខ្លួន ទាំងអ្នកត្រូវវេនយាមនៅថ្ងៃសប្ប័ទ ទាំងអ្នកមិនត្រូវវេនយាម ដ្បិតលោកបូជាចារ្យយេហូយ៉ាដាមិនឲ្យក្រុមណាមួយនៅទំនេរឡើយ។
9. លោកបូជាចារ្យយេហូយ៉ាដាចែកលំពែង ព្រមទាំងខែលរបស់ព្រះបាទដាវីឌ ដែលតម្កល់ទុកក្នុងព្រះដំណាក់របស់ព្រះជាម្ចាស់ ជូនមេបញ្ជាការទាំងនោះ។
10. លោកដាក់ពលទាហានទាំងអស់ ដែលប្រដាប់អាវុធគ្រប់ៗដៃ ឲ្យឈរយាមចាប់ពីប៉ែកខាងស្ដាំ រហូតដល់ប៉ែកខាងឆ្វេងព្រះដំណាក់ ព្រមទាំងនៅជិតអាសនៈ និងនៅក្បែរព្រះដំណាក់ ដើម្បីការពារព្រះមហាក្សត្រ។
11. គេយាងបុត្ររបស់ស្ដេចចេញមក ហើយយកមកុដរាជ្យមកបំពាក់ ព្រមទាំងថ្វាយឯកសារនៃសម្ពន្ធមេត្រីផង លោកយេហូយ៉ាដា និងកូនៗរបស់លោក ចាក់ប្រេងអភិសេករាជកុមារ តែងតាំងជាស្ដេច ទាំងស្រែកថា៖ «ជយោ ព្រះមហាក្សត្រ!»។
12. កាលព្រះនាងអថាលាឮសម្រែកប្រជាជនដែលរត់ទៅមក ស្រែកអបអរសាទរព្រះមហាក្សត្រ ព្រះនាងយាងទៅមើលពួកគេ នៅក្នុងព្រះដំណាក់របស់ព្រះអម្ចាស់។