1. ព្រះអម្ចាស់មានព្រះបន្ទូលមកខ្ញុំដូចតទៅ៖
2. «កូនមនុស្សអើយ ចូរប្រាប់ស្ដេចក្រុងទីរ៉ុសថា ព្រះជាអម្ចាស់មានព្រះបន្ទូលដូចតទៅ: អ្នកមានចិត្តព្រហើនណាស់ អ្នកហ៊ានថ្លែងថា “ខ្ញុំជាព្រះ! ខ្ញុំគង់លើបល្ល័ង្ករបស់ព្រះដែលស្ថិតនៅកណ្ដាលសមុទ្រ!”។ តាមពិត អ្នកជាមនុស្សសោះ គឺមិនមែនជាព្រះទេ តែអ្នកលើកខ្លួនឯងស្មើនឹងព្រះជាម្ចាស់។
3. អ្នកអួតខ្លួនថា មានប្រាជ្ញាជាងដានីយ៉ែល ហើយថាគ្មានការអ្វីលាក់កំបាំងចំពោះអ្នកឡើយ។
4. ដោយសារប្រាជ្ញា និងតម្រិះវៃឆ្លាត អ្នកប្រមូលទ្រព្យសម្បត្តិ មាស និងប្រាក់ យកមកទុកក្នុងឃ្លាំងរបស់ខ្លួន។
5. ដោយសារការប៉ិនប្រសប់ខាងធ្វើជំនួញ អ្នកបានបង្កើនទ្រព្យសម្បត្តិយ៉ាងសន្ធឹកសន្ធាប់ ហើយទ្រព្យសម្បត្តិទាំងនេះជំរុញឲ្យអ្នកអួតបំប៉ោង!
6. ហេតុនេះហើយបានជាព្រះជាអម្ចាស់មានព្រះបន្ទូលថា: ដោយអ្នកលើកខ្លួនស្មើនឹងព្រះដូច្នេះ
7. យើងនឹងនាំជនបរទេស ដែលកាចសាហាវក្នុងចំណោមប្រជាជាតិនានាមក ពួកគេនឹងហូតដាវបំផ្លាញស្នាដៃនៃប្រាជ្ញាដ៏វាងវៃរបស់អ្នក គេនឹងបន្ទាបបន្ថោក ព្រមទាំងបំផ្លាញភាពរុងរឿងរបស់អ្នកទៀតផង។
8. ពួកគេនឹងវាយទម្លាក់អ្នកទៅក្នុងរណ្ដៅ អ្នកនឹងត្រូវស្លាប់ ដោយគេចាក់ទម្លុះនៅកណ្ដាលសមុទ្រ។
9. នៅចំពោះមុខសត្រូវដែលប្រហារជីវិតអ្នក តើអ្នកនៅតែពោលថា “ខ្ញុំជាព្រះ” ទៀតបានឬ? ពេលអ្នកស្ថិតនៅក្នុងកណ្ដាប់ដៃរបស់ពេជ្ឈឃាត អ្នកនៅតែជាមនុស្សដដែល គឺមិនមែនជាព្រះទេ។
10. អ្នកនឹងត្រូវស្លាប់ដោយដៃជនបរទេស ដូចជនមិនស្គាល់ព្រះជាម្ចាស់ ដ្បិតយើងហើយដែលប្រកាសការនេះ» -នេះជាព្រះបន្ទូលរបស់ព្រះជាអម្ចាស់។
11. ព្រះអម្ចាស់មានព្រះបន្ទូលមកខ្ញុំថា៖
12. «កូនមនុស្សអើយ ចូរលើកបទទំនួញអំពីស្ដេចក្រុងទីរ៉ុស! ចូរប្រាប់ស្ដេចនោះថា ព្រះជាអម្ចាស់មានព្រះបន្ទូលដូចតទៅ: អ្នកជាគំរូពេញលក្ខណៈ អ្នកពោរពេញទៅដោយប្រាជ្ញាវាងវៃ ព្រមទាំងមានសម្ផស្សយ៉ាងល្អឥតខ្ចោះ។
13. អ្នកស្ថិតនៅស្រុកអេដែន ក្នុងឧទ្យានរបស់ព្រះជាម្ចាស់ដែលមានត្បូងគ្រប់មុខជាជញ្ជាំង គឺត្បូងទទឹម ត្បូងជម្ពូរ័ត្ន ត្បូងពេជ្រ ត្បូងប៊ុតលឿង ត្បូងដៃរគៀម ត្បូងមណីរ័ត្ន ត្បូងកណ្ដៀង ត្បូងនិលរ័ត្ន មរកត និងមាស។ មានស្គរ និងខ្លុយ នៅចាំលេងកំដរអ្នកជាស្រេច តាំងតែពីថ្ងៃដែលអ្នកកើតម៉្លេះ។