ជំពូក

  1. 1
  2. 2
  3. 3
  4. 4
  5. 5
  6. 6
  7. 7
  8. 8
  9. 9
  10. 10
  11. 11
  12. 12
  13. 13
  14. 14
  15. 15
  16. 16
  17. 17
  18. 18
  19. 19
  20. 20
  21. 21
  22. 22
  23. 23
  24. 24
  25. 25
  26. 26
  27. 27
  28. 28
  29. 29
  30. 30
  31. 31

គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

១ សាំយូ‌អែល 17 Khmer Standard Version (KHSV)

កូលី‌យ៉ាត​ប្រមាថ​កង‌ទ័ព​អ៊ីស្រា‌អែល

1. ពួក​ភីលីស្ទីន​ប្រមូល​ផ្ដុំ​កង‌ទ័ព ដើម្បី​ធ្វើ​សង្គ្រាម។ ពួក​គេ​ប្រមូល​ផ្ដុំ​គ្នា​នៅ​សូកូ ក្នុង​ស្រុក​យូដា ហើយ​ទៅ​បោះ​ទ័ព​នៅ​អេផេស-‌ដាំមីម ដែល​នៅ​ចន្លោះ​សូកូ និង​អាសេ‌កា។

2. រីឯ​ព្រះ‌បាទ​សូល និង​ទាហាន​អ៊ីស្រា‌អែល ក៏​បាន​ប្រមូល​ផ្ដុំ​គ្នា​ដែរ ហើយ​បោះ​ទ័ព​នៅ​តាម​ជ្រលង​ភ្នំ​អេឡា រួច​រៀប​ទ័ព ដើម្បី​ប្រយុទ្ធ​នឹង​ពួក​ភីលីស្ទីន។

3. ពួក​ភីលីស្ទីន​ស្ថិត​នៅ​លើ​ភ្នំ​ម្ខាង ពួក​អ៊ីស្រា‌អែល​ស្ថិត​នៅ​លើ​ភ្នំ​ម្ខាង​ទៀត មាន​ជ្រលង​ភ្នំ​នៅ​ចន្លោះ​កង‌ទ័ព​ទាំង​ពីរ។

4. មាន​ទាហាន​ជើង​ឯក​ម្នាក់​ចេញ​ពី​ជំរំ​ភីលីស្ទីន អ្នក​នោះ​ឈ្មោះ​កូលី‌យ៉ាត មក​ពី​ក្រុង​កាថ គាត់​មាន​កំពស់​ប្រមាណ​បី​ម៉ែត្រ។

5. គាត់​ពាក់​មួក​ធ្វើ​ពី​លង្ហិន និង​អាវ‌ក្រោះ​មាន​ទម្ងន់​ប្រមាណ​ហា‌សិប​ប្រាំ‌ពីរ​គីឡូ​ក្រាម ធ្វើ​ពី​លង្ហិន​ដែរ។

6. គាត់​មាន​ប្រដាប់​ស្រោប​ជើង​ធ្វើ​ពី​លង្ហិន ព្រម​ទាំង​មាន​ស្ន​ធ្វើ​ពី​លង្ហិន​ពាក់​ឆៀង​ដែរ។

7. ដង​លំពែង​របស់​គាត់​មាន​រាង​ធំ​ដូច​ផ្សំ​កី‌តម្បាញ ផ្លែ​លំពែង​នោះ​ធ្វើ​ពី​ដែក មាន​ទម្ងន់​ប្រមាណ​ប្រាំ‌ពីរ​គីឡូ​ក្រាម។ មាន​ទាហាន​ម្នាក់​ទៀត​កាន់​ខែល​ដើរ​ពី​មុខ​គាត់។

8. គាត់​ឈរ ហើយ​ស្រែក​ទៅ​កាន់​ពល​ទ័ព​អ៊ីស្រា‌អែល​ថា៖ «ហេតុ​អ្វី​បាន​ជា​ពួក​ឯង​ចាំ‌បាច់​រៀប​ទ័ព​ច្បាំង​ដូច្នេះ? អញ​ជា​ជន‌ជាតិ​ភីលីស្ទីន រីឯ​ពួក​ឯង​ជា​កញ្ជះ​របស់​ស្ដេច​សូល។ ចូរ​រើស​ម្នាក់​ក្នុង​ចំណោម​ពួក​ឯង​ឲ្យ​ចេញ​មក​ប្រយុទ្ធ​នឹង​អញ។

9. ប្រសិន​បើ​វា​ច្បាំង​ឈ្នះ​អញ ហើយ​សម្លាប់​អញ នោះ​ពួក​អញ​នឹង​ធ្វើ​ជា​ខ្ញុំ​កញ្ជះ​របស់​ពួក​ឯង តែ​ប្រសិន​បើ​អញ​ឈ្នះ ហើយ​សម្លាប់​វា​បាន ពួក​ឯង​នឹង​ក្លាយ​ទៅ​ជា​ខ្ញុំ​កញ្ជះ ហើយ​នៅ​បម្រើ​ពួក​អញ​វិញ»។

10. ទាហាន​ភីលីស្ទីន​នោះ​និយាយ​ទៀត​ថា៖ «ថ្ងៃ​នេះ អញ​នឹង​បំបាក់​មុខ​ពល​ទ័ព​អ៊ីស្រា‌អែល! ចូរ​ឲ្យ​ម្នាក់​ចេញ​មក​ប្រយុទ្ធ​គ្នា​ជា​មួយ​អញ​មើល៍!»។

11. កាល​ព្រះ‌បាទ​សូល និង​ប្រជា‌ជន​អ៊ីស្រា‌អែល​ទាំង​មូល ឮ​ពាក្យ​សម្ដី​របស់​ទាហាន​ភីលីស្ទីន​នោះ ក៏​ញាប់‌ញ័រ ហើយ​ភ័យ​ខ្លាច​ជា​ខ្លាំង។

យុវជន​ដាវីឌ​ប្រយុទ្ធ​នឹង​កូលី‌យ៉ាត

12. យុវជន​ដាវីឌ​ជា​កូន​របស់​លោក​អ៊ីសាយ ពី​អំបូរ​អេប្រាតា ដែល​រស់​នៅ​ភូមិ​បេថ្លេ‌ហិម​ក្នុង​ស្រុក​យូដា។ លោក​អ៊ីសាយ​មាន​កូន​ប្រុស​ប្រាំ​បី​នាក់។ នៅ​ជំនាន់​ព្រះ‌បាទ​សូល លោក​មាន​វ័យ​ចាស់​ជរា​ណាស់​ទៅ​ហើយ។

13. កូន​ប្រុស​ច្បង​ទាំង​បី​របស់​លោក គឺ អេលាប អប៊ី‌ណាដាប់ និង​សាម៉ា បាន​ចេញ​ទៅ​ច្បាំង រួម​ជា​មួយ​ព្រះ‌បាទ​សូល

14. ហើយ​ដាវីឌ​ជា​កូន​ពៅ។ ពេល​បងៗ​ទាំង​បី​ចេញ​ទៅ​ជា​មួយ​ព្រះ‌បាទ​សូល​អស់​ទៅ

15. ដាវីឌ​វិល​ត្រឡប់​ទៅ​ផ្ទះ​វិញ ដើម្បី​ឃ្វាល​ចៀម​ឲ្យ​ឪពុក​នៅ​ភូមិ​បេថ្លេ‌ហិម។

16. កូលី‌យ៉ាត​ជា​ជន‌ជាតិ​ភីលីស្ទីន​នោះ បាន​ចេញ​មក​សំឡុត​ពល​ទ័ព​អ៊ីស្រា‌អែល ទាំង​ព្រឹក ទាំង​ល្ងាច អស់​រយៈ​ពេល​សែ‌សិប​ថ្ងៃ។

17. ថ្ងៃ​មួយ លោក​អ៊ីសាយ​មាន​ប្រសាសន៍​ទៅ​កាន់​យុវជន​ដាវីឌ ជា​កូន​ថា៖ «ចូរ​យក​លាជ​មួយ​ថង់ និង​នំប៉័ង​ដប់​ដុំ​នេះ ទៅ​ឲ្យ​បងៗ​នៅ​កន្លែង​បោះ​ទ័ព​យ៉ាង​លឿន។

18. ចូរ​យក​ប្រូម៉ាស់​ដប់​ដុំ​នេះ​ទៅ​ជូន​លោក​មេ‌ទ័ព​របស់​គេ​ដែរ។ កូន​ត្រូវ​សួរ​សុខ​ទុក្ខ​បងៗ ហើយ​យក​អ្វី​មួយ​ជា​សម្គាល់​មក​ផង ដើម្បី​បញ្ជាក់​ថា​ពួក​គេ​បាន​សេចក្ដី​សុខ​ហើយ។

19. ពួក​គេ​ស្ថិត​នៅ​ជា​មួយ​ព្រះ‌បាទ​សូល និង​ពល​ទាហាន​អ៊ីស្រា‌អែល​ទាំង​មូល នៅ​តាម​ជ្រលង​ភ្នំ​អេឡា ហើយ​កំពុង​តែ​ច្បាំង​ជា​មួយ​ពួក​ភីលីស្ទីន»។

20. យុវជន​ដាវីឌ​ក្រោក​ពី​ព្រលឹម ទុក​ហ្វូង​ចៀម​ឲ្យ​គង្វាល​ម្នាក់​មើល​ថែ​ទាំ រួច​យក​ស្បៀង​អាហារ​ទាំង​នោះ​ចេញ​ដំណើរ​ទៅ តាម​បង្គាប់​របស់​លោក​អ៊ីសាយ។ ពេល​ដាវីឌ​ទៅ​ដល់​កន្លែង​បោះ​ទ័ព ពល​ទាហាន​កំពុង​រៀប​ទ័ព ដើម្បី​ប្រយុទ្ធ ព្រម​ទាំង​ស្រែក​ហ៊ោ​កញ្ជ្រៀវ​យ៉ាង​ខ្លាំង។

21. ទាហាន​អ៊ីស្រា‌អែល និង​ទាហាន​ភីលីស្ទីន រៀប​ទ័ព​នៅ​ប្រឈម​មុខ​គ្នា ដើម្បី​ប្រយុទ្ធ។

22. ដាវីឌ​ប្រគល់​ឥវ៉ាន់​របស់​ខ្លួន​ឲ្យ​អ្នក​ថែ‌រក្សា​សម្ភារៈ រួច​រត់​តម្រង់​ទៅ​ជួរ​ទ័ព​ខាង​មុខ។ ពេល​ទៅ​ដល់​ភ្លាម គាត់​ជម្រាប​សួរ​សុខ​ទុក្ខ​បងៗ។

23. ពេល​ដាវីឌ​កំពុង​តែ​សំណេះ‌សំណាល​ជា​មួយ​បងៗ ទាហាន​ភីលីស្ទីន ឈ្មោះ​កូលី‌យ៉ាត ជា​អ្នក​ក្រុង​កាថ ចេញ​មក​ខាង​មុខ​ជួរ​ទ័ព​របស់​ខ្លួន ហើយ​ស្រែក​សួរ​ពួក​អ៊ីស្រា‌អែល​នូវ​ពាក្យ​ដដែល ដាវីឌ​ក៏​បាន​ឮ​ពាក្យ​ទាំង​នោះ​ដែរ។

24. កាល​ឃើញ​កូលី‌យ៉ាត​ចេញ​មក ទាហាន​អ៊ីស្រា‌អែល​នាំ​គ្នា​រត់​ប្រសេច‌ប្រសាច ដ្បិត​គេ​ភ័យ​ខ្លាច​ជា​ខ្លាំង។

25. ទាហាន​អ៊ីស្រា‌អែល​និយាយ​គ្នា​ថា៖ «អ្នក​ឃើញ​ជន​នោះ​ទេ? វា​ចេញ​មក​សំឡុត​ពល​ទ័ព​អ៊ីស្រា‌អែល​យើង! អ្នក​ណា​សម្លាប់​វា​បាន ស្ដេច​នឹង​ប្រទាន​ទ្រព្យ​សម្បត្តិ​យ៉ាង​ច្រើន ព្រម​ទាំង​លើក​បុត្រី​ឲ្យ ហើយ​គ្រួសារ​របស់​អ្នក​នោះ​ក៏​បាន​រួច​ពន្ធ​នៅ​ស្រុក​អ៊ីស្រា‌អែល​ដែរ»។

26. យុវជន​ដាវីឌ​សួរ​ទាហាន​ដែល​នៅ​ជិត​ខ្លួន​ថា៖ «តើ​អ្នក​ដែល​សម្លាប់​ជន​ភីលីស្ទីន​នោះ ហើយ​លុប‌លាង​ការ​អាម៉ាស់​របស់​អ៊ីស្រា‌អែល នឹង​ទទួល​រង្វាន់​អ្វី? ជន​ភីលីស្ទីន​ជា​សាសន៍​មិន​កាត់​ស្បែក​នេះ​ជា​នរណា បាន​ជា​ហ៊ាន​បំបាក់​មុខ​ពល​ទ័ព​របស់​ព្រះ‌ជាម្ចាស់​ដែល​មាន​ព្រះ‌ជន្ម​គង់​នៅ​ដូច្នេះ?»។

27. ពួក​ទាហាន​ឆ្លើយ​តាម​ពាក្យ​ដែល​ស្ដេច​បាន​សន្យា​ថា នឹង​ប្រទាន​ចំពោះ​អ្នក​ដែល​វាយ​ឈ្នះ​ជន​ភីលីស្ទីន​នោះ។

28. លោក​អេលាប ជា​បង​បង្អស់ ឮ​ដាវីឌ​និយាយ​ជា​មួយ​នឹង​ពល​ទាហាន​ដូច្នេះ គាត់​ខឹង​ដាវីឌ​យ៉ាង​ខ្លាំង ហើយ​ពោល​ថា៖ «ហេតុ​អ្វី​បាន​ជា​ឯង​មក​ទី​នេះ? ឯង​ទុក​ហ្វូង​ចៀម​នៅ​វាល​រហោ‌ស្ថាន​នោះ​ឲ្យ​នរណា​មើល? អញ​ស្គាល់​ចរិត​រប៉ិល‌រប៉ូច​របស់​ឯង​ច្បាស់​ណាស់ គឺ​ឯង​មក​នេះ ដើម្បី​មើល​គេ​ច្បាំង​គ្នា​ប៉ុណ្ណោះ»។

29. យុវជន​ដាវីឌ​ឆ្លើយ​តប​ថា៖ «តើ​ខ្ញុំ​មាន​ធ្វើ​អ្វី​ខុស? ខ្ញុំ​គ្រាន់​តែ​សួរ​ប៉ុណ្ណឹង មិន​បាន​ឬ!»។

30. ដាវីឌ​បែរ​ចេញ​ពី​បង សួរ​ទាហាន​ម្នាក់​ទៀត​នូវ​សំណួរ​ដដែល​នោះ ពួក​ទាហាន​ក៏​ឆ្លើយ​តប​មក​វិញ​ដូច​ពី​មុន​ដែរ។

31. កាល​ពល​ទ័ព​ទាំង​មូល​ឮ​ពាក្យ​ទាំង​ប៉ុន្មាន​ដែល​ដាវីឌ​និយាយ គេ​ក៏​នាំ​គ្នា​ទៅ​ទូល​ព្រះ‌បាទ​សូល ហើយ​ស្ដេច​ឲ្យ​គេ​ទៅ​ហៅ​ដាវីឌ​មក។

32. ដាវីឌ​ទូល​ព្រះ‌បាទ​សូល​ថា៖ «មិន​ត្រូវ​ឲ្យ​នរណា​ម្នាក់​បាក់​ទឹក​ចិត្ត ដោយ‌សារ​តែ​ជន​ភីលីស្ទីន​នោះ​ឡើយ! ទូលបង្គំ​ជា​អ្នក​បម្រើ​របស់​ព្រះ‌ករុណា នឹង​ចេញ​ទៅ​ប្រយុទ្ធ​ជា​មួយ​វា»។

33. ស្ដេច​សូល​មាន​រាជ‌ឱង្ការ​ទៅ​កាន់​ដាវីឌ​ថា៖ «អ្នក​មិន​អាច​វាយ​ឈ្នះ​ជន​ភីលីស្ទីន​នេះ​ទេ អ្នក​នៅ​ក្មេង​ណាស់ ហើយ​វា​ជា​អ្នក​ចំបាំង​តាំង​ពី​ក្មេង​ម៉្លេះ»។

34. ដាវីឌ​ទូល​ស្ដេច​សូល​ថា៖ «ទូលបង្គំ​ធ្លាប់​ឃ្វាល​ចៀម​របស់​ឪពុក​ទូលបង្គំ ពេល​ណា​មាន​តោ ឬ​ខ្លា‌ឃ្មុំ​មក​ចាប់​កូន​ចៀម​នៅ​ក្នុង​ហ្វូង​នោះ

35. ទូលបង្គំ​ចេញ​ទៅ​តាម​វា​ភ្លាម ទូលបង្គំ​បាន​វាយ​ដណ្ដើម​យក​កូន​ចៀម​ពី​មាត់​របស់​វា​មក​វិញ។ បើ​វា​លោត​សង្គ្រប់​លើ​ទូលបង្គំ ទូលបង្គំ​ក៏​ច្បាម​ពុក​ចង្កា​វា បោក​សម្លាប់​តែ​ម្ដង។

36. ជន​ភីលីស្ទីន ជា​សាសន៍​មិន​កាត់​ស្បែក​នេះ នឹង​ត្រូវ​ស្លាប់ ដូច​តោ ឬ​ខ្លា‌ឃ្មុំ ដែល​ទូលបង្គំ​បាន​សម្លាប់​នោះ​ជា​មិន​ខាន ដ្បិត​វា​បំបាក់​មុខ​កង‌ទ័ព​របស់​ព្រះ‌ជាម្ចាស់​ដែល​មាន​ព្រះ‌ជន្ម​គង់​នៅ»។

37. ដាវីឌ​ពោល​បន្ត​ទៀត​ថា៖ «ព្រះ‌អម្ចាស់​តែងតែ​ជួយ​ទូលបង្គំ​ឲ្យ​រួច​ពី​ក្រញាំ​តោ និង​ខ្លា‌ឃ្មុំ ព្រះ‌អង្គ​មុខ​ជា​ជួយ​ទូលបង្គំ​ឲ្យ​រួច​ផុត​ពី​កណ្ដាប់​ដៃ​របស់​ជន​ភីលីស្ទីន​នេះ​មិន​ខាន»។ ឮ​ដូច្នេះ ព្រះ‌បាទ​សូល​មាន​រាជ‌ឱង្ការ​ទៅ​កាន់​ដាវីឌ​ថា៖ «ទៅ​ចុះ! សូម​ព្រះ‌អម្ចាស់​គង់​ជា​មួយ​អ្នក»។

38. ព្រះ‌បាទ​សូល​យក​អាវ​សឹក​របស់​ខ្លួន​ផ្ទាល់​មក​បំពាក់​ឲ្យ​ដាវីឌ គឺ​ទ្រង់​យក​មួក​លង្ហិន​មក​បំពាក់​លើ​ក្បាល​របស់​ដាវីឌ ព្រម​ទាំង​បំពាក់​អាវ‌ក្រោះ​ឲ្យ​ដែរ។

39. ដាវីឌ​យក​ដាវ​របស់​ព្រះ‌បាទ​សូល​មក​ស្ពាយ​លើ​អាវ​សឹក ហើយ​សាក​ល្បង​ដើរ​ល​មើល ព្រោះ​ពុំ​ដែល​បាន​ពាក់​គ្រឿង​សឹក​ដូច្នេះ​នៅ​ឡើយ។ ប៉ុន្តែ ដាវីឌ​ទូល​ព្រះ‌បាទ​សូល​ថា៖ «ជា​មួយ​គ្រឿង​សឹក​ទាំង​នេះ ទូលបង្គំ​ដើរ​មិន​រួច​ទេ ព្រោះ​ទូលបង្គំ​ពុំ​ធ្លាប់​ពាក់​សោះ»។ ដាវីឌ​ក៏​ដោះ​គ្រឿង​ទាំង​នោះ​ចោល

40. ហើយ​យក​ដំបង​មក​កាន់ រើស​ក្រួស​រលោងៗ​ប្រាំ​គ្រាប់​ពី​ក្នុង​ជ្រោះ​មក​ដាក់​ក្នុង​កូន​ថង់​មួយ រួច​ដាក់​ថង់​យាម ព្រម​ទាំង​កាន់​ខ្សែ​ដង្ហក់ ដើរ​ឆ្ពោះ​ទៅ​តទល់​នឹង​ជន​ភីលីស្ទីន។

41. រីឯ​ជន​ភីលីស្ទីន​នោះ​វិញ ក៏​ដើរ​ចូល​មក​រក​ដាវីឌ​ដែរ ដោយ​មាន​ម្នាក់​កាន់​ខែល​ដើរ​ពី​មុខ។

42. ពេល​ជន​ភីលីស្ទីន​ក្រឡេក​មើល​មក​ដាវីឌ វា​មើល‌ងាយ ព្រោះ​ឃើញ​ដាវីឌ​នៅ​ក្មេង មាន​ថ្ពាល់​ក្រហម និង​មាន​ទឹក​មុខ​ស្រស់​ល្អ។

43. ជន​ភីលីស្ទីន​នោះ​ជេរ​ដាវីឌ​ថា៖ «តើ​អញ​ជា​ឆ្កែ​ឬ បាន​ជា​ឯង​កាន់​ដំបង​មក​វាយ​អញ​ដូច្នេះ?»។ វា​ក៏​យក​នាម​ព្រះ​របស់​វា​មក​ដាក់​បណ្ដាសា​ដាវីឌ។

44. វា​ពោល​មក​កាន់​ដាវីឌ​ថា៖ «មក​ជិត​អញ​មក៍! អញ​នឹង​យក​សាច់​ឯង​ឲ្យ​ត្មាត និង​សត្វ​សាហាវ​ស៊ី!»។

45. ដាវីឌ​ឆ្លើយ​ទៅ​វិញ​ថា៖ «ឯង​កាន់​ដាវ កាន់​លំពែង និង​ស្ន មក​វាយ​អញ រីឯ​អញ​វិញ អញ​មក​វាយ​ឯង ក្នុង​នាមព្រះ‌អម្ចាស់​នៃ​ពិភព​ទាំង​មូល ជា​ព្រះ​នៃ​ពល​ទ័ព​អ៊ីស្រា‌អែល ដែល​ឯង​បាន​បំបាក់​មុខ។

46. ថ្ងៃ​នេះ ព្រះ‌អម្ចាស់​ប្រគល់​ឯង​មក​ក្នុង​កណ្ដាប់​ដៃ​អញ អញ​នឹង​ប្រហារ​ឯង ព្រម​ទាំង​កាត់​ក​ឯង​ទៀត​ផង។ ថ្ងៃ​នេះ​អញ​ក៏​យក​ខ្មោច​ទាហាន​ភីលីស្ទីន​ទៅ​ឲ្យ​ត្មាត និង​សត្វ​សាហាវ​ស៊ី​ដែរ។ ដូច្នេះ ប្រជា‌ជន​ទាំង​អស់​នៅ​លើ​ផែនដី​នឹង​ដឹង​ថា អ៊ីស្រា‌អែល​មាន​ព្រះ‌ជាម្ចាស់​ជួយ​ការពារ។

47. សហគមន៍​នៃ​ជន‌ជាតិ​អ៊ីស្រា‌អែល​ទាំង​មូល​នឹង​ដឹង​ថា ព្រះ‌អម្ចាស់​ប្រទាន​ឲ្យ​យើង​មាន​ជ័យ‌ជំនះ ពុំ​មែន​ដោយ​ដាវ ឬ​លំពែង​ទេ ដ្បិត​ព្រះ‌អម្ចាស់​ច្បាំង​ជំនួស​យើង ព្រះ‌អង្គ​នឹង​ប្រគល់​ពួក​ឯង​មក​ក្នុង​កណ្ដាប់​ដៃ​របស់​ពួក​យើង»។

48. ពេល​នោះ ជន​ភីលីស្ទីន​ដើរ​តម្រង់​ចូល​មក​រក​ដាវីឌ ដាវីឌ​ក៏​រត់​យ៉ាង​លឿន​ទៅ​តទល់​នឹង​វា។

49. ដាវីឌ​លូក​ដៃ​ក្នុង​កូន​ថង់​យ៉ាង​រហ័ស យក​ក្រួស​មួយ​គ្រាប់​មក​ដាក់​នឹង​ខ្សែ​ដង្ហក់ បាញ់​ចំ​ថ្ងាស​ជន​ភីលីស្ទីន​នោះ។ គ្រាប់​ក្រួស​ធ្លុះ​ចូល​ក្នុង​ថ្ងាស​របស់​ជន​ភីលីស្ទីន វា​ក៏​ដួល​ផ្កាប់​មុខ។

50. ដាវីឌ​វាយ​ឈ្នះ​ជន​ភីលីស្ទីន ដោយ‌សារ​ខ្សែ​ដង្ហក់ និង​ក្រួស​មួយ​គ្រាប់។ ដាវីឌ​ប្រហារ​ជន​ភីលីស្ទីន​នោះ ដោយ​ឥត​ប្រើ​ដាវ​ឡើយ។

51. ដាវីឌ​រត់​ចូល​ទៅ​ជិត​ជន​ភីលីស្ទីន ហើយ​ហូត​ដាវ​របស់​វា​ពី​ស្រោម​សម្លាប់​វា ហើយ​កាត់​ក​ផង។ ពេល​កង‌ទ័ព​ភីលីស្ទីន​ឃើញ​វីរ‌ជន​របស់​ខ្លួន​ស្លាប់​ដូច្នេះ ពួក​គេ​នាំ​គ្នា​រត់​អស់​ទៅ។

52. កង‌ទ័ព​អ៊ីស្រា‌អែល និង​កង‌ទ័ព​យូដា ក៏​ស្ទុះ​ឡើង នាំ​គ្នា​ស្រែក​ហ៊ោ ហើយ​ដេញ​តាម​ពួក​ភីលីស្ទីន​រហូត​ដល់​ច្រក​ចូល​ជ្រលង​ភ្នំ និង​រហូត​ដល់​មាត់​ទ្វារ​ក្រុង​អេក្រូន។ សាក‌សព​របស់​ពួក​ភីលីស្ទីន​ដេក​ដួល ហូរ‌ហែ​តាម​ផ្លូវ​ទៅ​ស្អារ៉ែម រហូត​ដល់​ក្រុង​កាថ និង​ក្រុង​អេក្រូន។

53. ក្រោយ​ពី​បាន​ដេញ​តាម​ពួក​ភីលីស្ទីន​រួច​ហើយ កង‌ទ័ព​អ៊ីស្រា‌អែល​វិល​មក​ប្រមូល​យក​ជយ‌ភ័ណ្ឌ​ក្នុង​កន្លែង​បោះ​ទ័ព​របស់​ពួក​ភីលីស្ទីន។

54. ដាវីឌ​យក​ក្បាល​ជន​ភីលីស្ទីន​នោះ​មក​ក្រុង​យេរូ‌សាឡឹម ហើយ​យក​គ្រឿង​សស្ត្រា‌វុធ​របស់​វា​មក​ទុក​ក្នុង​តង់ត៍​របស់​ខ្លួន។

លោក​ដាវីឌ​ចូល​គាល់​ស្ដេច​សូល

55. កាល​ព្រះ‌បាទ​សូល​ឃើញ​ដាវីឌ​ចេញ​ទៅ​ច្បាំង​តទល់​នឹង​ជន​ភីលីស្ទីន ទ្រង់​ក៏​សួរ​លោក​អប៊ី‌នើរ ជា​មេ‌ទ័ព​ថា៖ «អប៊ី‌នើរ! តើ​ក្មេង​នោះ​ជា​កូន​អ្នក​ណា?»។ លោក​អប៊ី‌នើរ​ទូល​តប​វិញ​ថា៖ «ព្រះ‌ករុណា​ថ្លៃ​វិសេស ទូលបង្គំ​មិន​ដឹង​ទាល់​តែ​សោះ»។

56. ស្ដេច​បញ្ជា​ថា៖ «សូម​លោក​សាក​សួរ​មើល យុវជន​នោះ​ជា​កូន​របស់​អ្នក​ណា?»។

57. ក្រោយ​ពី​បាន​សម្លាប់​ជន​ភីលីស្ទីន​នោះ​ហើយ ដាវីឌ​វិល​មក​វិញ។ លោក​អប៊ី‌នើរ​នាំ​គាត់​ចូល​ទៅ​គាល់​ព្រះ‌បាទ​សូល ពេល​នោះ ដាវីឌ​កាន់​ក្បាល​ជន​ភីលីស្ទីន​ទៅ​ជា​មួយ​ផង។

58. ស្ដេច​មាន​រាជ‌ឱង្ការ​សួរ​ថា៖ «អ្នក​កំលោះ​អើយ! តើ​អ្នក​ជា​កូន​នរណា?»។ ដាវីឌ​ទូល​ថា៖ «ទូលបង្គំ​ជា​កូន​របស់​លោក​អ៊ីសាយ ជា​អ្នក​បម្រើ​របស់​ព្រះ‌ករុណា នៅ​ភូមិ​បេថ្លេ‌ហិម»។