31. រៀងរាល់ពេលដែលនាងសង់ខ្ទមនៅតាមច្រកផ្លូវ ហើយរៀបចំកន្លែងប្រព្រឹត្តអំពើពេស្យាចារគ្រប់ទិសទី នាងពុំបានទារប្រាក់ដែលស្រីពេស្យាធ្លាប់ទារនោះទេ។
32. នាងជាស្ត្រីផិតប្ដី ទៅស្រឡាញ់ប្រុសដទៃ។
33. ធម្មតា ស្រីពេស្យាតែងតែទទួលជំនូន រីឯនាង នាងបែរជាយកជំនូនទៅឲ្យសហាយរបស់ខ្លួនទៅវិញ។ នាងយកជំនូនទៅទាក់ទាញពួកគេពីគ្រប់ទីកន្លែង មករួមផិតក្បត់ជាមួយនាង។
34. នាងប្រព្រឹត្តផ្ទុយពីស្រីពេស្យាឯទៀតៗ គ្មាននរណាស្វែងរកនាង គ្មាននរណាបង់ប្រាក់នាងទេ ផ្ទុយទៅវិញ នាងបែរជាបង់ប្រាក់ឲ្យគេ គឺនាងធ្វើផ្ទុយពីអ្នកដទៃ។
35. ឥឡូវនេះ ស្រីពេស្យាអើយ ចូរស្ដាប់ព្រះបន្ទូលរបស់ព្រះអម្ចាស់!
36. ព្រះជាអម្ចាស់មានព្រះបន្ទូលដូចតទៅ: នាងបើកកេរខ្មាស យករូបកាយរបស់ខ្លួនទៅប្រព្រឹត្តអំពើពេស្យាចារជាមួយពួកសហាយរបស់នាង និងព្រះដ៏គួរស្អប់ខ្ពើមទាំងប៉ុន្មានរបស់នាង ហើយយកឈាមកូនរបស់ខ្លួនទៅសែនព្រះទាំងនោះ។
37. ហេតុនេះ យើងនឹងប្រមូលសហាយទាំងអស់ដែលពេញចិត្តនាង គឺទាំងអ្នកដែលនាងស្រឡាញ់ ទាំងអ្នកដែលនាងស្អប់ យើងនឹងប្រមូលពួកគេពីគ្រប់ទីកន្លែងឲ្យមកប្រឆាំងនឹងនាង។ យើងនឹងយកសម្លៀកបំពាក់ចេញពីនាង ហើយបើកកេរខ្មាសរបស់នាងឲ្យពួកគេឃើញ។
38. យើងនឹងដាក់ទោសនាង ដូចគេដាក់ទោសស្រីផិតប្ដី និងស្រីឃាតក យើងនឹងឲ្យគេបង្ហូរឈាមនាង តាមកំហឹង និងចិត្តប្រច័ណ្ឌរបស់យើង។
39. យើងនឹងប្រគល់នាងទៅក្នុងកណ្ដាប់ដៃសហាយរបស់នាង។ ពួកគេនឹងកម្ទេចខ្ទម ព្រមទាំងកន្លែងដែលនាងប្រព្រឹត្តអំពើពេស្យាចារ ពួកគេនឹងយកសម្លៀកបំពាក់ និងគ្រឿងអលង្ការចេញពីនាង ទុកឲ្យនាងនៅខ្លួនទទេ។
40. ពួកគេនឹងប្រមូលបណ្ដាជនមក ហើយយកដុំថ្មគប់នាង និងយកដាវចាក់ទម្លុះនាង។
41. ពួកគេនឹងដុតផ្ទះរបស់នាង ពួកគេនឹងកាត់ទោសនាងឲ្យស្រីជាច្រើនឃើញ។ យើងនឹងបញ្ឈប់អំពើពេស្យាចាររបស់នាង នាងលែងបង់ប្រាក់ឲ្យសហាយរបស់នាងទៀតហើយ។
42. ពេលដាក់ទោសនាងរួចហើយ យើងនឹងរសាយកំហឹង។ យើងលែងប្រច័ណ្ឌ យើងស្ងប់ចិត្តលែងខឹងសម្បារនឹងនាងទៀត។
43. ដោយនាងពុំបាននឹកឃើញគ្រានាងនៅពីក្មេង ហើយប្រព្រឹត្តអំពើផ្សេងៗធ្វើឲ្យយើងខឹង នោះយើងនឹងដាក់ទោសនាងតាមអំពើដែលនាងប្រព្រឹត្ត គឺនាងបានប្រព្រឹត្តអំពើដ៏គួរឲ្យស្អប់ខ្ពើម ថែមពីលើអំពើដ៏ថោកទាប - នេះជាព្រះបន្ទូលរបស់ព្រះជាអម្ចាស់។
44. អ្នកចងក្រងសុភាសិតមុខជាយកសុភាសិតមួយនេះ មកនិយាយអំពីនាងថា “ម្ដាយយ៉ាងណា កូនស្រីក៏យ៉ាងនោះដែរ!”។