11. កាលព្រះបាទសូល និងប្រជាជនអ៊ីស្រាអែលទាំងមូល ឮពាក្យសម្ដីរបស់ទាហានភីលីស្ទីននោះ ក៏ញាប់ញ័រ ហើយភ័យខ្លាចជាខ្លាំង។
12. យុវជនដាវីឌជាកូនរបស់លោកអ៊ីសាយ ពីអំបូរអេប្រាតា ដែលរស់នៅភូមិបេថ្លេហិមក្នុងស្រុកយូដា។ លោកអ៊ីសាយមានកូនប្រុសប្រាំបីនាក់។ នៅជំនាន់ព្រះបាទសូល លោកមានវ័យចាស់ជរាណាស់ទៅហើយ។
13. កូនប្រុសច្បងទាំងបីរបស់លោក គឺ អេលាប អប៊ីណាដាប់ និងសាម៉ា បានចេញទៅច្បាំង រួមជាមួយព្រះបាទសូល
14. ហើយដាវីឌជាកូនពៅ។ ពេលបងៗទាំងបីចេញទៅជាមួយព្រះបាទសូលអស់ទៅ
15. ដាវីឌវិលត្រឡប់ទៅផ្ទះវិញ ដើម្បីឃ្វាលចៀមឲ្យឪពុកនៅភូមិបេថ្លេហិម។
16. កូលីយ៉ាតជាជនជាតិភីលីស្ទីននោះ បានចេញមកសំឡុតពលទ័ពអ៊ីស្រាអែល ទាំងព្រឹក ទាំងល្ងាច អស់រយៈពេលសែសិបថ្ងៃ។
17. ថ្ងៃមួយ លោកអ៊ីសាយមានប្រសាសន៍ទៅកាន់យុវជនដាវីឌ ជាកូនថា៖ «ចូរយកលាជមួយថង់ និងនំប៉័ងដប់ដុំនេះ ទៅឲ្យបងៗនៅកន្លែងបោះទ័ពយ៉ាងលឿន។
18. ចូរយកប្រូម៉ាស់ដប់ដុំនេះទៅជូនលោកមេទ័ពរបស់គេដែរ។ កូនត្រូវសួរសុខទុក្ខបងៗ ហើយយកអ្វីមួយជាសម្គាល់មកផង ដើម្បីបញ្ជាក់ថាពួកគេបានសេចក្ដីសុខហើយ។
19. ពួកគេស្ថិតនៅជាមួយព្រះបាទសូល និងពលទាហានអ៊ីស្រាអែលទាំងមូល នៅតាមជ្រលងភ្នំអេឡា ហើយកំពុងតែច្បាំងជាមួយពួកភីលីស្ទីន»។