4. ស្ដេចចង់បង្ហាញរាជ្យទ្រព្យដ៏ស្ដុកស្ដម្ភ និងភាពថ្លៃថ្នូរវិសេសនៃរាជសម្បត្តិដ៏ថ្កុំថ្កើងរុងរឿងរបស់ស្ដេច តាមរយៈពិធីជប់លៀង ក្នុងអំឡុងពេលមួយរយប៉ែតសិបថ្ងៃ។
5. នៅចុងបញ្ចប់នៃពិធីជប់លៀងនេះ ស្ដេចបានរៀបចំពិធីជប់លៀងមួយទៀត ក្នុងទីធ្លាឧទ្យាននៃព្រះបរមរាជវាំងចំនួនប្រាំពីរថ្ងៃ។ ប្រជាជនទាំងមូលនៅរាជធានីស៊ូសាន ទាំងអ្នកធំ ទាំងអ្នកតូច អាចចូលរួមបាន។
6. គេចងក្រណាត់ទេសឯកពណ៌ស និងពណ៌ខៀវ លាយនឹងក្រណាត់ធ្វើពីអំបោះពណ៌ស និងពណ៌ស្វាយ ភ្ជាប់ទៅនឹងខ្សែពណ៌ស និងពណ៌ក្រហមទុំ។ គេដោតខ្សែនោះទៅក្នុងកងធ្វើអំពីប្រាក់ ហើយចងភ្ជាប់ទៅនឹងសសរធ្វើអំពីថ្លើមថ្ម។ រីឯគ្រែសម្រាប់អង្គុយបរិភោគធ្វើពីមាស និងប្រាក់ ដាក់នៅលើកំរាលធ្វើពីថ្មកែវ ថ្លើមថ្ម ខ្យងដាំ និងថ្មខ្មៅ។
7. គេដាក់ស្រានៅក្នុងពែងមាស ដែលមានក្បាច់រចនាប្លែកៗគ្នា។ ស្ដេចឲ្យគេយកស្រាមកចាក់ជូនភ្ញៀវយ៉ាងបរិបូណ៌។
8. ភ្ញៀវអាចពិសាស្រាតាមចិត្ត ដោយមិននឹកខ្លាចខ្វះខាតអ្វីឡើយ គឺស្ដេចបញ្ជាឲ្យរាជបម្រើចាក់ស្រាជូន តាមតែភ្ញៀវចង់បាន។
9. រីឯព្រះមហាក្សត្រិយានីវ៉ាសធីវិញ ក៏រៀបចំជប់លៀងដោយឡែក សម្រាប់ពួកស្ត្រីនៅក្នុងវាំងរបស់ព្រះចៅអហាស៊ូរុសដែរ។
10. នៅថ្ងៃទីប្រាំពីរ សុរាបានធ្វើឲ្យព្រះចៅអហាស៊ូរុសមានព្រះហឫទ័យសប្បាយក្រៃលែង។ ស្ដេចបង្គាប់លោកមហ៊ូម៉ាន លោកប៊ីសថា លោកហារបូណា លោកប៊ីគថា លោកអបាគថា លោកសេថារ និងលោកកើកាស ជាមហាតលិកទាំងប្រាំពីររូប ដែលនៅបម្រើស្ដេច
11. ឲ្យយាងព្រះមហាក្សត្រិយានីវ៉ាសធីមកគាល់ស្ដេច ទាំងពាក់មកុដរាជ្យ ដើម្បីបង្ហាញឲ្យប្រជាជន និងមេដឹកនាំឃើញរូបឆោមរបស់ព្រះនាង ដ្បិតព្រះនាងមានរូបឆោមស្រស់ស្អាតណាស់។
12. ប៉ុន្តែ ព្រះមហាក្សត្រិយានីពុំព្រមយាងមក តាមបញ្ជារបស់ស្ដេច ដែលពួកមហាតលិកបានទូលថ្វាយឡើយ។ ពេលនោះ ព្រះរាជាពិរោធយ៉ាងខ្លាំង។
13. ស្ដេចក៏សួរយោបល់ពីពួកហោរាចារ្យ ដែលជាអ្នកមានភារកិច្ចជួយដោះស្រាយរឿងរបស់ស្ដេច ព្រោះពួកគេស្គាល់ពិធីការ និងទំនៀមទម្លាប់។
14. អ្នកទាំងនោះមាន: លោកកើសេណា លោកសេថារ លោកអ័ឌម៉ាថា លោកតើស៊ីស លោកម៉េរ៉េស លោកម៉ាសេណា លោកមមូកាន ជាមេដឹកនាំទាំងប្រាំពីររូបរបស់ជនជាតិមេឌី និងជនជាតិពែរ្ស ដែលជាអ្នកជំនិតរបស់ស្ដេច ហើយមានមុខតំណែងដ៏ខ្ពង់ខ្ពស់នៅក្នុងរាជាណាចក្រ។
15. ព្រះចៅអហាស៊ូរុសសួរថា ក្នុងករណីដែលព្រះមហាក្សត្រិយានីវ៉ាសធី ពុំព្រមធ្វើតាមបញ្ជារបស់ស្ដេច ដែលពួកមហាតលិកបានទូលថ្វាយដូច្នេះ តើត្រូវយកច្បាប់អ្វីមកអនុវត្ត។
16. លោកមមូកានមានប្រសាសន៍នៅចំពោះមុខស្ដេច និងមេដឹកនាំថា៖ «ព្រះមហាក្សត្រិយានីមិនបានធ្វើខុសចំពោះព្រះរាជាប៉ុណ្ណោះទេ តែកំហុសនេះក៏ប៉ះពាល់ដល់ពួកមេដឹកនាំ និងប្រជាជនទាំងអស់ ក្នុងអាណាខេត្តទាំងប៉ុន្មាន ដែលនៅក្រោមការគ្រប់គ្រងរបស់ព្រះចៅអហាស៊ូរុសដែរ
17. ដ្បិតរឿងរបស់ព្រះមហាក្សត្រិយានីនឹងលេចឮដល់ស្ត្រីទាំងអស់។ ពេលពួកគេឮថាព្រះចៅអហាស៊ូរុស ចេញបញ្ជាឲ្យយាងព្រះមហាក្សត្រិយានីមកគាល់ស្ដេច ហើយព្រះនាងមិនធ្វើតាម ពួកគេក៏នឹងមើលងាយប្ដីរបស់ខ្លួនដែរ។
18. ឥឡូវនេះ ភរិយារបស់មេដឹកនាំទាំងឡាយនៃជនជាតិពែរ្ស និងជនជាតិមេឌី ឮដំណឹងថា ព្រះមហាក្សត្រិយានីមិនស្ដាប់បង្គាប់ព្រះករុណា ពួកគេមុខជាធ្វើបែបនេះចំពោះស្វាមីរបស់ខ្លួនដែរ ជាហេតុបណ្ដាលឲ្យស្វាមីមានកំហឹង ព្រោះតែភរិយាមើលងាយ។
19. ប្រសិនបើព្រះករុណាសព្វព្រះហឫទ័យ សូមចេញរាជប្រកាសមួយ ដែលពុំអាចប្រែប្រួល ដូចមានចែងទុកក្នុងច្បាប់របស់ជនជាតិពែរ្ស និងជនជាតិមេឌី គឺហាមព្រះមហាក្សត្រិយានីវ៉ាសធី មិនឲ្យចូលមកជួបព្រះភ័ក្ត្រព្រះករុណារហូតតទៅ ហើយសូមព្រះករុណាផ្ទេរតំណែងរបស់ព្រះនាងទៅឲ្យព្រះមហេសីមួយអង្គទៀត ដែលប្រសើរជាងព្រះនាង។
20. ពេលណាប្រជាជនដឹងអំពីសេចក្ដីសម្រេចដ៏សំខាន់ ដែលព្រះរាជាប្រកាសក្នុងរាជាណាចក្រទាំងមូល ស្ត្រីទាំងអស់មុខជាគោរពប្ដីរបស់ខ្លួន តាំងពីអ្នកធំរហូតដល់អ្នកតូច»។
21. ព្រះរាជាសព្វព្រះហឫទ័យនឹងយោបល់នេះណាស់ ហើយពួកមេដឹកនាំក៏ពេញចិត្តដែរ។ ព្រះរាជាក៏ធ្វើតាមសំណើរបស់លោកមមូកាន