1. លោកម៉ូសេឃ្វាលហ្វូងសត្វរបស់លោកយេត្រូ ជាឪពុកក្មេករបស់លោក និងជាបូជាចារ្យនៅស្រុកម៉ាឌាន។ លោកនាំហ្វូងសត្វទៅខាងនាយវាលរហោស្ថាន រហូតដល់ភ្នំហោរែប ជាភ្នំរបស់ព្រះជាម្ចាស់។
2. នៅទីនោះ ទេវតា*របស់ព្រះអម្ចាស់បង្ហាញខ្លួនក្នុងអណ្ដាតភ្លើង ដែលឆេះចេញពីកណ្ដាលគុម្ពោត ឲ្យលោកឃើញ។ លោកឃើញភ្លើងចេញពីគុម្ពោត តែគុម្ពោតមិនឆេះទេ។
3. លោកម៉ូសេក៏គិតថា៖ «ខ្ញុំនឹងឆៀងទៅមើលអព្ភូតហេតុនេះ ហេតុអ្វីបានជាគុម្ពោតមិនឆេះ?»។
4. ព្រះអម្ចាស់ឃើញលោកម៉ូសេឆៀងចូលមកជិតដូច្នេះ ព្រះអង្គហៅលោកពីក្នុងគុម្ពោតថា៖ «ម៉ូសេអើយ! ម៉ូសេ!»។ លោកម៉ូសេទូលឆ្លើយថា៖ «ក្រាបទូល!»។
5. ព្រះអង្គមានព្រះបញ្ជាថា៖ «កុំមកជិតកន្លែងនេះ! ចូរដោះស្បែកជើងចេញ ដ្បិតកន្លែងដែលអ្នកឈរនេះជាដីដ៏វិសុទ្ធ។
6. យើងជាព្រះដែលឪពុកអ្នកតែងគោរពបម្រើ គឺព្រះរបស់អប្រាហាំ អ៊ីសាក និងយ៉ាកុប»។ លោកម៉ូសេខ្ទប់មុខ ព្រោះមិនហ៊ានមើលព្រះជាម្ចាស់។