20. ចូរគូរផ្លូវមួយ នាំមុខដាវឆ្ពោះទៅក្រុងរ៉ាបាត ក្នុងស្រុកអាំម៉ូន និងមួយទៀតនាំទៅក្រុងយេរូសាឡឹម ក្នុងស្រុកយូដា ជាក្រុងដែលមានកំពែងរឹងមាំ។
21. ពេលស្ដេចស្រុកបាប៊ីឡូនមកដល់ត្រង់ផ្លូវបំបែក ហើយគន់គូរចង់ដឹងផ្លូវដែលត្រូវទៅ ដោយអង្រួនព្រួញផ្សង និងសួរគ្រូ។
22. ដៃស្ដាំរបស់ស្ដេចចាប់ប៉ះចំលើព្រួញតំណាងក្រុងយេរូសាឡឹម ស្ដេចក៏បញ្ជាឲ្យគេរៀបចំទ័ព ចូលទៅសម្លាប់រង្គាល ទាំងស្រែកហ៊ោ។ គេតំរៀបគ្រឿងសស្ត្រាវុធ ដើម្បីទម្លុះទ្វារក្រុង គេលើកទួលសម្រាប់វាយលុក ព្រមទាំងសង់លេណដ្ឋានទៀតផង។
23. ប្រជាជនក្រុងយេរូសាឡឹមមិនចង់ជឿប្រផ្នូលនេះទេ ព្រោះពួកគេពឹងផ្អែកលើកិច្ចសន្យា។ ប៉ុន្តែ ស្ដេចស្រុកបាប៊ីឡូនរំឭកពួកគេអំពីកំហុសរបស់ខ្លួន ហើយកៀរពួកគេទៅជាឈ្លើយសឹក»។
24. ហេតុនេះហើយបានជាព្រះជាអម្ចាស់មានព្រះបន្ទូលថា៖ «អ្នករាល់គ្នានឹកឃើញកំហុសរបស់ខ្លួន ហើយនៅតែប្រព្រឹត្តអំពើទុច្ចរិត និងអំពើបាបក្នុងគ្រប់កិច្ចការដែលអ្នករាល់គ្នាធ្វើ អ្នករាល់គ្នាមុខជាធ្លាក់ទៅក្នុងកណ្ដាប់ដៃរបស់សត្រូវមិនខាន។
25. ចំណែកឯអ្នកដែលជាមេដឹកនាំពាល និងទុច្ចរិតរបស់ជនជាតិអ៊ីស្រាអែលវិញ ថ្ងៃដែលអ្នកត្រូវទទួលទោសមកដល់ហើយ ពេលនោះ អ្នកលែងប្រព្រឹត្តអំពើទុច្ចរិតទៀត!»។
26. ព្រះជាអម្ចាស់មានព្រះបន្ទូលថា៖ «គេនឹងយកឆ្នួតចេញពីក្បាលអ្នក គេនឹងដកមកុដរាជ្យចេញពីអ្នក។ សភាពការណ៍នឹងផ្លាស់ប្រែ គឺមនុស្សទន់ទាបនឹងត្រូវគេលើកតម្កើង រីឯអ្នកខ្ពង់ខ្ពស់នឹងត្រូវគេបន្ទាបចុះវិញ។