1. លោកយ៉ាកុបបានឮកូនរបស់លោកឡាបាន់និយាយគ្នាថា៖ «យ៉ាកុបបានកេងយកអ្វីៗទាំងប៉ុន្មានរបស់ឪពុកយើង ហេតុនេះហើយបានជាគាត់មានទ្រព្យសម្បត្តិច្រើនយ៉ាងនេះ»។
2. លោកយ៉ាកុបសង្កេតឃើញថា លោកឡាបាន់មិនសូវរាប់រកលោកដូចមុនទៀតឡើយ។
3. ព្រះអម្ចាស់ក៏មានព្រះបន្ទូលមកលោកយ៉ាកុបថា៖ «ចូរវិលទៅស្រុកដូនតារបស់អ្នក ទៅរកញាតិសន្ដានរបស់អ្នកវិញទៅ យើងនឹងនៅជាមួយអ្នក»។
4. លោកយ៉ាកុបចាត់គេទៅហៅលោកស្រីរ៉ាជែល និងលោកស្រីលេអា ឲ្យទៅទីវាលត្រង់កន្លែងហ្វូងសត្វរបស់លោក។
5. លោកមានប្រសាសន៍ទៅលោកស្រីទាំងពីរថា៖ «បងសង្កេតឃើញថា ឪពុករបស់នាងមិនសូវរាប់រកបងដូចមុនទៀតឡើយ។ ក៏ប៉ុន្តែ ព្រះនៃឪពុករបស់បងបានគង់នៅជាមួយបង។
6. នាងទាំងពីរដឹងស្រាប់ហើយថា បងបាននៅបម្រើឪពុករបស់នាងយ៉ាងអស់ពីចិត្ត
7. តែឪពុករបស់នាងបានកេងប្រវ័ញ្ចបង ដោយផ្លាស់ប្ដូរថ្លៃឈ្នួលរបស់បងដល់ទៅដប់ដង។ ក៏ប៉ុន្តែ ព្រះជាម្ចាស់មិនបណ្តោយឲ្យគាត់បោកប្រាស់បងបានឡើយ។
8. ប្រសិនបើឪពុករបស់នាងពោលមកបងថា “សត្វដែលមានសម្បុរពពាល នឹងបានជាថ្លៃឈ្នួលរបស់ឯង” នោះសត្វទាំងអស់ក៏បង្កើតកូនសុទ្ធតែពពាល ហើយបើគាត់ពោលថា “សត្វដែលមានសម្បុរឆ្នូតៗនឹងបានជាថ្លៃឈ្នួលរបស់ឯង” នោះសត្វទាំងអស់ក៏បង្កើតកូនមកសុទ្ធតែឆ្នូតៗដែរ។
9. ព្រះជាម្ចាស់បានដកហូតហ្វូងសត្វពីឪពុករបស់នាង ហើយប្រគល់មកឲ្យបង។
10. នៅរដូវដែលសត្វតែងជាន់គ្នា បងបានឃើញក្នុងសុបិនថា សត្វឈ្មោលៗដែលជាន់សត្វញីៗនោះ សុទ្ធតែមានសម្បុរឆ្នូតៗ ពពាល និងមានពណ៌អុជៗទាំងអស់។
11. ទេវតារបស់ព្រះជាម្ចាស់ហៅបងក្នុងសុបិននោះថា “យ៉ាកុបអើយ!” បងឆ្លើយវិញថា “បាទ!”។
12. ទេវតាពោលថា “ចូរសម្លឹងមើលនុ៎ះ! សត្វឈ្មោលៗទាំងប៉ុន្មានដែលជាន់សត្វញីៗ សុទ្ធតែមានសម្បុរឆ្នូតៗ ពពាល និងមានពណ៌អុជៗទាំងអស់។ យើងឃើញអំពើដែលឡាបាន់ប្រព្រឹត្តចំពោះអ្នកហើយ
13. យើងជាព្រះនៅបេតអែល គឺនៅកន្លែងដែលអ្នកបានចាក់ប្រេងលើស្តូបថ្មមួយ ថែមទាំងបានបន់ស្រន់ទៀតផង។ ឥឡូវនេះ ចូរក្រោកឡើង ចាកចេញពីស្រុកនេះ វិលទៅកាន់ស្រុកកំណើតរបស់អ្នកវិញទៅ”»។
14. លោកស្រីរ៉ាជែល និងលោកស្រីលេអា ពោលទៅលោកយ៉ាកុបវិញថា៖ «ឪពុកយើងមិនឲ្យយើងមានចំណែកមត៌កអ្វី នៅក្នុងក្រុមគ្រួសារគាត់ទៀតទេ។
15. គាត់ក៏បានចាត់ទុកយើងដូចជាអ្នកដទៃដូច្នោះដែរ គឺគាត់បានលក់យើងទាំងពីរនាក់ ហើយយកប្រាក់របស់យើងថែមទៀត!
16. ទ្រព្យសម្បត្តិទាំងប៉ុន្មានដែលព្រះជាម្ចាស់បានដកហូតពីឪពុករបស់យើងនោះ សុទ្ធតែជាទ្រព្យសម្បត្តិរបស់យើង និងកូនចៅយើងហើយ។ ដូច្នេះ សូមបងធ្វើតាមសេចក្ដីទាំងប៉ុន្មាន ដែលព្រះជាម្ចាស់មានព្រះបន្ទូលប្រាប់បងទៅ»។
17. លោកយ៉ាកុបក្រោកឡើងនាំកូន និងប្រពន្ធ ជិះអូដ្ឋចេញដំណើរទៅ។
18. លោកនាំហ្វូងសត្វរបស់លោក ព្រមទាំងទ្រព្យសម្បត្តិដែលលោករកបានទាំងប៉ុន្មាន គឺហ្វូងសត្វដែលលោករកបាននៅស្រុកប៉ាដាន់អើរ៉ាម។ លោកធ្វើដំណើរត្រឡប់ទៅរកលោកអ៊ីសាក ជាឪពុក នៅស្រុកកាណានវិញ។