40. លោកស៊ីម៉ៃក៏ប្រញាប់ឡើងជិះលា ចេញដំណើរទៅក្រុងកាថ។ លោកទាមទារយកបាវបម្រើពីស្ដេចអគីស នាំត្រឡប់មកវិញ។
41. មានគេទូលព្រះបាទសាឡូម៉ូនថា លោកស៊ីម៉ៃបានចេញពីក្រុងយេរូសាឡឹមទៅក្រុងកាថ រួចត្រឡប់មកវិញ។
42. ព្រះរាជាក៏ចាត់គេឲ្យទៅហៅលោកស៊ីម៉ៃមក ហើយមានរាជឱង្ការថា៖ «យើងបានឲ្យលោកស្បថ ក្នុងនាមព្រះអម្ចាស់ ហើយយើងបានបញ្ជាក់ប្រាប់លោកថា ប្រសិនបើថ្ងៃណាមួយលោកចាកចេញពីទីក្រុង ទៅណាមកណា លោកមុខជាស្លាប់ពុំខាន។ លោកបានឆ្លើយមកយើងថា លោកយល់ព្រមធ្វើតាម។
43. ហេតុអ្វីបានជាលោកមិនគោរពតាមពាក្យដែលលោកបានស្បថក្នុងនាមព្រះអម្ចាស់? ហេតុអ្វីបានជាលោកមិនធ្វើតាមបទបញ្ជាដែលយើងបានបង្គាប់លោក?»។
44. ព្រះរាជាមានរាជឱង្ការទៀតថា៖ «តើលោកនឹកឃើញអំពើអាក្រក់ទាំងប៉ុន្មាន ដែលលោកបានប្រព្រឹត្តចំពោះព្រះបាទដាវីឌ ជាបិតារបស់យើងឬទេ? ព្រះអម្ចាស់នឹងដាក់ទោសលោក តាមអំពើអាក្រក់ដែលលោកបានប្រព្រឹត្ត។