33. លោកឡាបាន់ចូលទៅក្នុងជំរំរបស់លោកយ៉ាកុប ជំរំរបស់លោកស្រីលេអា និងជំរំរបស់ស្ត្រីបម្រើទាំងពីរ តែរកមិនឃើញអ្វីសោះ។ គាត់ចេញពីជំរំរបស់លោកស្រីលេអា ចូលទៅក្នុងជំរំរបស់លោកស្រីរ៉ាជែល។
34. លោកស្រីរ៉ាជែលបានយករូបព្រះទាំងនោះដាក់នៅក្រោមកែបអូដ្ឋ ហើយអង្គុយពីលើ។ លោកឡាបាន់ឆែកមើលជំរំទាំងមូល តែរកមិនឃើញអ្វីទេ។
35. លោកស្រីរ៉ាជែលជម្រាបឪពុកថា៖ «សូមលោកម្ចាស់កុំប្រកាន់កូនធ្វើអ្វី កូនមិនអាចក្រោកនៅមុខលោកឪពុកបានទេ ព្រោះកូនមិនសូវស្រួលខ្លួន»។ លោកឡាបាន់ខំរករូបព្រះទាំងនោះ តែរកពុំឃើញឡើយ។
36. លោកយ៉ាកុបខឹងយ៉ាងខ្លាំង ហើយរករឿងលោកឡាបាន់។ លោកពោលថា៖ «តើខ្ញុំមានទោសអ្វី តើខ្ញុំធ្វើអ្វីខុសបានជាលោកឪពុកខំប្រឹងដេញតាមខ្ញុំបែបនេះ?
37. ពេលលោកឪពុកឆែកឆេរមើលឥវ៉ាន់ទាំងប៉ុន្មានរបស់ខ្ញុំ តើលោកឪពុកឃើញមានអ្វីខ្លះ ដែលជារបស់ក្រុមគ្រួសារលោកឪពុក? សូមបង្ហាញឲ្យបងប្អូនរបស់ខ្ញុំ និងបងប្អូនលោកឪពុក បានឃើញនៅទីនេះផង ដើម្បីឲ្យគេជួយអារកាត់រឿងយើងទាំងពីរ។
38. ក្នុងរយៈពេលម្ភៃឆ្នាំដែលខ្ញុំនៅជាមួយលោកឪពុក គ្មានចៀមញី ឬពពែញីណាមួយរបស់លោកឪពុក បានរលូតកូនឡើយ ខ្ញុំក៏ពុំដែលបានយកពពែឈ្មោលណាមួយក្នុងហ្វូងសត្វរបស់លោកឪពុក មកទទួលទានដែរ។
39. ខ្ញុំពុំបានយកសត្វណាដែលត្រូវសត្វព្រៃខាំសម្លាប់មកជូនលោកឪពុកវិញទេ គឺខ្ញុំតែងតែសងជានិច្ច ហើយប្រសិនបើគេលួចសត្វនៅពេលថ្ងៃក្ដី ឬយប់ក្ដី លោកឪពុកតែងចាប់ឲ្យខ្ញុំសងទាំងអស់។
40. ខ្ញុំទ្រាំទ្រនៅជាមួយហ្វូងសត្វជានិច្ច គឺត្រូវរងកម្ដៅនៅពេលថ្ងៃ ត្រូវរងានៅពេលយប់ និងត្រូវអត់ងងុយដេកមិនលក់។