3. គេថ្វាយខ្លាញ់ទាំងអស់ កន្ទុយ និងខ្លាញ់ដែលជាប់ពោះវៀន
4. ក្រលៀនទាំងពីរ និងខ្លាញ់ដែលជាប់ក្រលៀនរហូតដល់ចង្កេះ ព្រមទាំងអ្វីៗជាប់នឹងថ្លើម ដែលគេផ្ដាច់ចេញមកជាមួយក្រលៀន។
5. លោកបូជាចារ្យដុតចំណែកទាំងនោះលើអាសនៈ ជាតង្វាយដុត នៅចំពោះព្រះភ័ក្ត្រព្រះអម្ចាស់។ នេះជាយញ្ញបូជាលោះបាប។
6. ក្នុងក្រុមគ្រួសាររបស់បូជាចារ្យ មានតែប្រុសៗប៉ុណ្ណោះដែលមានសិទ្ធិបរិភោគសាច់នេះ។ គេត្រូវបរិភោគសាច់នេះនៅកន្លែងដ៏សក្ការៈ ព្រោះជាតង្វាយដ៏វិសុទ្ធបំផុត។
7. ក្រឹត្យវិន័យទាំងប៉ុន្មានស្ដីអំពីយញ្ញបូជាលោះបាប ក៏ដូចក្រឹត្យវិន័យស្ដីអំពីយញ្ញបូជារំដោះបាបដែរ។ សាច់របស់សត្វត្រូវបានជាចំណែករបស់បូជាចារ្យ ដែលធ្វើពិធីរំដោះបាប»។
8. «ប្រសិនបើបូជាចារ្យថ្វាយតង្វាយដុតទាំងមូលរបស់នរណាម្នាក់ ស្បែកសត្វដែលគេថ្វាយនោះ ត្រូវបានជាចំណែករបស់បូជាចារ្យ។
9. តង្វាយម្សៅទាំងអស់ ទោះបីនំដែលដុតក្នុងឡ ឬដុតក្នុងពុម្ព ឬនំចៀន ត្រូវបានជាចំណែករបស់បូជាចារ្យដែលធ្វើពិធីនោះ។
10. រីឯតង្វាយម្សៅទាំងប៉ុន្មាន ដែលលាយជាមួយប្រេង ឬមិនទាន់លាយក្ដី ត្រូវបានជាចំណែកស្មើៗគ្នា សម្រាប់កូនទាំងអស់របស់អើរ៉ុន»។
11. «នេះជាក្រឹត្យវិន័យស្ដីអំពីយញ្ញបូជាមេត្រីភាព ដែលគេថ្វាយព្រះអម្ចាស់។
12. ប្រសិនបើនរណាម្នាក់ថ្វាយតង្វាយ សម្រាប់សម្តែងការអរព្រះគុណ ត្រូវយកនំធ្វើពីម្សៅឥតមេ លាយជាមួយប្រេង នំក្រៀប លាយជាមួយប្រេង និងធ្វើពីម្សៅម៉ដ្ដលាយជាមួយប្រេង មកថ្វាយជាមួយយញ្ញបូជាសម្រាប់អរព្រះគុណ។
13. គេត្រូវយកនំប៉័ងដែលមានមេមកថ្វាយ រួមជាមួយយញ្ញបូជាមេត្រីភាពសម្រាប់អរព្រះគុណដែរ។
14. ត្រូវរំលែកនំដែលគេយកមកថ្វាយ ក្នុងប្រភេទនីមួយៗយកនំមួយ ទុកសម្រាប់ព្រះអម្ចាស់ គឺជាចំណែករបស់បូជាចារ្យ ដែលធ្វើពិធីប្រោះឈាមសត្វ ថ្វាយជាយញ្ញបូជាមេត្រីភាព។
15. រីឯសាច់សត្វដែលគេថ្វាយជាយញ្ញបូជាមេត្រីភាព សម្រាប់អរព្រះគុណ ត្រូវតែបរិភោគឲ្យអស់នៅថ្ងៃនោះ គឺមិនត្រូវទុកឲ្យនៅសល់រហូតដល់ស្អែកឡើយ។