1. សុភាសិតរបស់ព្រះបាទសាឡូម៉ូនជាព្រះរាជបុត្រព្រះបាទដាវីឌ និងជាព្រះមហាក្សត្រស្រុកអ៊ីស្រាអែល។
2. សុភាសិតទាំងនេះផ្ដល់ឲ្យមនុស្សមានប្រាជ្ញា និងការចេះដឹង ដើម្បីយល់ពាក្យពេចន៍ប្រកបដោយអត្ថន័យជ្រៅជ្រះ
3. ព្រមទាំងបង្រៀនមនុស្សឲ្យចេះដឹង សុចរិត ត្រឹមត្រូវ និងមានចិត្តទៀងត្រង់
4. ហើយផ្ដល់ឲ្យមនុស្សឆោតចេះប្រុងប្រយ័ត្ន និងផ្ដល់ឲ្យយុវជនចេះគិតចេះពិចារណា។
5. សូមឲ្យអ្នកប្រាជ្ញត្រងត្រាប់ស្ដាប់ នោះគេនឹងបង្កើនចំណេះរបស់ខ្លួន។ សូមឲ្យមនុស្សឈ្លាសវៃស្រង់យកមាគ៌ា ដែលត្រូវប្រកាន់យក
6. ដូច្នេះ គេអាចយល់អំពីអត្ថន័យ ដែលមានបង្កប់នៅក្នុងសុភាសិត ឬប្រស្នា ព្រមទាំងយល់ពាក្យពេចន៍ និងពាក្យបណ្ដៅផ្សេងៗរបស់ពួកអ្នកប្រាជ្ញ។
7. ការគោរពកោតខ្លាចព្រះអម្ចាស់ជាប្រភពនៃការចេះដឹង។ មនុស្សខ្លៅតែងតែមើលងាយតម្រិះប្រាជ្ញា និងការប្រៀនប្រដៅ។
8. កូនអើយ ចូរស្ដាប់ឪពុកប្រៀនប្រដៅ ហើយត្រងត្រាប់ស្ដាប់ម្ដាយទូន្មាន
9. ដ្បិតដំបូន្មានរបស់ឪពុកម្ដាយនឹងកសាងចរិយាសម្បត្តិរបស់កូន ឲ្យបានល្អដូចមកុដ និងខ្សែកមាស។
10. កូនអើយ បើមានជនពាលមកបបួលកូនទៅប្រព្រឹត្តអំពើអាក្រក់ កុំទៅតាមគេឡើយ។