9. ដ្បិតព្រះអម្ចាស់បានហាមទូលបង្គំមិនឲ្យទទួលទានអាហារ ឬទឹកទេ ហើយព្រះអង្គក៏មិនឲ្យទូលបង្គំត្រឡប់ទៅវិញ តាមផ្លូវដដែលដែរ»។
10. បន្ទាប់មក អ្នកជំនិតរបស់ព្រះជាម្ចាស់ត្រឡប់ទៅវិញ តាមផ្លូវមួយផ្សេងទៀត គឺលោកមិនត្រឡប់ទៅវិញ តាមផ្លូវដែលលោកមកបេតអែលនោះឡើយ។
11. គ្រានោះ មានព្យាការីចាស់មួយរូបរស់នៅបេតអែល។ កូនប្រុសរបស់គាត់បានរៀបរាប់អំពីព្រឹត្តិការណ៍ទាំងប៉ុន្មានដែលអ្នកជំនិតរបស់ព្រះជាម្ចាស់បានធ្វើនៅបេតអែល និងសេចក្ដីទាំងប៉ុន្មានដែលលោកបានទូលព្រះរាជា នៅថ្ងៃនោះ។
12. ឪពុកសួរកូនថា៖ «តើលោកចាកចេញទៅតាមផ្លូវណា?»។ កូនៗក៏ប្រាប់ឪពុកពីផ្លូវដែលអ្នកជំនិតរបស់ព្រះជាម្ចាស់វិលត្រឡប់ពីស្រុកយូដាទៅវិញ។
13. ពេលនោះ ឪពុកបង្គាប់ឲ្យកូនៗចងកែបលា។ កូនៗក៏ចងកែបលា ហើយឪពុកក៏ឡើងជិះ។
14. គាត់ចេញទៅតាមអ្នកជំនិតរបស់ព្រះជាម្ចាស់ ហើយតាមទាន់នៅពេលដែលលោកកំពុងអង្គុយក្រោមដើមជ្រៃ។ គាត់សួរលោកថា៖ «តើលោកជាអ្នកជំនិតរបស់ព្រះជាម្ចាស់ដែលមកពីស្រុកយូដាឬ?»។ លោកឆ្លើយថា៖ «គឺខ្ញុំនេះហើយ»។
15. គាត់ពោលថា៖ «សូមអញ្ជើញទៅពិសាអាហារនៅផ្ទះខ្ញុំសិន»។
16. លោកឆ្លើយថា៖ «ខ្ញុំមិនអាចត្រឡប់ទៅជាមួយលោក ខ្ញុំមិនអាចចូលទៅផ្ទះលោក ហើយក៏មិនអាចទទួលទានអាហារ ឬទឹកជាមួយលោកនៅទីនោះបានដែរ
17. ដ្បិតព្រះអម្ចាស់បានហាមខ្ញុំថា: “អ្នកមិនត្រូវបរិភោគអាហារ ឬទឹកនៅទីនោះទេ! ហើយក៏មិនត្រូវវិលត្រឡប់មកវិញ តាមផ្លូវដែលអ្នកទៅឡើយ”»។
18. ព្យាការីចាស់ពោលទៅអ្នកជំនិតរបស់ព្រះជាម្ចាស់ថា៖ «ខ្ញុំក៏ជាព្យាការីដែរ មានទេវតាបានមកប្រាប់ខ្ញុំ ក្នុងនាមរបស់ព្រះអម្ចាស់ដូចតទៅ: “ចូរទៅនាំគាត់មកផ្ទះអ្នក ដើម្បីឲ្យគាត់បរិភោគអាហារ និងទឹកផង”»។ តាមពិត គាត់និយាយកុហកទេ។
19. អ្នកជំនិតរបស់ព្រះជាម្ចាស់ក៏ត្រឡប់ទៅជាមួយគាត់ ហើយបរិភោគអាហារ និងទឹក នៅផ្ទះរបស់គាត់ផង។