7. និមិត្តហេតុដែលអ្នករាល់គ្នារៀបរាប់នោះ សុទ្ធតែឥតបានការ ហើយពាក្យដែលអ្នករាល់គ្នាទស្សន៍ទាយសុទ្ធតែកុហក! អ្នករាល់គ្នាតែងពោលថា “នេះជាព្រះបន្ទូលរបស់ព្រះអម្ចាស់!” តែយើងពុំបាននិយាយឡើយ»។
8. ហេតុនេះ ព្រះជាអម្ចាស់មានព្រះបន្ទូលដូចតទៅ៖ «ដោយអ្នករាល់គ្នាពោលតែពាក្យឥតបានការ ហើយរៀបរាប់អំពីនិមិត្តហេតុកុហក យើងនឹងដាក់ទោសអ្នករាល់គ្នា -នេះជាព្រះបន្ទូលរបស់ព្រះជាអម្ចាស់។
9. ពួកព្យាការីក្លែងក្លាយអើយ យើងនឹងប្រហារអ្នករាល់គ្នា ព្រោះអ្នករាល់គ្នារៀបរាប់អំពីនិមិត្តហេតុឥតបានការ និងទស្សន៍ទាយបោកប្រាស់។ អ្នករាល់គ្នាមិនស្ថិតនៅក្នុងចំណោមប្រជាជនរបស់យើង ហើយក៏គ្មានឈ្មោះក្នុងបញ្ជី របស់ពូជពង្សអ៊ីស្រាអែលដែរ អ្នករាល់គ្នានឹងមិនវិលត្រឡប់ទៅកាន់ទឹកដីអ៊ីស្រាអែលវិញឡើយ។ ពេលនោះ អ្នករាល់គ្នានឹងទទួលស្គាល់ថា យើងពិតជាព្រះជាអម្ចាស់មែន។
10. ព្យាការីទាំងនោះបាននាំប្រជាជនរបស់យើងឲ្យវង្វេង ដោយពោលថា មានសន្តិភាពហើយ! តែគ្មានសន្តិភាពទាល់តែសោះ។ ប្រជាជនរបស់យើងសង់ជញ្ជាំង ហើយព្យាការីទាំងនោះនាំគ្នាបូកបាយអពីលើ។
11. ចូរប្រកាសប្រាប់អ្នកបូកបាយអទាំងនោះថា: ជញ្ជាំងនេះមុខជារលំមិនខាន! ភ្លៀងនឹងបង្អុរមកយ៉ាងខ្លាំង ព្រឹលក៏ធ្លាក់មក ហើយខ្យល់ព្យុះក៏កើតមានដែរ ពេលនោះ ជញ្ជាំងនឹងរលំបាក់បែកអស់។
12. ពេលជញ្ជាំងរលំ គេនឹងសួរអ្នករាល់គ្នា តើបាយអដែលអ្នករាល់គ្នាបូកនោះទៅណាបាត់ហើយ?»។
13. ហេតុនេះព្រះជាអម្ចាស់មានព្រះបន្ទូលដូចតទៅ៖ «យើងនឹងធ្វើឲ្យមានព្យុះបក់បោកមក តាមកំហឹងដ៏ខ្លាំងក្លារបស់យើង ហើយនឹងមានភ្លៀងបង្អុរមកយ៉ាងខ្លាំង តាមកំហឹងរបស់យើង ព្រឹលនឹងធ្លាក់ចុះមកយ៉ាងសាហាវ ធ្វើឲ្យជញ្ជាំងរលំ។
14. យើងនឹងកម្ទេចជញ្ជាំងដែលអ្នករាល់គ្នាបូកបាយអពីលើ យើងនឹងធ្វើឲ្យជញ្ជាំងនោះរលំដល់ដី គ្រឹះរបស់វានឹងរលើង ហើយជញ្ជាំងរលំសង្កត់លើអ្នករាល់គ្នា។ ពេលនោះ អ្នករាល់គ្នានឹងទទួលស្គាល់ថា យើងពិតជាព្រះអម្ចាស់មែន។
15. យើងនឹងប្រព្រឹត្តចំពោះជញ្ជាំងនោះ ព្រមទាំងអស់អ្នកដែលបូកបាយអ តាមកំហឹងរបស់យើង រហូតដល់ចប់ចុងចប់ដើម។ គេនឹងពោលថា: គ្មានជញ្ជាំង គ្មានអ្នកបូកបាយអ
16. គ្មានព្យាការីរបស់ជនជាតិអ៊ីស្រាអែលទស្សន៍ទាយអំពីក្រុងយេរូសាឡឹម និងរៀបរាប់អំពីនិមិត្តហេតុដែលថាក្រុងនេះនឹងមានសន្តិភាព តែគ្មានសន្តិភាពសោះ! -នេះជាព្រះបន្ទូលរបស់ព្រះជាអម្ចាស់។