14. ពេលក្រោយ ប្រសិនបើខ្ញុំនៅមានជីវិត សូមប្អូនប្រព្រឹត្តចំពោះខ្ញុំ ដោយចិត្តស្មោះស្ម័គ្រមកពីព្រះអម្ចាស់ ដើម្បីកុំឲ្យខ្ញុំបាត់បង់ជីវិតឡើយ។
15. ទោះបីព្រះអម្ចាស់ផ្ដាច់ជីវិតខ្មាំងសត្រូវរបស់ប្អូនម្ដងមួយៗអស់ពីផែនដីក៏ដោយ សូមប្អូននៅតែសម្តែងចិត្តស្មោះស្ម័គ្រនេះចំពោះកូនចៅរបស់ខ្ញុំ រហូតតទៅ»។
16. ដូច្នេះ សម្ដេចយ៉ូណាថានចងសម្ពន្ធមេត្រីជាមួយលោកដាវីឌ និងកូនចៅរបស់លោក ដោយពោលថា៖ «បើលោកដាវីឌមិនគោរពសម្ពន្ធមេត្រីនេះទេ សូមព្រះអម្ចាស់ដាក់ទោសលោក តាមរយៈខ្មាំងសត្រូវ!»។
17. សម្ដេចយ៉ូណាថានបានសុំឲ្យលោកដាវីឌស្បថសាជាថ្មី ក្នុងនាមនៃសេចក្ដីស្រឡាញ់ដែលសម្ដេចមានចំពោះរូបលោក ដ្បិតសម្ដេចយ៉ូណាថានស្រឡាញ់លោកដាវីឌ ដូចស្រឡាញ់ខ្លួនឯង។
18. សម្ដេចយ៉ូណាថានបញ្ជាក់បន្ថែមថា៖ «ស្អែក នៅពេលបុណ្យដើមខែ គេនឹងសង្កេតឃើញថាបាត់រូបប្អូន ព្រោះកៅអីរបស់ប្អូននៅទំនេរ។
19. ខានស្អែក ប្អូនត្រូវចុះទៅកន្លែងដែលប្អូនបានលាក់ខ្លួនកាលពីថ្ងៃមុននោះ គឺប្អូនត្រូវទៅពួននៅក្បែរផ្ទាំងថ្មអេសែល។
20. ខ្ញុំនឹងបាញ់ព្រួញបីដើមទៅរកថ្មនោះ គឺខ្ញុំបាញ់តម្រង់ឆ្ពោះទៅរកទិសដៅមួយ។
21. បន្ទាប់មក ខ្ញុំប្រើក្មេងបម្រើខ្ញុំឲ្យទៅរើស។ បើខ្ញុំស្រែកថា “មើលហ្ន៎! ព្រួញនៅមិនឆ្ងាយទេ ចូរទៅរើសមក” នោះបានសេចក្ដីថា ប្អូនអាចវិលមកវិញដោយសុខសាន្ត! ខ្ញុំសុំស្បថក្នុងនាមព្រះអម្ចាស់ដែលមានព្រះជន្មគង់នៅថា គ្មានបញ្ហាអ្វីទេ!
22. ប៉ុន្តែ បើខ្ញុំប្រាប់ទៅក្មេងបម្រើនោះថា “ព្រួញនៅឆ្ងាយឯនាយ” នោះចូរប្អូនទៅចុះ ដ្បិតព្រះអម្ចាស់សព្វព្រះហឫទ័យឲ្យប្អូនចាកចេញទៅហើយ។
23. ព្រះអម្ចាស់ធ្វើជាសាក្សីដឹងឮរហូតតទៅ ចំពោះពាក្យដែលយើងបានសន្យាជាមួយគ្នា»។
24. លោកដាវីឌក៏ចេញទៅពួននៅឯវាលស្រែ។លុះដល់ពេលបុណ្យដើមខែ ព្រះបាទសូលគង់សោយព្រះស្ងោយក្នុងពិធីជប់លៀង។
25. ស្ដេចគង់នៅជិតជញ្ជាំងដូចសព្វមួយដង សម្ដេចយ៉ូណាថានគង់នៅទល់មុខ លោកអប៊ីនើរអង្គុយនៅក្បែរស្ដេច តែកន្លែងរបស់លោកដាវីឌនៅទំនេរ។
26. នៅថ្ងៃនោះ ព្រះបាទសូលមិនសួរនាំអ្វីឡើយ ដោយស្ដេចនឹកស្មានថា មានហេតុអ្វីមួយកើតឡើងចំពោះលោកដាវីឌ ធ្វើឲ្យលោកក្លាយទៅមិនបរិសុទ្ធ គឺលោកពិតជាមិនបរិសុទ្ធមែន។
27. នៅថ្ងៃបន្ទាប់ ជាថ្ងៃទីពីរនៃពិធីបុណ្យដើមខែ កន្លែងរបស់លោកដាវីឌនៅទំនេរដដែល។ ព្រះបាទសូលសួរសម្ដេចយ៉ូណាថាន ជាបុត្រថា៖ «ហេតុអ្វីបានជាកូនលោកអ៊ីសាយមិនមកជប់លៀង ទាំងម្សិលមិញ ទាំងថ្ងៃនេះដូច្នេះ?»។
28. សម្ដេចយ៉ូណាថានទូលថា៖ «ដាវីឌបានទទូចអង្វរសូមអនុញ្ញាតពីទូលបង្គំទៅឯបេថ្លេហិម
29. ដោយប្រាប់ថា “សូមអនុញ្ញាតឲ្យខ្ញុំចេញទៅ ដ្បិតអំបូររបស់យើងខ្ញុំត្រូវថ្វាយយញ្ញបូជា នៅទីនោះ ហើយបងប្រុសខ្ញុំបានផ្ដាំឲ្យខ្ញុំទៅចូលរួម។ បើសម្ដេចយល់អធ្យាស្រ័យដល់ខ្ញុំ សូមអនុញ្ញាតឲ្យខ្ញុំទៅជួបជុំបងប្អូនផង”។ ហេតុនេះហើយបានជាគេមិនមកចូលរួមក្នុងពិធីជប់លៀងរបស់បិតា»។
30. ព្រះបាទសូលខ្ញាល់នឹងសម្ដេចយ៉ូណាថានយ៉ាងខ្លាំង ស្ដេចស្រែកជេរថា៖ «អាកូនឥតពូជ ឥតអំបូរ! អញដឹងថា ឯងកាន់ជើងកូនរបស់លោកអ៊ីសាយ។ ឯងមុខជាត្រូវអាម៉ាស់ ទាំងកូនទាំងម្ដាយមិនខាន!
31. តោងដឹងថា ដរាបណាកូនលោកអ៊ីសាយនៅមានជីវិតលើផែនដី នោះឯងច្បាស់ជាមិនអាចឡើងសោយរាជ្យឡើយ។ ដូច្នេះ ចូរចាត់គេឲ្យទៅចាប់វានាំមកឲ្យអញនៅទីនេះ ដ្បិតវាត្រូវតែស្លាប់»។