5. បច្ចាមិត្តមានប្រៀបលើនាងខ្មាំងសត្រូវរបស់នាងរស់នៅយ៉ាងសុខសាន្ត ព្រះអម្ចាស់បានធ្វើឲ្យនាងរងទុក្ខវេទនាព្រោះតែអំពើបាបដ៏ច្រើនរបស់នាងកូនចៅរបស់នាងត្រូវបច្ចាមិត្តចាប់យកទៅជាឈ្លើយ។
6. ក្រុងស៊ីយ៉ូនបានបាត់បង់ភាពរុងរឿងរបស់ខ្លួនពួកមន្ត្រីរបស់នាងប្រៀបបាននឹងប្រើសដែលរកវាលស្មៅស៊ីលែងបានទៀត។ពួកគេចាកចេញទៅ ទាំងបាក់កម្លាំងនៅមុខសត្រូវដែលដេញតាម។
7. នៅគ្រាមានទុក្ខវេទនា តែលតោលយេរូសាឡឹមនឹកឃើញអ្វីៗដ៏ថ្លៃថ្នូរដែលនាងធ្លាប់មានកាលពីមុន។ពេលប្រជាជនរបស់នាងធ្លាក់ក្នុងកណ្ដាប់ដៃសត្រូវ គ្មាននរណាមកជួយទេបច្ចាមិត្តបានឃើញ ហើយនាំគ្នាសើចចំអកព្រោះនាងត្រូវវិនាសបាត់បង់។
8. យេរូសាឡឹមប្រព្រឹត្តអំពើបាបជាច្រើនហេតុនេះហើយបានជានាងក្លាយទៅជាមិនបរិសុទ្ធ*អស់អ្នកដែលធ្លាប់តែសរសើរនាងកាលពីមុនបែរជានាំគ្នាមើលងាយនាងដោយឃើញនាងនៅខ្លួនទទេនាងយំថ្ងូរ ហើយដកខ្លួនថយ។
9. ភាពស្មោកគ្រោកស្ថិតនៅជាប់នឹងសំពត់របស់នាងនាងពុំបានគិតដល់ហេតុការណ៍ដែលនឹងកើតមានចំពោះនាងនាងផុងខ្លួនជ្រៅពេកគ្មាននរណាអាចសម្រាលទុក្ខនាងឡើយ។«ឱព្រះអម្ចាស់អើយ សូមទតមកទុក្ខវេទនារបស់ខ្ញុំម្ចាស់ផងសត្រូវមានជ័យជំនះលើខ្ញុំម្ចាស់ហើយ!»
10. សត្រូវរឹបអូសយកអ្វីៗដ៏មានតម្លៃរបស់នាងនាងឃើញប្រជាជាតិនានាចូលមកក្នុងទីសក្ការៈរបស់ព្រះអម្ចាស់គឺប្រជាជាតិដែលព្រះអង្គបានហាមមិនឲ្យចូលក្នុងអង្គប្រជុំរបស់ព្រះអង្គឡើយ។
11. ប្រជាជនទាំងមូលនាំគ្នាយំថ្ងូរគេចង់បានអាហារបរិភោគគេយកអ្វីៗដ៏មានតម្លៃទៅដូរអាហារបរិភោគដើម្បីឲ្យបានរស់រានមានជីវិត។ ព្រះអម្ចាស់អើយ សូមទតមកខ្ញុំម្ចាស់ផងខ្ញុំម្ចាស់អាម៉ាស់មុខខ្លាំងណាស់!