1. លោកយ៉ូស្វេបានប្រមូលកុលសម្ព័ន្ធទាំងអស់របស់ជនជាតិអ៊ីស្រាអែលឲ្យមកជួបជុំគ្នានៅស៊ីគែម ហើយលោកក៏បានកោះហៅក្រុមព្រឹទ្ធាចារ្យ ក្រុមអ្នកដឹកនាំ ក្រុមចៅក្រម និងនាយក្រុមរបស់ជនជាតិអ៊ីស្រាអែលឲ្យអញ្ជើញមកផងដែរ។ ពួកគេជួបជុំនៅចំពោះព្រះភ័ក្ត្រព្រះជាម្ចាស់។
2. លោកយ៉ូស្វេមានប្រសាសន៍ទៅកាន់ប្រជាជនទាំងមូលថា៖ «ព្រះអម្ចាស់ ជាព្រះរបស់ជនជាតិអ៊ីស្រាអែល មានព្រះបន្ទូលថា “ពីដើម បុព្វបុរសរបស់អ្នករាល់គ្នា គឺថេរ៉ា ជាឪពុករបស់អប្រាហាំ និងណាហ៊រ រស់នៅខាងនាយទន្លេអឺប្រាត ហើយគោរពបម្រើព្រះដទៃ។
3. យើងបាននាំអប្រាហាំ ជាបុព្វបុរសរបស់អ្នករាល់គ្នា ពីត្រើយខាងនាយទន្លេអឺប្រាតមក ឲ្យដើរកាត់ស្រុកកាណានទាំងមូល យើងធ្វើឲ្យកូនចៅរបស់គាត់កើនចំនួនច្រើនឡើង ហើយយើងក៏បានឲ្យគាត់បង្កើតអ៊ីសាកដែរ។
4. យើងបានឲ្យអ៊ីសាកបង្កើតយ៉ាកុប ព្រមទាំងអេសាវ ហើយប្រគល់ឲ្យអេសាវកាន់កាប់តំបន់ភ្នំសៀរ។ រីឯយ៉ាកុប និងកូនៗរបស់គាត់បាននាំគ្នាចុះទៅនៅស្រុកអេស៊ីប។
5. បន្ទាប់មក យើងចាត់ម៉ូសេ និងអើរ៉ុនឲ្យមក ហើយយើងបានប្រហារអ្នកស្រុកអេស៊ីប ដោយសារគ្រោះកាច ដែលយើងធ្វើនៅក្នុងចំណោមពួកគេ រួចយើងនាំប្រជាជនរបស់អ្នករាល់គ្នាចេញពីស្រុកនោះ។
6. យើងបាននាំបុព្វបុរសរបស់អ្នករាល់គ្នាចេញពីស្រុកអេស៊ីប មកដល់សមុទ្រ។ ជនជាតិអេស៊ីបដេញតាមរហូតដល់សមុទ្រកក់ មានទាំងរទេះចំបាំង និងទ័ពសេះមកជាមួយផង។
7. បុព្វបុរសរបស់អ្នករាល់គ្នាបានស្រែកអង្វរយើង យើងក៏ដាក់ពពក*ដ៏ក្រាស់នៅចន្លោះបុព្វបុរសរបស់អ្នករាល់គ្នា និងជនជាតិអេស៊ីប ហើយយើងធ្វើឲ្យទឹកសមុទ្រគ្របពីលើជនជាតិអេស៊ីប លិចលង់អស់ទៅ។ អ្នករាល់គ្នាដឹងច្បាស់ហើយថា យើងបានប្រព្រឹត្តបែបណាចំពោះជនជាតិអេស៊ីប។ ប្រជាជនរបស់អ្នករាល់គ្នារស់នៅវាលរហោស្ថានអស់រយៈពេលដ៏យូរលង់។
8. បន្ទាប់មក យើងនាំអ្នករាល់គ្នាមកដល់ទឹកដីរបស់ជនជាតិអាម៉ូរី ដែលនៅខាងកើតទន្លេយ័រដាន់។ ជនជាតិអាម៉ូរីធ្វើសង្គ្រាមជាមួយអ្នករាល់គ្នា តែយើងបានប្រគល់ពួកគេមកក្នុងកណ្ដាប់ដៃរបស់អ្នករាល់គ្នា ហើយអ្នករាល់គ្នាក៏កាន់កាប់ទឹកដីរបស់គេ។ យើងបានប្រល័យពួកគេឲ្យបាត់អស់ពីមុខអ្នករាល់គ្នា។
9. ស្ដេចបាឡាក់ជាបុត្ររបស់ស្ដេចស៊ីបព័រ ដែលគ្រងរាជ្យនៅស្រុកម៉ូអាប់ បានលើកទ័ពមកច្បាំងនឹងជនជាតិអ៊ីស្រាអែល។ ស្ដេចបានចាត់គេឲ្យទៅហៅបាឡាម ជាកូនរបស់បេអ៊រ មកដាក់បណ្ដាសាអ្នករាល់គ្នា។
10. ប៉ុន្តែ យើងមិនព្រមស្ដាប់ពាក្យបាឡាមទេ គឺគាត់បែរជាឲ្យពរអ្នករាល់គ្នាវិញ ហើយយើងក៏បានរំដោះអ្នករាល់គ្នាឲ្យរួចផុតពីកណ្ដាប់ដៃរបស់ស្ដេចបាឡាក់។
11. អ្នករាល់គ្នាបានឆ្លងទន្លេយ័រដាន់ មកដល់ក្រុងយេរីខូ។ មេដឹកនាំក្រុងយេរីខូ ដោយមានជនជាតិអាម៉ូរី ជនជាតិពេរិស៊ីត ជនជាតិកាណាន ជនជាតិហេត ជនជាតិគើកាស៊ី ជនជាតិហេវី និងជនជាតិយេប៊ូស រួមជាមួយផង បានប្រយុទ្ធតទល់នឹងអ្នករាល់គ្នា ប៉ុន្តែ យើងប្រគល់ពួកគេមកក្នុងកណ្ដាប់ដៃរបស់អ្នករាល់គ្នា។
12. យើងបានប្រើសត្វឪម៉ាល់ឲ្យទៅមុនអ្នករាល់គ្នា ដើម្បីដេញកំចាត់ស្ដេចទាំងពីរនៃជនជាតិអាម៉ូរី ឲ្យរត់ចេញពីអ្នករាល់គ្នា។ អ្នករាល់គ្នាមានជ័យជំនះមិនមែនដោយសារដាវ ឬធ្នូរបស់អ្នករាល់គ្នាឡើយ។
13. យើងបានប្រគល់ស្រុកមួយឲ្យអ្នករាល់គ្នា ដោយអ្នករាល់គ្នាមិនបាននឿយហត់ភ្ជួររាស់ អ្នករាល់គ្នាមានទីក្រុងស្នាក់នៅដោយអ្នករាល់គ្នាមិនបានសង់ ហើយអ្នករាល់គ្នាបរិភោគផ្លែទំពាំងបាយជូរ និងផ្លែអូលីវ ពីចម្ការដែលអ្នករាល់គ្នាមិនបានដាំ”»។
14. លោកយ៉ូស្វេមានប្រសាសន៍ទៀតថា៖ «ឥឡូវនេះ ចូរកោតខ្លាចព្រះអម្ចាស់ និងគោរពបម្រើព្រះអង្គ ឲ្យអស់ពីចិត្ត និងដោយស្មោះត្រង់បំផុត។ ចូរដកយកព្រះដទៃដែលបុព្វបុរសរបស់អ្នករាល់គ្នាធ្លាប់គោរពបម្រើ នៅខាងនាយទន្លេអឺប្រាត និងនៅស្រុកអេស៊ីបនោះចោលទៅ ហើយនាំគ្នាគោរពបម្រើព្រះអម្ចាស់។