13. ពួកគេទាញខ្សែពួរ លើកលោកយេរេមាឡើងពីអណ្ដូងមក ហើយលោកយេរេមាក៏ស្ថិតនៅក្នុងបន្ទាយកងរក្សាស្ដេចនោះ។
14. ព្រះបាទសេដេគាបានចាត់គេឲ្យទៅអញ្ជើញព្យាការីយេរេមាមកគាល់ នៅក្លោងទ្វារទីបីនៃព្រះដំណាក់របស់ព្រះអម្ចាស់។ ស្ដេចមានរាជឱង្ការទៅកាន់លោកយេរេមាថា៖ «ខ្ញុំសុំសួរលោកនូវសំណួរតែមួយ កុំលាក់អ្វីនឹងខ្ញុំឲ្យសោះ!»។
15. លោកយេរេមាទូលព្រះបាទសេដេគាថា៖ «ប្រសិនបើទូលបង្គំទូលសេចក្ដីពិតថ្វាយព្រះករុណា ព្រះករុណាពិតជាប្រហារជីវិតទូលបង្គំមិនខាន។ ប្រសិនបើទូលបង្គំថ្វាយយោបល់ ក៏ព្រះករុណាមិនស្ដាប់ទូលបង្គំដែរ»។
16. ព្រះបាទសេដេគាមានរាជឱង្ការស្បថជាសម្ងាត់ មកលោកយេរេមាថា៖ «ខ្ញុំសូមស្បថក្នុងនាមព្រះអម្ចាស់ ជាព្រះដ៏មានព្រះជន្មគង់នៅ ហើយដែលបានប្រទានជីវិតមកយើងថា ខ្ញុំនឹងមិនប្រហារជីវិតលោក ឬប្រគល់លោកទៅក្នុងកណ្ដាប់ដៃរបស់អស់អ្នកដែលចង់ប្រហារជីវិតលោកឡើយ»។
17. លោកយេរេមាក៏ទូលស្ដេចថា៖ «ព្រះអម្ចាស់ជាព្រះនៃពិភពទាំងមូល និងជាព្រះនៃជនជាតិអ៊ីស្រាអែល មានព្រះបន្ទូលដូចតទៅ: ប្រសិនបើព្រះករុណាចេញទៅសុំចុះចូលនឹងពួកមេទ័ពរបស់ស្ដេចស្រុកបាប៊ីឡូន ព្រះករុណានឹងបានរួចជីវិត ហើយក្រុងនេះនឹងមិនត្រូវគេដុតកម្ទេចចោលឡើយ រីឯព្រះករុណា ព្រមទាំងរាជវង្សក៏នឹងរស់រានមានជីវិតដែរ។