5. ព្រះរាជាមានរាជឱង្ការថា៖ «ចូរទៅសិនចុះ ចាំបីថ្ងៃទៀត សឹមវិលមកជួបយើងវិញ»។ ប្រជាជនក៏នាំគ្នាចាកចេញទៅ។
6. ព្រះបាទរេហូបោមបានពិភាក្សាជាមួយក្រុមព្រឹទ្ធាចារ្យ ដែលជាទីប្រឹក្សារបស់ព្រះបាទសាឡូម៉ូន ជាបិតា ក្នុងគ្រាទ្រង់នៅមានព្រះជន្មនៅឡើយ ដោយសួរថា៖ «តាមយោបល់អស់លោក តើយើងត្រូវឆ្លើយដូចម្ដេចចំពោះប្រជាជននេះ?»។
7. អស់លោកព្រឹទ្ធាចារ្យទូលវិញថា៖ «ថ្ងៃនេះ ប្រសិនបើព្រះករុណាសព្វព្រះហឫទ័យបម្រើប្រជាជន បើព្រះករុណាយកចិត្តទុកដាក់នឹងគេ ហើយឆ្លើយទៅគេ ដោយព្រះហឫទ័យសប្បុរស នោះពួកគេនឹងបម្រើព្រះករុណារហូតតទៅ»។
8. ប៉ុន្តែ ព្រះបាទរេហូបោមមិនរវីរវល់នឹងយោបល់របស់ក្រុមព្រឹទ្ធាចារ្យទេ តែស្ដេចបានសួរយោបល់ពីមន្ត្រីជំនិត ដែលធ្លាប់នៅជាមួយស្ដេចតាំងពីកុមារមក។
9. ស្ដេចមានរាជឱង្ការទៅពួកគេថា៖ «ប្រជាជនបានសុំឲ្យយើងសម្រាលនឹម ដែលបិតារបស់យើងបានដាក់លើពួកគេ។ តើអស់លោកមានយោបល់ដូចម្ដេច? តាមយោបល់អស់លោក តើយើងត្រូវឆ្លើយដូចម្ដេចចំពោះប្រជាជននេះ?»។