15. លុះព្រឹកឡើង អ្នកបម្រើរបស់អ្នកជំនិតព្រះជាម្ចាស់បានភ្ញាក់ពីព្រលឹម ចេញមកក្រៅ ឃើញមានពលទាហាន មានទ័ពសេះ និងរទេះចំបាំងឡោមព័ទ្ធទីក្រុង។ អ្នកបម្រើនោះជម្រាបអ្នកជំនិតរបស់ព្រះជាម្ចាស់ថា៖ «លោកម្ចាស់អើយ! តើយើងត្រូវធ្វើដូចម្ដេច?»។
16. លោកឆ្លើយថា៖ «កុំខ្លាចអ្វីឡើយ! ដ្បិតអ្នកដែលនៅខាងយើង មានគ្នាច្រើនជាងពួកគេទៅទៀត»។
17. លោកអេលីសេអធិស្ឋានថា៖ «បពិត្រព្រះអម្ចាស់! សូមមេត្តាបើកភ្នែកគេឲ្យមើលឃើញផង!»។ ព្រះអម្ចាស់បើកភ្នែកអ្នកបម្រើនោះ ហើយគេក៏មើលឃើញ នៅលើភ្នំ មានសុទ្ធតែទ័ពសេះ និងរទេះចំបាំងជាភ្លើង ជុំវិញលោកអេលីសេ។
18. ពលទាហានស៊ីរីចុះតម្រង់មករកលោកអេលីសេ លោកអធិស្ឋានព្រះអម្ចាស់ថា៖ «សូមព្រះអង្គមេត្តាធ្វើឲ្យពួកគេស្រវាំងភ្នែកទៅ!»។ ព្រះអម្ចាស់ក៏ធ្វើឲ្យទាហានស៊ីរីស្រវាំងភ្នែក តាមពាក្យសុំរបស់លោកអេលីសេ។
19. លោកអេលីសេប្រាប់ពួកគេថា៖ «អ្នករាល់គ្នាច្រឡំផ្លូវហើយ មិនមែនក្រុងនេះទេដែលអ្នករាល់គ្នាត្រូវទៅនោះ។ សូមមកតាមខ្ញុំ ខ្ញុំនឹងនាំអ្នករាល់គ្នាទៅជួបមនុស្ស ដែលអ្នករាល់គ្នាកំពុងស្វែងរក»។ លោកនាំពួកគេចូលក្រុងសាម៉ារី។
20. លុះពួកគេចូលក្នុងក្រុងសាម៉ារីហើយ លោកអេលីសេអធិស្ឋានថា៖ «បពិត្រព្រះអម្ចាស់! សូមមេត្តាប្រោសឲ្យភ្នែករបស់អ្នកទាំងនេះភ្លឺផង!»។ ព្រះអម្ចាស់ធ្វើឲ្យភ្នែករបស់ពួកគេភ្លឺ ហើយពួកគេឃើញថា ខ្លួនកំពុងស្ថិតនៅកណ្ដាលក្រុងសាម៉ារី។
21. ពេលស្ដេចស្រុកអ៊ីស្រាអែលទតឃើញទាហានស៊ីរី ស្ដេចមានរាជឱង្ការសួរលោកអេលីសេថា៖ «លោកឪពុក! តើយើងត្រូវប្រហារជីវិតពួកគេឬ?»។
22. លោកទូលស្ដេចថា៖ «សូមកុំប្រហារជីវិតពួកគេធ្វើអ្វី តើព្រះករុណាគួរប្រហារជីវិតឈ្លើយសឹកដោយមុខដាវ ឬដោយព្រួញ? សូមព្រះករុណាប្រទាននំបុ័ង និងទឹកឲ្យពួកគេបរិភោគ រួចលែងពួកគេឲ្យវិលទៅជួបម្ចាស់របស់ខ្លួនវិញចុះ»។
23. ស្ដេចស្រុកអ៊ីស្រាអែលរៀបចំពិធីជប់លៀងមួយយ៉ាងធំ ទទួលទាហានស៊ីរីទាំងនោះ។ កាលពួកគេបរិភោគរួចហើយ ស្ដេចឲ្យពួកគេវិលទៅរកម្ចាស់របស់ខ្លួនវិញ។ ចាប់តាំងពីពេលនោះមក ទាហានស៊ីរីលែងឈ្លានពានចូលមកក្នុងទឹកដីអ៊ីស្រាអែលទៀត។
24. លុះក្រោយមក ព្រះបាទបេនហាដាដ ជាស្ដេចស្រុកស៊ីរី ប្រមូលកងទ័ពទាំងអស់ ឡើងទៅឡោមព័ទ្ធក្រុងសាម៉ារី។
25. ដូច្នេះ នៅក្រុងសាម៉ារី មានកើតទុរ្ភិក្សយ៉ាងខ្លាំង។ កងទ័ពស៊ីរីឡោមព័ទ្ធទីក្រុងយ៉ាងយូរ រហូតដល់ក្បាលសត្វលាមួយឡើងថ្លៃជាប្រាក់សុទ្ធប៉ែតសិបតម្លឹង ហើយសណ្ដែកមួយរង្វាល់ថ្លៃប្រាំតម្លឹង។
26. ថ្ងៃមួយ ស្ដេចស្រុកអ៊ីស្រាអែលកំពុងយាងនៅលើកំពែង ស្រាប់តែមានស្ត្រីម្នាក់ស្រែកទូលថា៖ «បពិត្រព្រះករុណាជាអម្ចាស់! សូមជួយខ្ញុំម្ចាស់ផង!»។
27. ស្ដេចមានរាជឱង្ការថា៖ «ប្រសិនបើព្រះអម្ចាស់មិនជួយនាងទេនោះ ធ្វើម្ដេចឲ្យយើងជួយនាងបាន? ស្រូវ យើងក៏គ្មាន ស្រាទំពាំងបាយជូរ ក៏គ្មានដែរ»។
28. ស្ដេចមានរាជឱង្ការទៀតថា៖ «តើនាងមានរឿងអ្វី?»។ នាងទូលថា៖ «កាលពីថ្ងៃមុន ស្ត្រីម្នាក់នោះបបួលខ្ញុំម្ចាស់ថា “ចូរយកកូនរបស់នាងមក យើងចែកគ្នាបរិភោគនៅថ្ងៃនេះ ហើយស្អែកយើងនឹងបរិភោគកូនរបស់ខ្ញុំវិញ”។
29. យើងទាំងពីរក៏យកកូនរបស់ខ្ញុំម្ចាស់ទៅស្ងោរបរិភោគ។ លុះស្អែកឡើង ខ្ញុំម្ចាស់ប្រាប់នាងនោះថា “ចូរយកកូនរបស់នាងមក យើងចែកគ្នាបរិភោគ” ប៉ុន្តែ នាងនោះបានយកកូនរបស់ខ្លួនទៅលាក់»។