15. ប៉ុន្តែ បើអ្នករាល់គ្នាមិនពេញចិត្តគោរពបម្រើព្រះអម្ចាស់ទេ ចូរជ្រើសរើសយកព្រះណាមួយ ដែលអ្នករាល់គ្នាពេញចិត្តនឹងគោរពបម្រើនៅថ្ងៃនេះទៅ គឺមានព្រះដែលបុព្វបុរស*របស់អ្នករាល់គ្នាធ្លាប់គោរពបម្រើនៅខាងនាយទន្លេអឺប្រាត ឬព្រះរបស់ជនជាតិអាម៉ូរី នៅក្នុងស្រុកដែលអ្នករាល់គ្នាស្នាក់នៅនេះជាដើម។ រីឯខ្ញុំ និងក្រុមគ្រួសាររបស់ខ្ញុំវិញ យើងនឹងគោរពបម្រើព្រះអម្ចាស់»។
16. ប្រជាជនឆ្លើយដូចតទៅ៖ «យើងខ្ញុំនឹងមិនបោះបង់ចោលព្រះអម្ចាស់ ទៅគោរពបម្រើព្រះដទៃទៀតជាដាច់ខាត!
17. ដ្បិតមានតែព្រះអម្ចាស់នេះហើយជាព្រះនៃយើងខ្ញុំ ព្រះអង្គបាននាំយើងខ្ញុំ និងបុព្វបុរសរបស់យើងខ្ញុំ ចាកចេញពីស្រុកអេស៊ីប ជាស្រុកដែលយើងខ្ញុំធ្លាប់ធ្វើជាទាសករ។ ព្រះអង្គបានសម្តែងការអស្ចារ្យធំៗឲ្យយើងខ្ញុំឃើញច្បាស់នឹងភ្នែក គឺព្រះអង្គបានរក្សាការពារយើងខ្ញុំតាមផ្លូវ ដែលយើងខ្ញុំធ្វើដំណើរឆ្លងកាត់ទឹកដីរបស់ជាតិសាសន៍នានា។
18. ព្រះអម្ចាស់បណ្ដេញប្រជាជនទាំងប៉ុន្មានចេញពីមុខយើងខ្ញុំ ជាពិសេស ជនជាតិអាម៉ូរីដែលរស់នៅក្នុងស្រុកនេះ។ យើងខ្ញុំក៏ចង់គោរពបម្រើព្រះអម្ចាស់ដែរ ដ្បិតព្រះអង្គជាព្រះនៃយើងខ្ញុំ»។
19. លោកយ៉ូស្វេមានប្រសាសន៍ទៅកាន់ប្រជាជនថា៖ «អ្នករាល់គ្នាមិនអាចគោរពបម្រើព្រះអម្ចាស់បានទេ ដ្បិតព្រះអង្គជាព្រះដ៏វិសុទ្ធ ហើយព្រះអង្គមិនសព្វព្រះហឫទ័យឲ្យអ្នករាល់គ្នាគោរពព្រះមួយណាទៀតឡើយ ព្រះអង្គមិនអាចអត់ទោសចំពោះការបះបោរ និងអំពើបាបរបស់អ្នករាល់គ្នាទេ។
20. ប្រសិនបើអ្នករាល់គ្នាបោះបង់ចោលព្រះអម្ចាស់ ហើយងាកទៅគោរពបម្រើព្រះដទៃទៀត ព្រះអង្គនឹងបែរមកដាក់ទោសអ្នករាល់គ្នា ធ្វើឲ្យអ្នករាល់គ្នាវិនាសសាបសូន្យ ថ្វីដ្បិតតែព្រះអង្គធ្លាប់ប្រទានពរដល់អ្នករាល់គ្នារួចមកហើយក៏ដោយ»។
21. ប្រជាជនឆ្លើយតបទៅលោកយ៉ូស្វេវិញថា៖ «ទេ! យើងខ្ញុំគោរពបម្រើព្រះអម្ចាស់តែមួយព្រះអង្គប៉ុណ្ណោះ»។