24. សូមព្រះករុណាធ្វើដូចតទៅ គឺដកស្ដេចសម្ពន្ធមិត្តទាំងអស់ចេញពីមុខតំណែង ហើយតែងតាំងចៅហ្វាយខេត្តជំនួសវិញ។
25. រីឯព្រះករុណាវិញ សូមប្រមូលទ័ពឲ្យបានច្រើន ស្មើនឹងចំនួនទ័ពដែលព្រះករុណាបានបាត់បង់ គឺមានពលទ័ពសេះ និងរទេះចំបាំងស្មើនឹងទ័ពលើកមុនដែរ។ បន្ទាប់មក យើងចេញទៅវាយលុកពួកគេនៅតំបន់វាលទំនាប នោះយើងមុខជាមានប្រៀបលើពួកគេមិនខាន»។ ស្ដេចក៏យល់ព្រមធ្វើតាមយោបល់របស់មន្ត្រីទាំងនោះ។
26. មួយឆ្នាំក្រោយមក ព្រះបាទបេនហាដាដយាងត្រួតពលទាហានស៊ីរី ហើយលើកទ័ពឆ្ពោះទៅក្រុងអាផែក ដើម្បីច្បាំងនឹងអ៊ីស្រាអែល។
27. ព្រះបាទអហាប់យាងត្រួតពលទ័ពអ៊ីស្រាអែល ហើយចែកស្បៀងអាហារឲ្យ រួចលើកទ័ពចេញទៅច្បាំងនឹងកងទ័ពស៊ីរី។ កងទ័ពអ៊ីស្រាអែលបោះជំរំទល់មុខនឹងកងទ័ពស៊ីរី។ កងទ័ពអ៊ីស្រាអែលប្រៀបបាននឹងពពែពីរហ្វូងតូចៗ រីឯកងទ័ពស៊ីរីវិញ ស្ថិតនៅពាសពេញតំបន់នោះ។
28. អ្នកជំនិតរបស់ព្រះជាម្ចាស់ចូលគាល់ស្ដេចអ៊ីស្រាអែល ហើយទូលថា៖ «ព្រះអម្ចាស់មានព្រះបន្ទូលដូចតទៅ: ដោយជនជាតិស៊ីរីពោលថាព្រះអម្ចាស់ជាព្រះនៃតំបន់ភ្នំ គឺមិនមែនជាព្រះនៃវាលទំនាបទេនោះ យើងនឹងប្រគល់កងទ័ពដ៏សន្ធឹកសន្ធាប់នេះមកក្នុងកណ្ដាប់ដៃរបស់អ្នក ហើយអ្នករាល់គ្នានឹងទទួលស្គាល់ថា យើងពិតជាព្រះអម្ចាស់មែន»។
29. កងទ័ពទាំងពីរបោះជំរំទល់មុខគ្នា អស់រយៈពេលប្រាំពីរថ្ងៃ។ នៅថ្ងៃទីប្រាំពីរ ការប្រយុទ្ធក៏កើតឡើង ហើយកងទ័ពអ៊ីស្រាអែលវាយកងពលថ្មើរជើងរបស់ជនជាតិស៊ីរី ស្លាប់អស់មួយសែននាក់ ក្នុងពេលតែមួយថ្ងៃ។