1. លោកយ៉ាកុបបានឮកូនរបស់លោកឡាបាន់និយាយគ្នាថា៖ «យ៉ាកុបបានកេងយកអ្វីៗទាំងប៉ុន្មានរបស់ឪពុកយើង ហេតុនេះហើយបានជាគាត់មានទ្រព្យសម្បត្តិច្រើនយ៉ាងនេះ»។
2. លោកយ៉ាកុបសង្កេតឃើញថា លោកឡាបាន់មិនសូវរាប់រកលោកដូចមុនទៀតឡើយ។
3. ព្រះអម្ចាស់ក៏មានព្រះបន្ទូលមកលោកយ៉ាកុបថា៖ «ចូរវិលទៅស្រុកដូនតារបស់អ្នក ទៅរកញាតិសន្ដានរបស់អ្នកវិញទៅ យើងនឹងនៅជាមួយអ្នក»។
4. លោកយ៉ាកុបចាត់គេទៅហៅលោកស្រីរ៉ាជែល និងលោកស្រីលេអា ឲ្យទៅទីវាលត្រង់កន្លែងហ្វូងសត្វរបស់លោក។
5. លោកមានប្រសាសន៍ទៅលោកស្រីទាំងពីរថា៖ «បងសង្កេតឃើញថា ឪពុករបស់នាងមិនសូវរាប់រកបងដូចមុនទៀតឡើយ។ ក៏ប៉ុន្តែ ព្រះនៃឪពុករបស់បងបានគង់នៅជាមួយបង។
6. នាងទាំងពីរដឹងស្រាប់ហើយថា បងបាននៅបម្រើឪពុករបស់នាងយ៉ាងអស់ពីចិត្ត
7. តែឪពុករបស់នាងបានកេងប្រវ័ញ្ចបង ដោយផ្លាស់ប្ដូរថ្លៃឈ្នួលរបស់បងដល់ទៅដប់ដង។ ក៏ប៉ុន្តែ ព្រះជាម្ចាស់មិនបណ្តោយឲ្យគាត់បោកប្រាស់បងបានឡើយ។